អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

​សំរាម​ជា​បញ្ហា​ប្រឈម​ដែល​ទីក្រុង​ភ្នំពេញ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​

សំឡេង ០៦:១១
ការប្រមូលសំរាមនៅឯវាលសំរាមក្នុងទីក្រុងភ្នំពេញ
ការប្រមូលសំរាមនៅឯវាលសំរាមក្នុងទីក្រុងភ្នំពេញ @សហការី
ដោយ៖ អ៊ឹម រចនា
៣៤ នាទី

សំរាម​មិន​មែន​ជា​បញ្ហាថ្មី​អ្វី​ឡើយ​សម្រាប់​កម្ពុជា ​និយាយ​ជា​រួម និង​សម្រាប់​រាជធានី​ភ្នំពេញ​ និយាយ​ដោយ​ឡែក​។ ពី​មុន សំរាម​ជា​បញ្ហា​ចោទ​ដោយ​សារ​តែ​កង្វះ​ប្រសិទ្ធភាព​នៃ​ការ​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន​ស៊ីនទ្រី​​។ បច្ចុប្បន្ន បន្ទាប់​ពី​ដក​សិទ្ធិ​ប្រមូល​សំរាម​ពី​​ក្រុមហ៊ុន​ស៊ីនទ្រីរួច​មក​ បញ្ហា​ចោទ​​ធ្លាក់​ទៅ​លើ​រដ្ឋាករ​ស្វយ័ត​គ្រប់​គ្រង​សំរាម​និង​សំណល់​រឹង​នៃ​រាជធានី​ភ្នំពេញ​វិញ​ម្ដង​។ តើ​ស្ថាប័ន​ថ្មី​ថ្មោង​នេះ មាន​លទ្ធភាព សមត្ថភាព និង​បទ​ពិសោធ​គ្រប់​គ្រាន់​ដែរ​ឬ​ទេ ដើម្បី​គ្រប់​គ្រង​សំរាម​ប្រកប​ដោយ​ប្រសិទ្ធភាព? តើ​អាជ្ញាធរ​បាន​ធ្វើ​អ្វី​ខ្លះ​ហើយ​នៅ​ពេល​ទីលាន​ចាក់​សំរាម​នៅ​ក្នុង​ខណ្ឌដង្ហោ​កំពុង​ឈាន​ទៅ​ដល់​ការ​ពេញ​ហៀរ? ទាំង​នេះ​គឺ​ជា​ចំណោទ​ដែល​សា​លា​រាជ​ធានីភ្នំពេញ​​ត្រូវ​ដោះ​ស្រាយ​ជា​បន្ទាន់ មុន​ពេល​សំរាម​ក្លាយ​ជា​បញ្ហា​ចាក់​ស្រែះ​ រក​មុខ​ស្រាយ​លែង​រួច​។ 

ផ្សាយពាណិជ្ជកម្ម

សំរាម​នៅ​តែ​ជា​ប្រធានបទ​នៃ​ការ​ជជែក​គ្នា​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ​អ្នក​រស់​នៅ​ក្នុង​រាជ​ធានី។ វា​គឺ​ជា​ការ​រអ៊ូ​រទាំ​អំពី​ភាព​យឺត​យ៉ាវ​នៃ​ការ​ប្រមូល​សំរាម​ផង និង​ការ​បង្ហាញ​អារម្មណ៍​អំពី​ភាព​ខ្វះ​អនាម័យ​នៅ​តាម​ដង​ផ្លូវ ដែល​សម្បូរ​ទៅ​ដោយ​សំរាម។ សំរាម​ដែល​ពេល​ខ្លះ បាន​រាយ​ប៉ាយ​នៅ​តាម​ដងផ្លូវ ដោយ​សារ​តែ​ពលរដ្ឋ​មួយ​ចំនួន​មិន​បាន​ចូល​រួម​សម្អាត ហើយ​ខ្វះខាត​ការ​យល់​ដឹង​ផ្នែក​បរិស្ថាន។

នៅ​រាជធានី​ភ្នំពេញ សំរាម​បាន​កើន​ឡើង​ពី​រង្វង់​២៦០០​តោន​ក្នុង​មួយ​ថ្ងៃ​នៅ​ឆ្នាំ​២០១៨ ដល់​រង្វង់​២​៩០០​តោន ក្នុង​មួយ​ថ្ងៃ​នៅ​ក្នុង​ឆ្នាំ​២០១៩​កន្លង​ទៅ​។ សាលា​រាជធានី​ភ្នំពេញ​ធ្លាប់​បាន​ឲ្យ​ដឹង​ថា ទីលាន​ចាក់​សំរាម​ដែល​មាន​ទំហំ​ជាង​៣០​ហិកតា​នៅ​បឹង​ជើង​ឯក ​ក្នុង​ខណ្ឌ​ដង្កោ នឹង​ត្រូវ​ពេញ​ហៀរ មិន​អាច​ទទួល​យក​សំរាម​បាន​ទៀត​ឡើយ​នៅ​ឆ្នាំ​២០២១​។ នេះ​គឺ​ជា​បញ្ហា​ប្រឈម​ដែល​ទាមទារ​ឲ្យ​​មាន​​ដំណោះ​ស្រាយ​ជា​បន្ទាន់​។

សំរាម មែន​ទែន​ទៅ គឺ​ជា​បញ្ហា​រួម​របស់​យើង​រាល់​គ្នា ហើយ​វា​មិន​មែន​ជា​បញ្ហា​ដាច់​ដោយ​ឡែក​របស់​អាជ្ញា​ធរ​តែ​ឯង​ឡើយ​។ ការ​រួម​ចំណែក​ដោះ​ស្រាយ​បញ្ហា​សំរាម វា​ទាម​ទារ​ឲ្យ​មាន​ការ​ចូល​រួមពី​ប្រជាពលរដ្ឋ​ផង​ដែរ​ ព្រោះ​សំរាម​កើត​ចេញ​ពី​ការ​រស់​នៅ​របស់​ពល​រដ្ឋ។ ដូច្នេះ ការ​ទុក​ដាក់​សំរាមឲ្យ​ត្រឹម​ត្រូវ​តាម​ប្រភេទ និង​​មាន​របៀប​រៀប​រយ ​គឺ​ជា​រឿង​ចាំ​បាច់​បំផុត ដែល​ត្រូវ​ផ្តើម​ដំបូង​ចេញ​ពីប្រជាពលរដ្ឋ​តែ​ម្ដង​។

អ្វី​ដែល​ពលរដ្ឋ​អាច​ធ្វើ​បាន​ទាក់ទង​នឹង​សំរាម គឺការ​​ញែកឲ្យ​​ដាច់​ពីគ្នា រវាង​សំរាម​សើម និង​សំរាម​ស្ងួត។ អាជ្ញាធរ​រាជ​ធានី​ធ្លាប់​បាន​ផ្សព្វផ្សាយ​ជា​ហូរ​ហែរដល់​​ពល​រដ្ឋ​អំពី​ការ​ញែក​សំរាម​នេះ។ មិន​តែ​ប៉ុណ្ណោះ ធុង​សំរាម​ជា​ច្រើន​ដែល​សំដៅ​ប្រាប់​ពលរដ្ឋ​ឲ្យ​​បោះ​ចោល​សំរាម​ដាច់​ដោយ​ឡែក​​ពី​គ្នា​នោះ ក៏ត្រូវ​បាន​ដាក់​នៅ​តាម​ទី​សាធារណៈ​ជា​ច្រើន​ដែរ​។ ប៉ុន្តែ​ការ​ញែក​សំរាម​នៅ​តាម​គេហដ្ឋាន​របស់​ពល​រដ្ឋ មិន​ទាន់​ត្រូវ​បាន​អនុវត្ត​នៅ​ឡើយ​ទេ។

បន្ទាប់​ពី​ពលរដ្ឋ ដល់​វេន​អាជ្ញាធរ​ម្តង។ សព្វ​ថ្ងៃ​នេះ ការងារ​ប្រមូល​សំរាម​ត្រូវ​ធ្លាក់​ជា​បន្ទុក​របស់​រដ្ឋាករ​ស្វយ័ត​គ្រប់​គ្រង​សំរាម​និង​សំណល់​រឹង​នៃ​រាជធានី​ភ្នំពេញ បន្ទាប់​ពី​រដ្ឋាភិបាល​ដក​សិទ្ធិ​ប្រមូល​សំរាម​ពី​ក្រុម​ហ៊ុន​ស៊ីន​ទ្រី​កាល​ពី​ចុង​ឆ្នាំ​២០១៩​។ សំណួរ​ដែល​ត្រូវ​ចោទ​សួរ​នោះគឺ ថាស្ថាប័ន​ដែល​ទើប​តែ​បង្កើត​ឡើង​ថ្មី​ថ្មោង​នេះ ​មាន​លទ្ធភាព សមត្ថភាព និង​បទ​ពិសោធ​គ្រប់​គ្រាន់​ដែរ​ឬ​ទេ ដើម្បី​គ្រប់​គ្រង​សំរាម​ប្រកប​ដោយ​ប្រសិទ្ធភាព? ប្រសិន​បើ​ទេ តើ​អាជ្ញាធរ​គួរ​តែ​ពង្រឹង​និង​ពង្រីក​សក្តានុពល​នៃ​ស្ថាប័ន​របស់​រដ្ឋ​នេះ ឬ​បើក​ផ្លូវ​ឲ្យ​មាន​ការ​ចូល​រួម​ពី​សំណាក់​ក្រុមហ៊ុន​ឯកជន​ផ្សេង​ទៀត? និង​ប្រសិន​បើ​មាន​ការ​ចូល​រួម​ពី​សំណាក់​ក្រុមហ៊ុន​ឯកជន តើ​គេ​គួរ​អនុញ្ញាត​ឲ្យ​មាន​ប្រតិ​បត្តិការ​ផ្ដាច់​មុខ​ដូច​ករណី​ក្រុមហ៊ុន​ស៊ីនទ្រី ឬ​គួរ​បើក​ឲ្យ​មាន​ក្រុម​ហ៊ុន​ច្រើន​រួម​គ្នា​ប្រមូល​សំរាម​ក្នុង​រាជធានី​ភ្នំពេញ?

និយាយ​អំពីទីលាន​ផ្ទុក​​សំរាម​វិញ​។ សព្វ​ថ្ងៃ​នេះ ទីលាន​ចាក់​សំរាម​ក្នុង​ខណ្ឌ​ដង្កោ ដែល​មាន​ទំហំ​ដល់​ទៅជាង​៣០​ហិកតា កំពុង​ឈាន​ទៅ​រក​ការ​ពេញ​ហៀរ​។ បើ​តាម​ការ​ព្យាករណ៍​របស់​អាជ្ញាធរ​ក្រុង​ភ្នំពេញ នៅ​ឆ្នាំ​២០២១​ខាង​មុខ​ ទីលាន​ចាក់​សំរាម​នេះ ទំនង​ជា​លែង​អាច​ទទួល​សំរាម​បានទៀត​ហើយ ខណៈ​ដែល​សំរាម​ក្នុង​ទីក្រុង​ភ្នំពេញ បាន​កើន​ឡើង​ដល់​ជិត​៣០០០​តោន នៅ​ក្នុង​មួយ​ថ្ងៃ​ៗ​។ ការ​ស្វែង​រក​ទីតាំង​ថ្មី ដើម្បី​ជំនួស​ទីតាំង​ចាស់ គឺ​ជា​រឿង​មួយ​។ ចំណែក​ការ​ចាត់​ចែង​ចំពោះ​ទីតាំង​ចាក់​សំរាម​ចាស់​ជា​រឿង​មួយ​ផ្សេង​ទៀត​។ តើ​អាជ្ញាធរ​នឹង​ធ្វើ​ដូចម្ដេច​ចំពោះសំរាម​នៅទីលាន​ចាក់​សំរាម​​បឹង​ជើង​ឯក បន្ទាប់​ពី​ទីលាន​នេះ​ពេញ​នៅ​ឆ្នាំ​២០២១? តើ​ត្រូវ​ដុត​ចោល កប់​ចោល ឬ​កែ​ច្នៃ​?

និយាយ​ដល់​​ការ​កែច្នៃ​សំរាម។ នៅ​កម្ពុជា មិន​ទាន់​មាន​​ការ​កែ​ច្នៃ​សំរាម​ទ្រង់​ទ្រាយ​ធំ ដើម្បី​ផលិត​ជា​ថាមពល​សម្រាប់​ប្រើ​ប្រាស់​​នៅ​ឡើយ​ទេ​។ អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ​ធ្លាប់​គូស​បញ្ជាក់​ថា កន្លង​មក មាន​ក្រុមហ៊ុន​ឯកជន​យ៉ាងតិច​៥០​ក្រុមហ៊ុន ដែល​បាន​ទាក់ទង​សាលា​រាជធានី​ភ្នំពេញ​ ដើម្បី​សិក្សា​ទៅ​លើ​ការ​វិនិយោគ​ក្នុង​ការ​កែ​ច្នៃ​សំរាម​។ ប៉ុន្តែ​ក្រុមហ៊ុនទាំង​​នោះ​បាន​ដក​ខ្លួន​ទៅ​វិញ​នៅ​ពេល​រក​ឃើញ​ថា ពួក​គេ​ទំនង​ជា​មិន​អាច​រក​ប្រាក់​ចំណេញ​ពី​ការ​កែ​ច្នៃ​សំរាម​នៅ​ទីក្រុង​ភ្នំពេញ​ឡើយ​។

តាម​ពិត​ទៅ ការ​​កែច្នៃ​សំរាម គឺ​ជា​ដំណោះ​ស្រាយ​គន្លឹះ​ដ៏​សំខាន់​មួយ សម្រាប់​បញ្ហា​សំរាម​។ នៅ​ពេល​មាន​ការ​កែ​ច្នៃ​សំរាម គេ​មិន​ត្រឹម​តែ​អាច​កាត់​បន្ថយ​បរិមាណ​សំរាម​នៅ​លើ​ទីលាន​ចាក់​សំរាម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​នឹង​អាចផ្ដល់​ចំណូល ក៏​ដូច​ជា​ជួយ​​បង្កើត​ការងារបន្ថែម​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ថែម​ទៀត​។ ប៉ុន្តែ​គួរ​ឲ្យ​សោក​ស្ដាយ​ដែល​ការងារ​នេះ​​មិន​អាច​ធ្វើ​ទៅ​បាន ដោយ​សារ​តែ​សំរាម​នៅ​ភ្នំពេញ មិន​ទាន់​ត្រូវ​បាន​បែង​ចែក​ទៅតាម​ប្រភេទ​ច្បាស់​លាស់​នៅ​ឡើយ​។

ការ​ដោះ​ស្រាយ​បញ្ហា​​សំរាមនៅ​ទីក្រុង​ភ្នំពេញ គឺជា​ដំណើរ​ការ​ដ៏​វែង​ឆ្ងាយ​មួយ​ ដែល​ត្រូវ​ស៊ី​សង្វាក់​គ្នា ហើយ​ត្រូវ​តែ​មាន​ការ​ចូល​រួម​ពី​គ្រប់​មជ្ឈដ្ឋាន​។ ហើយ​មជ្ឈដ្ឋាន​ដែល​សំខាន់​ជាង​គេ​និង​មាន​វិសាលភាព​ទូលំទូលាយ​ជាង​គេ គឺ​ប្រជាពលរដ្ឋ​ម្នាក់​ៗ​តែ​ម្ដង​។ ប្រជាពលរដ្ឋ ដែល​ចង់​ឃើញ​ទីក្រុង​ភ្នំពេញ​មាន​បរិស្ថាន​ស្អាត ត្រូវ​ចាប់​ផ្ដើម​ចាត់​ចែង​សំរាម​ខ្លួន​ឯង ដោយ​ការ​ទុក​ដាក់​សំរាមប្រភេទ​ផ្សេង​ៗ​ឲ្យ​ដាច់​ពី​គ្នា និង​មាន​របៀប​រៀប​រយ​។ ចំណែក​អាជ្ញាធរ ត្រូវ​ពង្រឹង​និង​ពង្រីក​សមត្ថភាព​ប្រមូល​សំរាម​របស់​ខ្លួន​ឲ្យ​បាន​ល្អ និង​ជា​ពិសេស ត្រូវ​ចាត់ចែង​ដោះ​ស្រាយ​បញ្ហា​ទីលាន​ចាក់​សំរាម​ឲ្យ​បាន​លឿន​រហ័ស មុន​ពេល​ទីលាន​ចាក់​សំរាម​សព្វ​ថ្ងៃ​ពេញ​ហូរហៀរ លែង​ទទួល​សំរាម​ទៀត​បាន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ