អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

សប្បាយ​នឹង​បុណ្យ​គ្រឹស្តសាសនា កុំភ្លេច​បុណ្យ​ព្រះពុទ្ធ​សាសនា

សំឡេង ០៤:៤៤
ផ្សារ​ទំនើប​អ៊ីអន ​បាន​ធ្វើ​ការ​តុបតែង​លម្អ​រូបភា​ព​សម្រាប់​ពិធី​បុណ្យ​គ្រឹស្ត​ម៉ាស ​និង​មាន​ការ​បញ្ចុះ​តម្លៃ​លើ​ផលិត​ផល​ប្រើប្រាស់​ជា​ច្រើន​មុខ។​
ផ្សារ​ទំនើប​អ៊ីអន ​បាន​ធ្វើ​ការ​តុបតែង​លម្អ​រូបភា​ព​សម្រាប់​ពិធី​បុណ្យ​គ្រឹស្ត​ម៉ាស ​និង​មាន​ការ​បញ្ចុះ​តម្លៃ​លើ​ផលិត​ផល​ប្រើប្រាស់​ជា​ច្រើន​មុខ។​ @AEON Mall Phnom Penh
ដោយ៖ ឃុត សុខឿន
៣១ នាទី

បុណ្យ​គ្រិស្ត​ម៉ាស ឬ​បុណ្យ​ណូអែល គឺ​ជា​ពិធី​បុណ្យ​ដ៏​ធំ​មួយ​ដែល​អ្នក​កាន់​សាសនា​គ្រឹស្ត ​តែងតែ​ប្រារព្ធ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ។ នៅ​កម្ពុជា ដែល​ជា​ប្រទេស​កាន់​ព្រះពុទ្ធ​សាសនា​ឯ​ណេះ​វិញ ពុទ្ធសាសនិក​ជន​ជំនាន់​ថ្មី​របស់​ខ្លួន​ក៏​បាន​ចូលរួម​ប្រារព្ធ និង​អបអរ​សាទរ​ពិធី​បុណ្យ​នេះ​យ៉ាង​គគ្រឹក​គគ្រេង។ គ្រិស្ត​ម៉ាស ក្លាយ​ជា​ពិធី​បុណ្យ​ដែល​គេ​ទន្ទឹង​រង់​ចាំ​រៀង​រាល់​ដំណាច់​ឆ្នាំ​ម្តង​ៗ​ និង​ក្លាយ​ជា​ប្រធានបទ​នៃ​ការ​កម្សាន្ត​សប្បាយ​ រិត​ចំណង​មេត្រីភាព និង​ជា​ប្រធាន​បទ​នៃ​ការ​ធ្វើ​អាជីវកម្ម​ផង​ដែរ។

ផ្សាយពាណិជ្ជកម្ម

 

ជា​រៀង​រាល់​ឆ្នាំ នៅ​ថ្ងៃ​ទី ២៥ ខែធ្នូ អ្នក​កាន់​គ្រិស្តាសាសនា​ តែង​ប្រារព្ធ​ពិធី​បុណ្យ​គ្រិស្តម៉ាស ឬ​បុណ្យ​ណូអែល ដែល​ជា​ខួប​កំណើត​របស់​ព្រះ​យ៉េស៊ូគ្រិស្ត។

បុណ្យ​គ្រិស្តម៉ាស ឬ​បុណ្យ​ណូអែល ត្រូវ​បាន​ចាប់​ផ្តើម​ប្រារព្ធ​ធ្វើ​ប្រមាណ​ជា ២០០ឆ្នាំ ក្រោយ​គ្រិស្ត​សករាជ។ ដោយ​គ្រិស្តម៉ាស នៅ​ជាប់​នឹង​បុណ្យ​រដូវ​រងា ដែល​ជា​ឱកាស​សប្បាយ​រីករាយ​ របស់​ជនជាតិ​ជា​ច្រើន ក្នុង​តំបន់​ត្រជាក់ បុណ្យ​នេះ​ក៏​ចេះ​តែ​កើន​ប្រជាប្រិយភាព​ខ្លាំង​ឡើង​ៗ ចាប់​ពី​សតវត្សរ៍ ទី ៤ រៀង​មក​ ។

នៅ​កម្ពុជា ការ​មក​ដល់​របស់​ជនជាតិ​អឺរ៉ុប​ ដែល​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​គ្រិស្ត នា​សតវត្សរ៍​ទី​១៦ គឺ​ជា​​ចំណុច​ចាប់​ផ្តើម​នៃ​បុណ្យគ្រិស្តម៉ាស ឬ​បុណ្យ​ណូអែល។ ប៉ុន្តែ​រហូត​មក​ដល់ សម័យ​ព្រះរាជាណាចក្រ​កម្ពុជា​ទី​១ ពិធី​បុណ្យ​នេះ​នៅ​ពុំ​ទាន់​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង​នៅ​ឡើយ​ទេ។ 

គឺ​នៅ​សម័យ​ព្រះរាជាណាចក្រ​កម្ពុជា​ទី​២​នេះ​ហើយ ដែល​បុណ្យ​គ្រិស្តម៉ាស ចាប់​ផ្តើម​អុក​ឡុក​ផ្លូវ​ចិត្ត​ ពុទ្ធសាសនិក​ជន​ជំនាន់​ថ្មី ពិសេស​អ្នក​ដែល​នៅ​តាម​ទី​ប្រជុំជន និង​ទីក្រុង។ បើ​តាម​ការ​សង្កេត​របស់​មជ្ឈដ្ឋាន​ទូទៅ ពិធី​បុណ្យ​នេះ មិន​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​នោះ​ទេ តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​សាសនា ប៉ុន្តែ​គឺ​ការ​ផ្សព្វ​ផ្សាយ​ដោយ​មិន​ដឹង​ខ្លួន​តាម​រយៈ​សាលា​ភាសា​ឯកជន​ទេ ដែល​ធ្វើ​អោយ​ពិធី​បុណ្យ​នេះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍ ជា​ពិសេស​ពី​កុមារ​ខ្មែរ​តូចៗ និង​ពួក​យុវជន។

ជាមួយ​គ្នា​នេះ​ដែរ អ្នក​ជំនួញ នាំ​គ្នា​បង្កើត​កម្មវិធី​ផ្សេង​ៗ ផលិត​សម្ភារៈ​ប្លែក​ៗ ដំឡើង​រូបភាព​ផ្សេង​ៗ​ដែល​មាន​តុបតែង​លម្អ​ដោយ​ភ្លើង​ពណ៌ ដើម្បី​ទាក់​ទាញ ពួក​កុមារ​និង​យុវជន ក្នុង​ឱកាស​បុណ្យ​គ្រិស្តម៉ាស​នេះ ​។ ដោយ​មិន​បាន​គិត​វែង​ឆ្ងាយ ឬ​ដោយ​យល់​ថា ជា​សម័យ​នៃ​សកលភាវូបនីយកម្ម​ ម៉ាស៊ីន​ឃោសនា​ផ្សេង​ៗ បាន​ជួយ​ផ្សព្វផ្សាយ​បន្ថែម ដើម្បី​អោយ​ពិធី​បុណ្យ​នេះ​ចូល​ជ្រួត​ជ្រាប​កាន់​តែ​ខ្លាំង​ទៅ​ក្នុង​ដួង​ចិត្ត​ពលរដ្ឋ​ខ្មែរ។

សូម​រំលឹក​ថា តាំង​ពី​ដើម​សតវត្ស​ទី20​មក ពួក​អ្នក​ឧស្សាហកម្ម​និង​អ្នក​ជំនួញ នាំ​គ្នា​បង្កើត​បុណ្យ​ទាន​ ចេញ​ជា​រឿង​ប្រឌិត​ផ្សេង​ៗ ដើម្បី​លក់​ទំនិញ​ឲ្យ​ដាច់។ ឯ​យើង​មួយ​ភាគ​ធំ​ ដែល​តែង​តែ​ចង់​បាន​នេះ ចង់​បាន​នោះ ក៏​ជឿ​ស្លុង ហើយ​នាំ​គ្នា​ទទួល​ធ្វើ រហូត​ជា​ប្រពៃណី​ទំនៀម​ទម្លាប់​តៗ​មក។

ដូច​ពលរដ្ឋ​នៅ​ប្រទេស​ខ្លះ​ដែរ ប្រជាពលរដ្ឋ​មួយ​ចំនួន​នៃ​ប្រទេស​កម្ពុជា បាន​ចាត់​ទុក​ដូច​បុណ្យ​គ្រិស្តម៉ាស​នេះ ជា​បុណ្យ​សំរាប់​ក្មេង​ៗ​ក្នុង​គ្រួសារ ហើយ​ពិធី​បុណ្យ​នេះ​ក្លាយ​ជា​រឿង​ធម្មតា សម្រាប់​ការ​ទិញ​វត្ថុ​អនុស្សាវរីយ៍​ជូន​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ដើម។ នៅ​ទី​បំផុត​ទៅ វា​បាន​ក្លាយ​ជា​ប្រធាន​បទនៃ​ការ​កម្សាន្ត​សប្បាយ រិត​ចំណង​មេត្រីភាព និង​ជា​ប្រធាន​បទ​នៃ​ការ​ធ្វើ​អាជីវកម្ម​ផង​ដែរ។

ផ្ទុយ​ពី​ពិធី​បុណ្យ​គ្រិស្តម៉ាស ពិធី​បុណ្យ​ព្រះពុទ្ធ​សាសនា​ធំ​ៗ​មួយ​ចំនួន មិន​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី ពុទ្ធសាសនិក​ជន​ខ្មែរ ជា​ពិសេស​ពុទ្ធសាសនិកជន​ជំនាន់​ថ្មី​នោះ​ទេ។ ជា​ឧទាហរណ៍​ជាក់​ស្តែង  ពិធី​បុណ្យ​វិសាខ​បូជា ដែល​ប្រារព្ធ​ឡើង​ដើម្បី​រំលឹក​ដល់​ការ​ប្រសូត ការ​ត្រាស់​ដឹង និង​ការ​ចូល​បរិនិព្វាន របស់​ព្រះ​សម្មា​សម្ពុទ្ធ ដែល​ជា​បរមគ្រូ​នៃ​យើង មាន​តែ​មនុស្ស​ចាស់​ទេ ដែល​ចាប់​អារម្មណ៍ និង​ប្រតិបត្តិ។ យុវជន​ខ្មែរ​ជំនាន់​ថ្មី​ខ្លះ មិន​ទាំង​ដឹង​ថា ពិធី​បុណ្យ​វិសាខ​បូជា​ហ្នឹង ជា​បុណ្យ​អ្វី​ផង។ ឯ​យុវជន​ខ្លះ​ទៀត យល់​ថា​ការ​ប្រតិបត្តិ​តាម​បែប​បទ​ពុទ្ធ​សាសនា គឺ​ជា​ភារៈ​របស់​មនុស្ស​ចាស់​នោះ​ទេ។ ​

ព្រះពុទ្ធ​សាសនា​ជា​សាសនា​របស់​រដ្ឋ។ នេះ​ជា​អ្វី​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​កម្ពុជា។ រាល់​ពេល​ដែល​កម្ពុជា​ប្រារព្ធ​ពិធី​បុណ្យ​ពុទ្ធសាសនា ថ្ងៃ​ឈប់​សម្រាក ត្រូវ​បាន​គេ​ប្រគល់​ជូន​ទៅ​សិស្ស​និស្សិត ហើយ​ពិធី​បុណ្យ​ទាំង​នេះ​ ត្រូវ​បាន​មនុស្ស​ចាស់​នាំ​គ្នា​ធ្វើ​យ៉ាង​ស្ងៀម​ស្ងាត់​នៅ​តាម​វត្ត​អារាម​នានា។ ពួក​អាជីវករ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ភាគ​ច្រើន មិន​សូវ​ចាប់​អារម្មណ៍​នឹង​ពិធី​បុណ្យ​បែប​នេះ​ទេ ហើយ​កម្មវិធី​ផ្សេង​ៗ​ទាក់​ទង​នឹង​ពិធី​បុណ្យ​នេះ ក៏​មិន​សូវ​មាន​ដែរ។ ម្យ៉ាង​វិញ​ទៀត ការ​អប់រំ​អំពី​ព្រះពុទ្ធ​សាសានា​ក៏​នៅ​មាន​កម្រិត​ដែរ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ពិធី​បុណ្យ​តាម​បែប​ព្រះពុទ្ធ​សាសនា ហាក់​នៅ​ឆ្ងាយ​ពី​ចំណាប់​អារម្មណ៍​របស់​ពួក​យុវជន និង​កុមារ។

តើ​ការណ៍​នេះ បណ្តាល​មក​ពី​គម្លាត​គ្នា​រវាង​មនុស្ស​វ័យ​ចាស់ និង​មនុស្ស​វ័យ​ក្មេង​ឬ? តើ​យុវជន​និង​កុមារ មិន​គួរ​ភ្លើតភ្លើន​នឹង​វប្បធម៌​បរទេស ទេ​ឬ?

ស្ថិត​នៅ​ក្នុង​រលក​នៃ​សាកលភារូបនីយកម្ម​នេះ យើង​មិន​អាច​បដិសេដ​មិន​ទទួល​យក​វប្បធម៌​ថ្មី​ៗ ពី​បរទេស ហើយ​អង្គុយ​តែ​អភិរក្ស​វប្បធម៌​ចាស់​ៗ​នោះ​ដែរ។ ប៉ុន្តែ​ការ​ទទួល​យក​វប្បធម៌​ថ្មី​ៗ មិន​គួរ​ធ្វើ​ ​ដោយ​ភ្លើត​ភ្លើន​ភ្លេច​ខ្លួន​ ដូចជា​សេះ​ដាច់​បង្ហៀរ​នោះ​ទេ។ យុវជន​នៃ​ប្រទេស​មួយ គប្បី​ត្រូវ​ស្វែង​យល់​ពី​វប្បធម៌​បរទេស​ តែ​ក៏​មិន​ត្រូវ​ភ្លេច​វប្បធម៌ និង​ប្រតិបត្តិ​ទំនៀម​ទម្លាប់​​របស់​ជាតិ​ខ្លួន​នោះ​ដែរ។ ដើម្បី​អោយ​ពួក​យុវជន​អាច​យល់​ដឹង និង​ប្រតិបត្តិ​បាន ស្ថាប័ន​ពាក់ព័ន្ធ លោក​គ្រូ​អ្នក​គ្រូ ឪពុកម្តាយ ត្រូវ​តែ​ធ្វើ​ការ​រួម​គ្នា។ ការ​អប់រំ និង​ការ​ផ្សព្វផ្សាយ​ត្រូវ​តែ​ធ្វើ​ឡើង​អោយ​បាន​ស្មើគ្នា និង​គ្រប់​ជ្រុង​ជ្រោយ ហើយ​យុវជន​ខ្លួន​ឯង គប្បី​តាំង​ចិត្ត​រក្សា​វប្បធម៌​ជាតិ និង​ធ្វើ​ខ្លួន​កុំ​អោយ​ក្លាយ​ជាត្រី​ដែល​ស៊ីនុយ​របស់​អ្នក​ធ្វើ​អាជីវកម្ម។ ចុងក្រោយ​គេ​ត្រូវ​ចងចាំ​ថា​ វប្បធម៌​រលត់ ជាតិ​រលាយ វប្បធម៌​ពណ្ណរាយ ជាតិ​ថ្កើង​ថ្កាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ