អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

​អក្ខរា​វិរុទ្ធ​នៅ​តែ​ជា​បញ្ហា​សម្រាប់​ការ​បោះ​ពុម្ព​សៀវ​ភៅ​ខ្មែរ​

សំឡេង ០៤:៣៧
សៀវភៅប្រលោមលោក និងសៀវភៅនានា ដែលបោះពុម្ពជាភាសាខ្មែរ (រូបភាពតំណាង)
សៀវភៅប្រលោមលោក និងសៀវភៅនានា ដែលបោះពុម្ពជាភាសាខ្មែរ (រូបភាពតំណាង) @Internet
ដោយ៖ អ៊ឹម រចនា
២៦ នាទី

ការ​បោះ​ពុម្ព​សៀវភៅ​នៅ​ស្រុក​ខ្មែរ មាន​ការ​វិវត្ត​រីក​ចម្រើន​យ៉ាង​ខ្លាំង​នៅ​ក្នុង​រយៈ​ពេល​មួយ​ទសវត្ស​ចុង​ក្រោយ​នេះ​។ យ៉ាង​ណា​ក៏​ដោយ គេ​កត់​សម្គាល់​ឃើញ​ថា សំណេរ​ជា​អក្សរ​ខ្មែរ​នៅ​ក្នុង​សៀវភៅ​បោះ​ផ្សាយ​ទាំង​នោះ ​នៅ​តែ​ជួប​បញ្ហា ជា​ពិសេស​គឺ​កំហុស​អក្ខរាវិរុទ្ធ​។ នៅ​ចំពោះ​មុខ​វិបត្តិ​អក្ខរាវិរុទ្ធ​ដូច្នេះ អ្នក​ជំនាញ​បាន​ណែនាំ​ឲ្យ​គ្រឹះស្ថាន​បោះពុម្ព​ផ្សាយ​ទាំង​អស់​យក​ចិត្ត​ទុក​ដាក់ ផ្ទៀង​ផ្ទាត់ កាត់​បន្ថយ​កំហុស​អក្ខរាវិរុទ្ធ​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។ 

ផ្សាយពាណិជ្ជកម្ម

ឯកសារ សៀវភៅ សំណេរ​នៅ​លើ​គេហទំព័រ និង​​ការ​បោះ​ពុម្ព​ទាំង​ឡាយ គឺ​ជា​មរតក​ដ៏​មាន​តម្លៃ សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ​។ ប៉ុន្តែសៀវភៅ​មួយ​ចំនួន​ដែល​បោះ​ពុម្ព ចែក​ផ្សាយ​នៅ​លើ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា​សព្វ​ថ្ងៃ នៅ​តែ​មិន​ទាន់​ត្រូវ​បាន​​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ និង​កែ​តម្រូវ​ឲ្យ​បាន​ម៉ត់ចត់ទេ​​។ ម្ល៉ោះ​ហើយ កំហុស​អក្ខរាវិរុទ្ធ ឬ​កំហុស​បច្ចេកទេស​ផ្សេង​ៗ តែង​តែ​កើត​ឡើង​ជា​ញឹក​ញាប់​។ កំហុស​នេះ​បង្កើត​ជា​វិបត្តិ​រ៉ាំរ៉ៃ នៅ​ក្នុង​វិស័យ​អក្សរសាស្ត្រ​ខ្មែរ​ ដោយ​ចំពោះ​ការ​ប្រើ​ប្រាស់​សំណេរ​។ កូន​ខ្មែរ​ជំនាន់ក្រោយ​ទៅ​ជា​វង្វេង ប្រើ​ប្រាស់​អក្សរ និង​អក្ខរាវិរុទ្ធ​ខ្មែរ​មិន​ត្រឹម​ត្រូវ​។

ក្នុង​បរិបទ​ដូច្នេះ អ្នក​ជំនាញ​មួយ​ចំនួន​បាន​ណែនាំ​ជា​ដំណោះ​ស្រាយ​ថា គ្រឹះស្ថាន​ទាំង​ឡាយ​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ការងារ​បោះ​ពុម្ព​ផ្សាយ ទាំង​រដ្ឋ​និង​ឯកជន គួរ​តែ​បង្កើត​ក្រុម​បណ្ណាធិការ ដើម្បី​ត្រួត​ពិនិត្យ​ការងារ​ទាំង​ឡាយ មុន​នឹង​បោះ​ពុម្ព​ផ្សាយ​ជា​សាធារណៈ។

មុននឹងនិយាយដល់ការងារ តួនាទី និង​សារៈ​សំខាន់​នៃ​បណ្ណាធិការ គេ​ត្រូវ​យល់​ជាមុន​សិន​អំពី​បណ្ណាធិការ​។ តើ​បណ្ណាធិការ ជា​នរណា?

បើ​តាម​វចនានុក្រម​សម្ដេច​ព្រះ​សង្ឃរាជ​ជួន ណាត បណ្ណាធិការ គឺ​ជា​អធិការ​នៃ​សារព័ត៌មាន ជា​អ្នក​កាន់​កាប់ ឬ​ទទួល​ខុស​ត្រូវ​ខាង​កាសែត ឬ​ទស្សនាវដ្ដី​ផ្សេង​ៗ​។ សព្វ​ថ្ងៃ ស្ថាប័ន​មួយ​ចំនួន ហៅ​បណ្ណាធិការ​ថា និពន្ធ​នាយក​។ បណ្ណាធិការ​ ឬ​និពន្ធ​នាយក​នេះ គឺ​ជា​អ្នក​នៅ​ពី​ក្រោយ​អ្នក​និពន្ធ និង​ត្រូវ​ពិនិត្យ​ទាំង​ស្រុង​ទៅ​លើ​អត្ថន័យ ខ្លឹមសារ វេយ្យាករណ៍ អក្ខរាវិរុទ្ធ ព្រម​ទាំង​រចនាបទ​របស់​សៀវភៅ ឬ​អត្ថបទ​។ បណ្ណាធិការ គឺ​ជា​អ្នក​ដែល​ផ្ទៀង​ផ្ទាត់ ព្រម​ទាំង​កែ​តម្រូវ​នូវ​ចំណុច​ខ្វះ​ខាត​នានា របស់​អ្នក​និពន្ធ មុន​នឹង​បោះពុម្ព​​ផ្សាយ​ជា​ផ្លូវ​ការ​។

នៅ​ក្នុង​ដំណើរ​ការ​នៃ​ការ​បោះ​ពុម្ព​ផ្សាយ​ឯកសារ ឬ​សៀវភៅ​ផ្សេង​ៗ បណ្ណាធិការ​ដើរ​តួនាទី​សំខាន់​ណាស់​។ បន្ទាប់ពី​អ្នក​និពន្ធ​បញ្ចប់​ការងារ​របស់​ខ្លួន គឺ​មាន​តែ​បណ្ណាធិការ​នេះ​ហើយ ដែល​ត្រូវ​​​ពិនិត្យ​ និង​កែ​សម្រួល​ទៅ​លើ​ឃ្លោង​ឃ្លា​​ប្រយោគ អក្ខរាវិរុទ្ធ និង​ខ្លឹម​សារ​របស់​អត្ថបទ។ បន្ថែម​ពី​លើ​នេះ បណ្ណាធិការ​ត្រូវ​ពិនិត្យ​ទៅ​លើ​រូប​ភាព ព្រម​ទាំង​រចនាបទ​របស់​សៀវភៅ ឬ​ឯកសារ​ដែល​ត្រូវ​បោះ​ពុម្ព​ផ្សាយ ធ្វើ​យ៉ាង​ណា​ដើម្បី​ទាក់ទាញ​អ្នក​អាន និង​ជាពិសេស ដើម្បី​ឲ្យ​សៀវភៅ​ឬ​ឯកសារ​នោះ អាច​ទទួល​យក​បាន​ជា​សកល​។

ហេតុ​អ្វី​បាន​ជាគេ​ចាំ​បាច់​ត្រូវ​ការ​​បណ្ណាធិការ នៅ​ក្នុង​ពេល​ដែល​មាន​អ្នក​និពន្ធ​រួច​ទៅ​ហើយ​​? មែន​ទែន​ទៅ ថ្វី​ដ្បិត​តែមាន​​អ្នក​និពន្ធ​ដែល​ជា​ម្ចាស់​ស្នាដៃ ផ្ទៀង​ផ្ទាត់​ការងារ​ហើយ​ក៏​ដោយ ក៏​កំហុស​នៅ​តែ​អាច​កើត​មាន​អ៊ីចឹង​។ ព្រោះ​សូម​កុំ​ភ្លេច​ថា អ្នក​និពន្ធ តែង​តែយល់​ថា​ស្នាដៃ​របស់​ខ្លួន​ល្អ ហើយ​ជា​និច្ច​ជាកាល គឺ​តែង​តែ​ការពារ​ស្នាដៃ​របស់​ខ្លួន។ ដូច្នេះ មាន​តែ​បណ្ណាធិការ​ទេ ដែលអាច​ពិនិត្យ និង​កែ​សម្រួល​លើ​ស្នាដៃ​របស់​អ្នក​និពន្ធ​បាន​។ ក្នុង​ករណី​មាន​កំហុស បណ្ណាធិការ និង​អ្នក​និពន្ធ​អាច​ជជែក​គ្នា និង​ធ្វើ​ការ​រួម​គ្នា ដើម្បី​កែ​សម្រួល​កំហុស​នោះ​បាន មុន​នឹង​ទម្លាក់​ស្នាដៃ​នោះ​ទៅ​រោងពុម្ព​ដើម្បី​បោះ​ផ្សាយ​។

យ៉ាង​ណា​ក៏​ដោយ វត្តមាន​បណ្ណាធិការ​នៅ​ក្នុង​ដំណើរ​ការ​បោះ​ពុម្ព​ផ្សាយ មិន​មែន​មាន​ន័យ​ថា សៀវភៅ​ឬ​ឯកសារ​ដែល​បោះ​ផ្សាយ ក្លាយ​ជា​ល្អ​ឥត​ខ្ចោះ គ្មានកំហុស​ឆ្គង​ទាល់​តែ​សោះ​នោះ​ឡើយ​។ កំហុស​នៅ​តែ​អាច​កើត​មាន​ឡើង ប៉ុន្តែ​គេស្ទើរ​តែ​​អាច​ធានា​បាន​ថា វា​មាន​បរិមាណ​តិច​តួច​បំផុត​។ នៅ​ក្នុង​ការ​បោះ​ពុម្ព​សៀវភៅ ឬ​ឯកសារ​ណា​ក៏​ដោយ កំហុស​មិន​ត្រឹម​តែ​អាច​ធ្វើឲ្យ​អ្នក​អាន​ភ័ន្ត​ច្រឡំ​ទេ ពេល​ខ្លះ វា​ថែម​ទាំង​អាច​ធ្វើ​ឲ្យ​អ្នក​និពន្ធ​ទទួល​រង​ការ​រិះ​គន់ និង​ធ្វើឲ្យ​ស្ថាប័ន​ឬ​គ្រឹះស្ថាន​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ការ​បោះ​ពុម្ព​ផ្សាយ​នោះ ធ្លាក់​ចុះ​ប្រជាប្រិយភាព​ថែម​ទៀត​ផង​។

ដូច្នេះ ស្ថាប័ន​ឬ​គ្រឹះស្ថាន​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ការ​បោះ​ពុម្ព​ផ្សាយ គួរ​តែ​ពិចារណាបង្កើត​ឲ្យ​មាន​បណ្ណាធិការ ឬ​ក្រុម​បណ្ណាធិការ ដើម្បី​ត្រួត​ពិនិត្យ និង​ផ្ទៀងផ្ទាត់​ការងារ​ដែល​ត្រូវ​បោះ​ពុម្ព​ផ្សាយ​ មុន​នឹង​បញ្ជូន​ទៅ​រោង​ពុម្ព​។ នៅ​ក្នុង​បរិបទ​សង្គម​ខ្មែរ​សព្វ​ថ្ងៃ ការ​រៀបចំ​ឲ្យ​មាន​បណ្ណាធិការ​នៅ​តាម​គ្រឹះ​ស្ថាន​បោះ​ពុម្ព​ផ្សាយ​សំខាន់​ៗ អាចជា​គន្លឹះ​មួយដ៏​ចម្បង ក្នុង​ការ​​រួម​ចំណែក​កាត់​បន្ថយ​​​វិបត្តិ​អក្ខរាវិរុទ្ធ​​​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ