យីហោហាងជនជាតិចិនពីរកន្លែងនៅព្រះសីហនុ ត្រូវបានអាជ្ញាធរកម្ពុជារុះរើចោលព្រោះសរសេរមិនត្រឹមត្រូវ
ចុះផ្សាយនៅថ្ងៃ៖
ក្រសួងពាណិជ្ជកម្មកម្ពុជា រួមជាមួយអាជ្ញាធរខេត្តព្រះសីហនុ កាលពីថ្ងៃទី២៦ ម្សិលមិញនេះ បានចុះទៅរុះរើចោលស្លាកយីហោហាងរបស់ជនជាតិចិនពីរកន្លែងនៅក្នុងក្រុងព្រះសីហនុ។ ការរុះរើនេះ ធ្វើឡើងក្រោមហេតុផលសរសេរជាភាសាខ្មែរមិនត្រឹមត្រូវ ហើយវាក៏ត្រូវបានធ្វើឡើង បន្ទាប់ពីសាធារជនខ្មែរបានរិះគន់យ៉ាងខ្លាំងទៅលើការសរសេរឈ្មោះហាងជាភាសាខ្មែរមិនត្រឹមត្រូវនេះជាបន្តបន្ទាប់នៅលើបណ្ដាញសង្គមហ្វេសប៊ុក។
ហាងរបស់ជនជាតិចិនទាំងពីរដែលត្រូវបានអាជ្ញាធរកម្ពុជាចុះរុះរើស្លាកយីហោចោលនេះ គឺទីមួយហាងលក់សម្លៀកបំពាក់ឈ្មោះថា «ក្មេងស្រីជនជាតិចិន» និងទី២ គឺហាងលក់ម្ហូបអាហារឈ្មោះថា «តូបលក់សាច់កម្ពុជា»។ អាជ្ញាធរកម្ពុជាបានអះអាងថា ការចុះទម្លាក់ស្លាកយីហោអាជីវកម្មទាំងនេះ គឺបន្ទាប់ពីបានពិនិត្យឃើញថាហាងទាំងពីរបានប្រើប្រាស់ពាក្យពេចន៍ខ្មែរមិនត្រឹមត្រូវដែលបានមកពីការបកប្រែភាសាអង់គ្លេសរបស់ជនជាតិចិនដែលជាម្ចាស់ហាង។ ម្យ៉ាងវិញទៀត ហាងរបស់ជនជាតិចិនទាំងពីរនេះ គឺពុំមានច្បាប់អនុញ្ញាតប្រកបអាជីវកម្មពីមន្ទីរពាណិជ្ជកម្មខេត្ត ក៏ដូចជាច្បាប់អនុញ្ញាតពីស្ថាប័នពាក់ព័ន្ធផ្សេងទៀតនោះឡើយ។
ជាការកត់សម្គាល់ ចំណាត់ការរបស់អាជ្ញាធរកម្ពុជានេះ ធ្វើឡើងក្រោយពីសាធារណជនបានប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុករិះគន់ឥតឈប់ឈរចំពោះការសរសរឈ្មោះហាងមិនត្រឹមត្រូវជាភាសាខ្មែររបស់ជនជាតិចិនមួយចំនួនដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា ជាពិសេស នៅក្នុងខេត្តព្រះសីហនុនេះតែម្តង។ ប៉ុន្តែចំណាត់ការលើបញ្ហានេះ គឺអាជ្ញាធរកម្ពុជាបានត្រឹមតែចុះរុះរើស្លាកយីហោហាងចោល ហើយបានណែនាំពីនីតិវិធីចុះបញ្ជីដែលត្រឹមត្រូវប៉ុណ្ណោះ ដោយមិនមានចាត់វិធានការណាមួយបន្ថែមនោះទេ។
យ៉ាងណាក៏ដោយ អ្នកឃ្លាំមើលបញ្ហាសង្គមកម្ពុជាបានចាត់ទុកវិធានការរបស់អាជ្ញាធរនាពេលនេះថា គឺជំហានទីមួយ ប៉ុន្តែពួកគេចង់ឱ្យស្វែងរកឱ្យឃើញពីឫសគល់នៃការសរសេរខុសភាសាខ្មែរនេះ។ លោកបណ្ឌិតមាស នី អ្នកសិក្សាស្រាវជ្រាវ ដើម្បីការអភិវឌ្ឍសង្គមបានដាក់បន្ទុកបញ្ហានេះទៅលើអាជ្ញាធរដែលបានអនុញ្ញាតឱ្យជនជាតិចិនបើកហាង និងលើកស្លាកយីហោសរសេរខុសបែបនេះ។ សម្រាប់លោកមាស នី អាជ្ញាធរកម្ពុជាត្រូវតែចាត់ការលើរឿងនេះឱ្យម៉ឺងម៉ាត់ ព្រោះបើនៅតែបន្តសរសេរខុសបែបនេះតទៅទៀត គឺវាបង្ហាញពីការគ្រប់គ្រងមិនគ្រប់ជ្រុងជ្រោយរបស់អាជ្ញាធរ។
ចំណែក លោកបណ្ឌិតឈត ប៊ុនថង មន្ដ្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍នៃរាជបណ្ឌិតសភាកម្ពុជាវិញយល់ថា ដើម្បីទប់ស្កាត់ការសរសេរភាសាខ្មែរខុសនៅលើស្លាកយីហោហាងនានានេះឱ្យមានប្រសិទ្ធិភាពនោះ អាជ្ញាធរកម្ពុជាត្រូវរៀបចំឱ្យមានច្បាប់កំណត់មួយអំពីបញ្ហានេះ។ បន្ថែមលើនេះ ក៏ត្រូវមានការសហការអនុវត្តរួមគ្នាជាមួយអាជ្ញាធរខេត្ត ក្រុងនានានៅទូទាំងប្រទេស។
សូមបញ្ជាក់ថា ការចុះរុះរើស្លាកយីហោហាងជនជាតិចិនទាំងពីរនេះ មិនមែនជារឿងថ្មីថ្មោងនោះទេ ពោល គឺកន្លងមក អាជ្ញាធរខេត្តព្រះសីហនុក៏តែងតែចុះរុះរើ និង អប់រំណែនាំដល់ម្ចាស់ហាងដែលសរសេរឈ្មោះហាងខុសនេះដែរ។ គិតត្រឹមចុងឆ្នាំ២០១៨កន្លងទៅ អាជ្ញាធរខេត្តព្រះសីហនុបានចុះរុះរើស្លាកយីហោហាងដែលសរសេរភាសាខ្មែរមិនត្រឹមត្រូវបានជិត១ពាន់ករណីមកហើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ