គ្រួសារជាគ្រឹះសិក្សាមូលដ្ឋានសម្រាប់កុមារ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ថ្ងៃនេះ គឺជាទិវាសិទ្ធិកុមារអន្តរជាតិ។ សម្រាប់កម្ពុជា ដែលកំពុងខ្វះខាតធនធានមនុស្សស្រាប់ផង ការវិនិយោគផ្នែកអប់រំលើកុមារ គឺជារឿងចាំបាច់ដើម្បីអភិវឌ្ឍជាតិនៅក្នុងពេលនេះ និងពេលអនាគត។ មានកត្តាចម្បងជាច្រើនដែលទ្រទ្រង់ដល់ការអប់រំកុមារ ក៏ប៉ុន្តែមជ្ឈដ្ឋានគ្រួសារ ត្រូវគេមើលឃើញថា គឺជាគ្រឹះសិក្សាមូលដ្ឋានដំបូងបំផុតសម្រាប់ពួកគេ។ ដូច្នេះ គ្រួសារគប្បីជាកន្លែងមួយដែលផ្តល់ភាពជាគំរូល្អសម្រាប់កុមារ។
សុភាសិតខ្មែរ តែងពោលថា «លត់ដែក ទាន់នៅក្តៅ ប្រដៅកូនចៅ ទាន់នៅក្មេង»។ ក្មេងៗដែលត្រូវទទួលបានការលត់ដំអប់រំប្រៀនប្រដៅនេះ គឺពួកគេរស់នៅក្នុងមជ្ឈដ្ឋានគ្រួសារភាគច្រើននៅក្នុងដំណើរជីវិតរបស់ពួកគេ រាប់ចាប់តាំងពីពេលជាទារកក្នុងផ្ទៃមក។ ហេតុនេះ បានជាគេថា កុមារបានរស់នៅរៀនសូត្រពីសង្គមគ្រួសារ ពីឪពុកម្តាយ អាណាព្យាបាល និងបងប្អូនមាមីងយាយតាទាំងឡាយ បានពេលវេលាច្រើនជាងនៅទីកន្លែងដទៃផ្សេង។
ជាក់ស្តែង គ្រួសារជាសាលាសំខាន់សម្រាប់ដំណើរជីវិតរបស់កុមារគ្រប់រូប ទាំងផ្នែកឥរិយាបទ និងចិត្តគំនិត។ ដូច្នេះ មនុស្សក្នុងគ្រួសារ ក៏ជាជនគំរូមុនដំបូងគេបំផុត ដែលកុមារសង្កេតនិងរៀនសូត្រត្រាប់តាម។
មានឧទាហរណ៍សាមញ្ញមួយចំនួន ដែលស្តែងពីភាពជាគំរូនេះ។ តួយ៉ាង ការសំពះ ការប្រើប្រាស់ពាក្យសម្តីពីរោះពិសា ជាដើម ដែលគេមិនអាចណែនាំឲ្យកុមារគោរពលើកដៃសំពះ បានទន់ភ្លន់ល្អបានឡើយ បើពុំមានទម្លាប់សុជីវធម៌ល្អបែបនេះទេ នៅក្នុងគ្រួសារ។ កុមាររឹងរឹតតែមិនអាចប្រើប្រាស់ពាក្យពេចន៍ពីរោះពិសា បានដែរ ប្រសិនបើឪពុកម្តាយ ឬអាណាព្យាបាល គ្មានគំរូទម្លាប់ល្អ និយាយរកគ្នាដោយផ្អែមល្ហែមទេនោះ។
ជាមួយគ្នានេះ កុមារនឹងត្រូវគ្រវាត់បោះចោលសំរាមរាយបាយ នៅក្នុងផ្ទះនិងនៅទីធ្លាផ្សេងៗ ប្រសិនបើមជ្ឈដ្ឋានគ្រួសាររបស់ពួកគេ មិនបានបង្ហាញជាគំរូល្អ ឬណែនាំពួកគេឲ្យរៀបចំទុកដាក់កាក់សំណល់នៅក្នុងធុងសំរាមឲ្យត្រឹមត្រូវនោះ។ ហេតុនេះ ឃើញថា ទាំងសម្តី និងទង្វើទាំងផ្សេងៗទៀត នៅក្នុងគ្រួសារ គឺជាគំរូដោយផ្ទាល់ និងជាប្រយោល ដែលកុមារ បាននិងកំពុងតែរៀនសូត្រតាម ហើយចាប់យកទៅអនុវត្តតាមជារៀងរាល់ថ្ងៃ។
កុមារមិនត្រឹមតែរៀនធ្វើតាមចំណុចល្អៗនោះទេ តែការប្រើហិង្សាក្នុងគ្រួសារ និងការប្រើពាក្យសម្តីមិនសមគួរ ក៏កុមារចាប់ទទួលយកដែរ។ ប៉ុន្តែ ការប្រព្រឹត្តអំពើហិង្សាវាយដំក្នុងគ្រួសារ គឺជាការប៉ះពាល់ធ្ងន់ធ្ងរលូតលាស់ផ្នែករាយកាយ និងសតិបញ្ញារបស់កុមារ។ ព្រោះថា ពួកគេអាចនឹងក្លាយជាមនុស្សប្រើហិង្សាដល់អ្នកដទៃបន្តទៀត ក្នុងគ្រួសារផ្ទាល់ ក្នុងសាលា ឬក្នុងមជ្ឈដ្ឋានសង្គមផ្សេងទៀត នៅពេលជាមួយគ្នានេះ ឬក៏នៅពេលដែលពួកគេធំឡើង។
សព្វថ្ងៃ ខណៈពេលដែលពិភពលោកបើកចំហកាន់តែខ្លាំង គ្រឿងពង្វក់ស្មារតីកុមារក៏កាន់តែរីកចម្រើនខ្លាំងណាស់ដែរ។ ទីតាំងលេងល្បែងហ្គេម ហាក់នៅតែបន្តមានវត្តមាននៅជិតសាលានិងក្នុងសហគមន៍រស់នៅរបស់កុមារនៅឡើយ។ ចំណែកស្រាបៀ រូបភាពស្រើបស្រាល ក៏ផ្សព្វផ្សាយព្រោងព្រាតនៅទីសាធារណៈនិងនៅស្ទើរតែគ្រប់ក្នុងប្រព័ន្ធឃោសនា។ ការចាក់បញ្ចាំងនិងផ្សព្វផ្សាយ រឿងភាពយន្តដែលមានរូបភាព សកម្មភាពហិង្សា គឺត្រូវកុមារប្រទះឃើញយ៉ាងទូលំទូលាយផងដែរ។ ថែមពីនេះ អំពើសាហាវឃោរឃៅ និងរឿងអាសអាភាសផ្សេងៗ កាន់តែចូលលុកលុយដល់ផ្ទះរស់នៅរបស់ពួកគេតែម្តង តាមរយៈកុំព្យូទ័រ និងទូរសព្ទទំនើបភ្ជាប់អ៊ិនធឺណិត។
បច្ចុប្បន្ននេះ ឪពុកម្តាយមួយចំនួន ហាក់មិនខ្លាចញញើត នឹងទិញទូរសព្ទ Smart phone និង I-pad ឲ្យកូនៗប្រើប្រាស់ ទាំងពួកនៅក្មេងខ្ចីនៅឡើយ។ ប្រសិនបើ អាណាព្យាបាលតាមដានគ្រប់គ្រងពេលវេលាកំណត់ឲ្យកុមារបានប្រើប្រាស់ត្រឹមត្រូវ វាមិនអីនោះទេ ក៏ប៉ុន្តែ ភាគច្រើនគេសង្កេតឃើញថា ឧបករណ៍ទំនើបៗទាំងនេះ វាហាក់បានក្លាយទៅអាវុធអូសទាញបំផ្លាញពេលវេលា និងកម្ទេចស្មារតីប្រុងប្រយ័ត្នរបស់កុមារ ដ៏គួរឲ្យព្រួយបារម្ភទៅវិញ។
ជារួម អាណាព្យាបាល ឪពុកម្តាយ គួរបង្ហាញភាពជាគំរូ ទាំងពាក្យសម្តីប្រាស្រ័យទាក់ទងគ្នា និងឥរិយាបថផ្សេងៗ នៅក្នុងគ្រួសារ។ ហើយការយកចិត្តទុកដាក់ចំពោះចំណង់ចំណូលចិត្ត និងតាមដានរបៀបចាត់ចែងពេលវេលារបស់កូន នៅក្នុងសង្គម ក៏ជារឿងចាំបាច់។
សំខាន់ទៅទៀតនោះ ឪពុកម្តាយ គួរបង្កើនទម្លាប់ល្អផ្សេងទៀត ដើម្បីបណ្តុះវប្បធម៌ចង់ចេះចង់ដឹងរបស់កូនៗ មានជាអាទិ៍ ធ្វើដំណើរបំពេញទស្សនកិច្ចសិក្សាជាមួយកូនៗជាដើម។ នៅពេលទំនេរ ឬថ្ងៃសម្រាកចុងសប្តាហ៍ ឬក្នុងឱកាសពិសេសណាមួយ អាណាព្យាបាល គប្បីនាំកូនទៅសារមន្ទីរ ឬឬចូលរួមទស្សនាការតាំងពិព័រណ៌ស្នាដៃសិល្បៈវប្បធម៌ផ្សេងៗ។
រឹតតែពិសេសនោះ គឺបណ្តុះទម្លាប់ការអាននិងការស្រឡាញ់សៀវភៅដល់ក្មេងតាមរយៈនាំកូនទៅពិព័រណ៌សៀវភៅ ឬទៅបណ្ណាល័យ និងបណ្ណាគារ។ ជាមួយគ្នានេះ ការបង្ហាញគំរូនិងទម្លាប់អានសៀវភៅរបស់ឪពុកម្តាយខ្លួនឯងផ្ទាល់ ក៏ជារឿងសំខាន់ចាំបាច់ណាស់សម្រាប់កូនៗ។ ហេតុនេះហើយ ទើបគេត្រូវបង្កើតបណ្ណាល័យគ្រួសារ តាំងសៀវភៅសិក្សា ជៀសជាងតាំងដបស្រានៅតាមផ្ទះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ