ទស្សនៈព្រឹត្តិការណ៍ខ្មែរ

៧​មករា​៖ ការ​ចង​ចាំ​ដែល​ចាប់​ផ្តើម​សាប​រលាប​ក្នុង​ចំណោម​យុវជន​ខ្មែរ

សំឡេង ០៤:០៦
@HEAM Chetra

ការ​ដួល​រលំ​ទៅ​នៃ​របប​អាវ​ខ្មៅ​ខ្មែរ​ក្រហម បាន​នាំ​កម្ពុជា​ទៅ​កាន់​សករាជ​ថ្មី​មួយ​ នៅ​ថ្ងៃ​ទី​ ៧​ ខែ​មករា ឆ្នាំ ១៩៧៩។ ថ្ងៃទី ៧ ខែមករា ជា​រៀង​រាល់​ឆ្នាំ គឺ​ថ្ងៃ​ដែល​មាន​អត្ថន័យ​បំផុត​សម្រាប់​មនុស្ស​ចាស់​ដែល​នៅ​រស់​រាន​មាន​ជីវិត និង​អ្នក​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ ប៉ុន្តែ ៣៧ ឆ្នាំ​កន្លង​ផុត​ទៅ ៧​មករា​ បាន​សាប​រលាប​បន្តិច​ម្តង​ៗ ពី​ការ​ចងចាំ ពី​ចំណាប់​អារម្មណ៍ របស់​យុវជន​ខ្មែរ​ជំនាន់​ក្រោយ។

ផ្សាយពាណិជ្ជកម្ម

កង​ទ័ព​រណសិរ្ស​សង្គ្រោះ​ជាតិ​កម្ពុជា និង​កង​ទ័ព​វៀតណាម​ប្រមាណ ១​សែន ៥​ម៉ឺន​នាក់ ដែល​អម​ដោយ​កាំ​ភ្លើង​ធំ និង​យន្ត​ហោះ​ចម្បាំង​ផង​នោះ បាន​ឈាន​ជើង​ជាន់​ទី​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី ៧ ខែ​មករា ឆ្នាំ​១៩៧៩ ក្នុង​យុទ្ធនាការ​ផ្ដួល​រំលំ​របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​គេ​ចាត់​ទុក​ថា​ជា​របប​ប្រល័យ​ពូជ​សាសន៍។

ជា​រៀង​រាល់​ឆ្នាំ រណសិរ្ស​សង្គ្រោះ​ជាតិ​កម្ពុជា ដែល​ក្រោយ​មក​គឺ​ជា​គណបក្ស​ប្រជាជន​កម្ពុជា តែង​ប្រារព្ធ​ ទិវា​ជ័យ​ជំនះ​លើ​របប​ប្រល័យ​ពូជ​សាសន៍ នា​ថ្ងៃ​ទី ៧ ខែ​មករា យ៉ាង​ឱឡារិក។

ភ្លាម​ៗ បន្ទាប់​ពី​ការ​ដួល​រលំ​ទៅ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ទិវា​ជ័យ​ជំនះ​៧​មករា ទទួល​បាន​ការ​អបអរ​សាទរ ពី​ពលរដ្ឋ​ខ្មែរ ក្មេង​ចាស់ ប្រុស​ស្រី ពិសេស​អ្នក​ដែល​នៅ​រស់រាន​មាន​ជីវិត ពី​ការ​កាប់​សម្លាប់​របស់​ពួក​ខ្មែរ​ក្រហម។ ប៉ុន្តែ ៣៧ ឆ្នាំកន្លង​ផុតទៅ ៧​មករា​បាន​សាប​រលាប​បន្តិច​ម្តង​ៗ​ពី​ការ​ចងចាំ ពី​ចំណាប់​អារម្មណ៍ របស់​យុវជន​ខ្មែរ​ជំនាន់​ក្រោយ។

តើ​មាន​មូលហេតុ​អ្វីខ្លះ ដែល​ធ្វើ​អោយ​យុវជន​លែង​ចាប់​អារម្មណ៍​នឹង​ថ្ងៃ​ ៧ មករា?

កម្ពុជា​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៥០% ជា​អ្នក​ដែល​កើត​ក្រោយ​ថ្ងៃ​៧​មករា ឆ្នាំ​១៩៧៩។ ការ​អប់រំ​ពួកគេ អំពី​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា ពិសេស​ប្រវត្តិសាស្រ្ត​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ដែល​ជា​ប្ញស​គល់​នៃ​ថ្ងៃ​៧​មករា និង​អត្ថន័យ​ពិត​ប្រាកដ​នៃ​ថ្ងៃ ៧ មករា ​ពុំ​មាន​លក្ខណៈ​ស៊ី​ជម្រៅ ឬ​ពុំ​មាន​លក្ខណៈ​ជា​វិទ្យា​សាស្ត្រ​ពិត​នោះ​ទេ។ ការ​អប់រំ​ផ្សព្វផ្សាយ​មួយ​ចំនួន ធ្វើ​ឡើង​ដើម្បី​ចំណេញ​ផ្នែក​នយោបាយ ឬ​បំផុស​ឲ្យ​មាន​ការ​ចង​គំនុំ​ជា​ដើម។ រឿង​នេះ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ ឬ​មាន​ភាព​ប្រទាញ​ប្រទង់​គ្នា ក្នុង​ចំណោម​យុវជន​ជំនាន់​ថ្មី។ ជាមួយ​គ្នា​នេះ​ដែរ ពួកគេ​អាច​នឹង​យល់​ថា ៧​មករា​គឺ​ជា​រឿង​របស់​មនុស្ស​ចាស់​តែ​ប៉ុណ្ណោះ។ នៅ​ទី​បំផុត ពួក​គេ​លែង​ចាប់​អារម្មណ៍​នឹង​ព្រឹត្តិការណ៍​មួយ​នេះ។

មួយ​វិញ​ទៀត មក​ទល់​នឹង​បច្ចុប្បន្ន​នេះ អ្នក​នយោបាយ​ខ្មែរ​នៅ​តែ​ឲ្យ​អត្ថន័យ​បញ្ច្រាស់​គ្នា​ចំពោះ​ថ្ងៃ​៧​មករា​នេះ។ សម្រាប់​គណបក្ស​ប្រជាជន និង​អ្នក​គាំទ្រ ៧មករា នាំ​មក​នូវ​ជីវិត​ទីពីរ និង​សន្តិភាព​ដល់​កម្ពុជា​ទាំង​មូល។ ៧ មករា បាន​ធ្វើ​ឲ្យ​កម្ពុជា​មាន​អ្វីៗ​គ្រប់​យ៉ាង​មក​ទល់​ពេល​នេះ ។​ ៧មករា ក៏ជា​លេស​ដ៏​សំខាន់​ក្នុង​ការ​ឃោសនា​រក​សម្លេង​ឆ្នោត របស់​គណបក្ស​ប្រជាជន​ផង​ដែរ។ ចំណែក​ក្រុម​អ្នក​នយោបាយ​ប្រឆាំង​វិញ​ ថ្ងៃ​៧​មករា​គឺ​ជា​ថ្ងៃ​ដែល​កង​ទ័ព​វៀតណាម ឈ្លានពាន​ប្រទេស​កម្ពុជា និង​បាន​ធ្វើ​ឲ្យ​កម្ពុជា​បាត់បង់​ទឹកដី​ជា​ដើម។ ជា​រៀង​រាល់​ឆ្នាំ ៧​មករា​បាន​ក្លាយ​ជា​ប្រធាន​បទ​នៃ​ការ​វាយ​បក​គ្នា​ទៅវិញ​ទៅ​មក ឥត​ឈប់ឈរ។

ដោយសារ​អ្នក​នយោបាយ​ខ្មែរ យក​ថ្ងៃ ៧​មករា​ធ្វើ​ជា​ថ្ងៃ​នយោបាយ ជា​ជាង​ថ្ងៃ​ប្រវត្តិសាស្ត្រ​យ៉ាង​ដូច្នេះ​ ហើយ ទើប​ធ្វើ​អោយ​ថ្ងៃ​៧​មករា បាត់​បង់​ការ​ពិត​របស់​ខ្លួន។ ចំពោះ​យុវជន ព្រឹត្តិការណ៍​មួយ​ដែល​គ្មាន​ការ​ពិត ឬ​ការ​ពិត​បែប​ស្រពិច​ស្រពិល មិន​អាច​ទាក់​ទាញ​ចំណាប់​អារម្មណ៍​របស់​ពួក​គេ​បាន​យូរ​អង្វែង​ទេ។ ម្យ៉ាង​វិញ​ទៀត ប្រសិន​បើ​ព្រិត្តិការណ៍ ប្រវត្តិសាស្ត្រ​មួយ ដែល​ធ្វើ​ឲ្យ​សង្គម​មួយ​បែក​បាក់​ជា​ចរន្ត​២ ​យ៉ាង​ដូច្នេះ គឺ​រិតតែ​ធ្វើ​ឲ្យ​យុវជន​ជំនាន់​ថ្មី ជៀស​ឆ្ងាយ លែង​រវី​រវល់​ណាស់​ទៅ​ទៀត។

តាម​ពិត​ទៅ ៧​មករា គឺ​ជា​សច្ចធម៌​ប្រវត្តិសាស្ត្រ​មួយ​របស់​ប្រទេស​កម្ពុជា។ ដូច្នេះ​ដើម្បី​កុំ​ឲ្យ ៧​មករា​ ក្លាយ​ទៅ​ជា​កម្មសិទ្ធិ​របស់​មនុស្ស​ជំនាន់​មុន ឬ​ជា​កម្មសិទ្ធិ​ផ្តាច់​មុខ​របស់​ក្រុម​អ្នក​នយោបាយ​ណាមួយ​ គេ​គប្បី​​សិក្សា​ស្រាវជ្រាវ អោយ​បាន​ល្អិតល្អន់ និង​អព្យាក្រឹត្យ​ចំពោះ​ព្រឹត្តិការណ៍​មួយ​នេះ។ ដើម្បី​យុវជន​ជំនាន់​ក្រោយ អ្នក​នយោបាយ​ខ្មែរ​គប្បី​បញ្ចប់​ការ​ខ្វែង​គំនិត​គ្នា​ដែល​បណ្តាល​មក​ពី​ថ្ងៃ ៧​មករា​នេះ ហើយ​គប្បី​ពិចារណា​រួម​គ្នា ថា​តើ ៧​មករា​គឺ​ជា​ថ្ងៃ​បញ្ចប់​របប​កម្ពុជា​ប្រជាធិបតេយ្យ និង​ជា​ថ្ងៃ​ចាប់​ផ្តើម​នៃ​អាណានិគម​វៀតណាម​មក​លើ​កម្ពុជាឬ។ ការ​ទទួល​ស្គាល់​ការ​ពិត​មួយ​នេះ នាំ​អោយ​យើង​ទទួល​បាន​ប្រវត្តិសាស្ត្រ​ថ្មី ​ដែល​ទទួល​យក​បាន​ទាំង​អស់​គ្នា។

ភារកិច្ច​បន្ទាប់​គឺ​ការ​អប់រំ។ ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា​ដែល​មាន​លក្ខណៈ​ជា​វិទ្យាសាស្ត្រ​ពិត​មួយ គប្បី​ត្រូវ​ បង្រៀន​ដល់​យុវជន អោយ​បាន​ទូលំ​ទូលាយ​និង​ស៊ី​ជម្រៅ។ ការ​ចងចាំ​អំពី ថ្ងៃ ៧មករា​ដែល​មាន​តម្លៃ​ជា​ ប្រវត្តិសាស្រ្ត គប្បី​ធ្វើ​ឡើង​ដើម្បី​ផល​ប្រយោជន៍​រួម​និង​ដើម្បី​ខ្មែរ​ទាំង​អស់​គ្នា ពិសេស​ដើម្បី​យុវជន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI