ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ការ​ផ្តល់​តម្លៃ​ហួស​ហេតុ​ដល់​បុណ្យ​ប្រពៃណី​គេ អាច​ប៉ះពាល់​វប្បធម៌​និង​អត្តសញ្ញាណ​ជាតិ​ខ្មែរ

សំឡេង ០៤:៤៣
ជ្រូកខ្វៃ ​ដាក់​តាំង​លក់​នៅ​តាម​ដង​ផ្លូវ​ និ​ង​នៅ​តាម​ទីផ្សារ​ ក្នុង​ឪកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​ ដែល​ទើប​តែ​បាន​បញ្ចប់​កាល​ពីម្សិល​មិញ​នេះ។
ជ្រូកខ្វៃ ​ដាក់​តាំង​លក់​នៅ​តាម​ដង​ផ្លូវ​ និ​ង​នៅ​តាម​ទីផ្សារ​ ក្នុង​ឪកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​ ដែល​ទើប​តែ​បាន​បញ្ចប់​កាល​ពីម្សិល​មិញ​នេះ។ RFI/ Siv Channa
ដោយ៖ ញឹម សុផល
២៩ នាទី

ទោះ​ជា​មាន​ការ​ណែនាំ​ពី​ក្រសួង​អប់រំ​យ៉ាង​ណា​ក៏​ដោយ ក៏​ភាព​អសកម្ម​នៃ​ការ​សិក្សា​នៅ​តាម​សាលា​រៀន​ជា​ច្រើន នៅ​តែ​មាន​ស្ថានភាព​ដដែល មិន​ខុស​គ្នា​ពី​ឆ្នាំ​មុន​ៗ​នោះ​ទេ។ ថ្នាក់​រៀន​នីមួយ​ៗ ជា​ពិសេស​នៅ​កំរិត​បឋម​សិក្សា និង​មធ្យម​សិក្សា​ទុតិយភូមិ នៅ​តែ​មាន​សកម្មភាព​រៀន និង​បង្រៀន​បែប​រកេត​រកូត។ ការ​ឲ្យ​តម្លៃ​ទៅ​លើ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​ខ្លាំង​ពេក​នៅ​ប្រទេស​ខ្មែរ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​អប់រំ ធនធាន​មនុស្ស និង​ប៉ះពាល់​ដល់​អត្តសញ្ញាណ​ជាតិ​ខ្មែរ​ទាំង​មូល។

ផ្សាយពាណិជ្ជកម្ម

ចាប់​តាំង​ពី​ថ្ងៃ​ទី​៧​កុម្ភៈ ដែល​ជា​ថ្ងៃ​សែន​ចូល​ឆ្នាំ​ចិន​កន្លង​មក ថ្នាក់​រៀន​នីមួយ​ៗ​មាន​សិស្ស​មក​រៀន​មិន​ពេញ​ថ្នាក់ ថ្នាក់​ខ្លះ​មាន​សិស្ស​បាត់​គ្រូ ថ្នាក់​ខ្លះ​មាន​គ្រូ​បាត់​សិស្ស។ ស្ថានភាព​បែប​នេះ​ បាន​ក្លាយ​ជា​ទម្លាប់​តាំង​ពី​យូរ​យារ​ណាស់​មក​ហើយ ហើយ​មើល​ទៅ​ប្រហែល​ជា​មិន​អាច ដោះស្រាយ​បាន​ភ្លាម​ៗ​ទេ ខណៈ​ដែល​ក្រសួង​អប់រំ​បាន​ប្រឹង​ប្រែង​ធ្វើ​កំណែ​ទម្រង់​ចាប់​តាំង​ពី​ដើម​អាណត្តិ​ទី​៥​នៃ​រដ្ឋាភិបាល។​

ភាព​អសកម្ម ការ​ឈប់​សម្រាក​តាម​រយៈ​បុណ្យ​ចូល​ឆ្នាំ​ចិន ពិត​ជា​មាន​ផល​ប៉ះពាល់​ជា​ទូទៅ ក៏​ប៉ុន្តែ​វិស័យ​អប់រំ​ត្រូវ​គេ​មើល​ឃើញ​ថា​ជា​រឿង​គ្រោះថ្នាក់​ដល់​អនាគត​កូន​ខ្មែរ ប្រសិន​បើ​ស្ថាន​ភាព​នេះ​នៅ​តែ​បន្ត ហើយ​មាន​ការ​យឺត​យ៉ាវ​ក្នុង​ការ​កែ​ប្រែ​នោះ។

សព្វ​ថ្ងៃ​នៅ​ក្នុង​ចំណោម​យុវជន និង​សិស្សានុសិស្ស​ ព្រម​ទាំង​ជាតិ​ខ្មែរ​ទាំង​មូល បាន​បង្កប់​នូវ​មោទនភាព​ចំនួន​២​ចំណុច។ ចំណុច​ទី​១ គឺ​មោទនភាព​ដោយ​មាន​ឈ្មោះ​ថា​ខ្មែរ​ជា​ពូជ​ពង្ស​អ្នក​កសាង​អង្គរ និង​ចំណុច​ទី​២ មោទនភាព​ដោយ​បាន​ជាប់​សែ​សាលាយ​ចិន​ដែល​អស្ចារ្យ​ជាង​ខ្មែរ​សុទ្ធ រឺ​កូន​កាត់​ចិន។ តែ​មោទនភាព​ចំណុច​ទី​២​នេះ គឺ​ជា«ទំយើ​សង្គម»​ដ៏​អស្ចារ្យ​មួយ​ភ្លេច​ខ្លួន​នៅ​ក្នុង​សង្គម​ខ្មែរ។

ជារួម អ្វី​ដែល​ប៉ះពាល់​ដោយសារ​ការ​ប្រារព្ធ​បុណ្យ​ចូល​ឆ្នាំ​ចិន​នៅ​ក្នុង​ទឹកដី​ខ្មែរ​នោះ គឺ​វប្បធម៌​និង​អត្តសញ្ញាណ​ជាតិ។ ព្រោះ​ថា​ពេល​ចូល​ឆ្នាំ​ចិន​ម្តង​ៗ ម្នាក់​ៗ​ហាក់​ដូច​ភ្លេច​ថា​ជា​ប្រទេស​ខ្មែរ​ ហើយ​រូបភាព​មើល​ទៅ​ប្រៀប​បាន​នឹង​ប្រទេស​រណប​របស់​ចិន​ដូច្នោះ​ដែរ។ តំលៃ​នេះ​ខុស​ពី​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​អាស៊ាន ដូចជា​សិង្ហបុរី​ជា​ដើម ដែល​គេ​តម្រូវ​ឲ្យ​លា​សញ្ជាតិ​ដើម​សិន មុន​នឹង​សុំ​ចូល​សញ្ជាតិ​សិង្ហបុរី។

ទាក់ទង​ទៅ​នឹង​វិស័យ​អប់​រំ​វិញ គឺ​ប្រសិទ្ធភាព​និង​គុណភាព​អប់​រំ​ពិត​ជា​ប៉ះពាល់ តែ​មិន​មាន​ការ​បារម្ភ​ធ្ងន់ធ្ងរ​ដូចជា​ការ​ខ្លាច​បាត់​បង់​វប្បធម៌​និង​អត្តសញ្ញាណ​ជាតិ​ទេ។ មែន​ហើយ​ជា​រូបភាព​ បន្ថែម​ពី​ជាតិ​សាសន៍​និង​វប្បធម៌ ចិន​កំពុង​មាន​ឥទ្ធិពល​ខ្លាំង​ជាង​ប្រទេស​នានា នៅ​ក្នុង​ទំនាក់​ទំនង​មិត្តភាព​និង​នយោបាយ​ជាមួយ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន។ ក៏​ប៉ុន្តែ​ទាំង​អស់​នេះ មិន​មែន​មាន​ន័យ​ថា​ជា​ការ​លើក​ឡើង​ដើម្បី​ប្រឆាំង​ចិន​នោះ​ទេ។ គឺ​គ្រាន់​តែ​ជា​ការ​រំលឹក​ដាស់​តឿន​ដើម្បី​ជា​ការ​ពិចារណា​ទាំង​អស់​គ្នា​ប៉ុណ្ណោះ។

ដូចជា​ករណី​សិស្ស​មួយ​ចំនួន ឈប់​សម្រាក​មិន​ទៅ​រៀន គ្រូ​ខ្លះ​មិន​ទៅ​បង្រៀន ឬ​ទៅ​ដែរ​តែ​បង្រៀន​ច្បោល​ៗ នៅ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន ដែល​មាន រយៈ​ពេល​យ៉ាង​តិច​ក៏​មួយ​សប្តាហ៍​ដែរ​នោះ បាន​ក្លាយ​ទៅ​ជា​ទម្លាប់​ទៅ​ហើយ។ ស្ថាន​ភាព​បែប​នេះ​បាន​កើត​ទំ​នៅ​ក្នុង​សង្គម​ខ្មែរ​ក៏​យូរ​ដែរ។ ដូចនេះ ការ​ដែល​ចង់​កែ​ទម្លាប់​ទាំង​នេះ ដែល​ស្រុក​ខ្មែរ​តែ​កត់​សម្គាល់​ថា​«ទម្លាប់​ធំ​ជាង​ច្បាប់​នោះ» ក៏​ចាំ​បាច់​ត្រូវ​ការ​ពេល​វេលា​យូរ​ដូច​គ្នា​ដែរ រួម​ផ្សំ​នឹង​ការ​អប់​រំ​បន្តិច​ម្តង​ៗ​ប្រកប​ដោយ​ការ​ព្យាយាម។

ការ​កែប្រែ​និង​អប់រំ​ជា​ពិសេស​ដល់​យុវជន​ជំនាន់​ក្រោយ ឲ្យ​ងាក​មក​ផ្តល់​តម្លៃ​ដល់​ជាតិ​ខ្មែរ​វិញ​ ឲ្យ​សក្តិសម​នឹង​ស្បត​ពាណិជ្ជកម្ម គក់​ទ្រូង​ចង់​ធ្លុះ​ក្នុង​ការ​ឃោសនា​ស្រាបៀរស្រា ហើយ​ស្រែក​ថា«មោទនភាព​ជាតិ​ខ្មែរ» និង​ស្បត​ផ្សព្វផ្សាយ​ចេញ​ពី​ប្រទេស​កម្ពុជា​ថា«ព្រះ​រាជា​ណាចក្រ​អច្ឆរិយៈ» ដល់​ភ្ញៀវ​ទេសចរណ៍​ផង​ដែរ។

លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន​នោះ ដូចជា​នៅ​ក្នុង​វិស័យ​អប់រំ សិស្សានុសិស្ស​ត្រូវ​ចៀសវាង​ក្នុង​ការ​ឈប់​សម្រាក​អត់​សណ្តាប់​ធ្នាប់ ពង្រឹង​វិន័យ គោរព​និង​អនុវត្ត​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​នូវ​ច្បាប់​រដ្ឋ​ ហើយ​ថ្នាក់​ដឹកនាំ កុង្សី សេនាបតី លោក្រូ អ្នកគ្រូ គួរ​ធ្វើ​ជា​គំរូ​គេ ចៀសវាង​ការ​លើក​ទឹក​ចិត្ត​បន្ថែម ដែល​បង្កើត​បាន​ស្ថានភាព «រុញ​ទូក​បណ្តោយ​ទឹក» យូរ​ៗ​ទៅ ពិបាក​នឹង​ទាញ​ឡើង​គោក​វិញ​ណាស់។

វា​មិន​មែន​ជា​ការ​ប្រសើរ​ទេ ដែល​ប្រទេស​កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​ជា​ប្រទេស​ដែល​ឈប់​សម្រាក​សាធារណៈ​ប្រចាំ​ឆ្នាំ​ច្រើន​ជាង​គេ ក្នុង​មួយ​ឆ្នាំ​មាន​រហូត​ដល់​ទៅ​២៧ ឬ​២៨​ថ្ងៃ។ ហើយ​បើ​បន្ថែម​ការ​ឈប់​សម្រាក​ក្រៅ​ផ្លូវ​ការណ៍​ដូចជា​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន​ដា​ដើម​នោះ នោះ​កម្ពុជា​មាន​ពេល​វេលា​ឈប់​សម្រាក​ជាង​មួយ​ខែ​ទៅ​ហើយ ខណៈ​ប្រទេស​នេះ​នៅ​ជា​ប្រទេស​ក្រីក្រ ​និង​មាន​ធនធាន​មនុស្ស មិន​ច្រើន​នៅ​ឡើយ។

ដោយ​ឡែក​ក្រសួង​អប់រំ​ថ្វី​ត្បិត​តែ​បាន​ធ្វើ​ការ​មួយ​ជំហ៊ាន មុន​ថ្ងៃ​ចូល​ឆ្នាំ​ចិន​ចូល​មក​ដល់ ហើយ​​មិន​មាន​ប្រសិទ្ធិ​ភាព​នោះ អាច​នឹង​មាន​វិធាន​ការ​បន្ថែម​ទៀត ដោយ​រឹត​បន្តឹង​ចំ​ថ្ងៃ​បុណ្យ តាម​រយៈ​ការ​ដាក់​កាល​បរិច្ឆេទ​ប្រលង​នានា។ ក៏​ប៉ុន្តែ​គេ​មិន​អាច​ភ្លេច​ពី​ការ​ចូល​រួម​ពី​អាណា​ព្យាបាល​សិស្ស​ដែរ ព្រោះ​ថា​អាណាព្យាបាល​សិស្ស​ជា​អ្នក​រួម​ចំណែក​មួយ​ផ្នែក​ដែរ​ក្នុង​ការ​ទាក់​ទាញសិស្ស​ឲ្យ​អវត្តមាន ដោយសារ​តែ​ការ​ចាក​ចេញ​ទៅ​កំសាន្ត​នៅ​តាម​តំបន់​ទេសចរណ៍​នានា​ជា​ ​ ទម្លាប់។ ម្យ៉ាង​ទៀត ដើម្បី​លើក​តម្កើង​មោទនភាព​ជាតិ​ខ្មែរ​ឡើង​វិញ​នោះ គេ​ក៏​អាច​រៀប​ចំ​ពិធី​អ្វី​មួយ ដែល​រំលឹក​ដល់​ស្នាដៃ​បុព្វបុរស​ខ្មែរ​ពី​សម័យ​អង្គរ ជំនួស​ឲ្យ​ថ្ងៃ​ចូល​ឆ្នាំ​ចិន នៅ​ចំ​ថ្ងៃ​ចូល​ឆ្នាំ​ចិន​ក៏​ថា​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI