អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

​វីរុស​កូរ៉ូណា​នៅ​កម្ពុជា​៖ ពល​រដ្ឋ​សង្ស័យ ភ័យ​ខ្លាច មិន​ទុក​ចិត្ត​

សំឡេង ០៩:២២
វីរុសកូរ៉ូណានៅកម្ពុជា៖ ពលរដ្ឋសង្ស័យ ភ័យខ្លាច មិនទុកចិត្ត
វីរុសកូរ៉ូណានៅកម្ពុជា៖ ពលរដ្ឋសង្ស័យ ភ័យខ្លាច មិនទុកចិត្ត @REUTERS
ដោយ៖ អ៊ឹម រចនា
៣២ នាទី

គិត​ត្រឹម​ថ្ងៃ​ទី​១៦​កុម្ភៈ វីរុស​កូរ៉ូណា Covid-19 បាន​សម្លាប់​មនុស្ស​អស់​ជាង​១​ពាន់​៦​រយ​នាក់ នៅ​ទូទាំង​ពិភពលោក​។ ក្រៅ​ពី​អ្នក​ស្លាប់ ចំនួន​អ្នក​ផ្ទុក​មេរោគ​បាន​កើន​ឡើង​រហូត​ដល់​ជិត​៧​ម៉ឺន​នាក់​ហើយ​។ នៅ​ចំពោះ​មុខ​ស្ថានភាព​នេះ ប្រជាពលរដ្ឋ​នៅ​កម្ពុជាមួយ​ចំនួន​​ហាក់​ដូច​ជា​មាន​ក្ដី​បារម្ភ​និង​ភ័យ​ខ្លាច​ខ្លាំង​។ ម្យ៉ាង​ដោយ​សារ​តែ​ពួក​គាត់​នៅ​សង្ស័យ ពុំ​ទាន់​ជ្រាប​ច្បាស់​លាស់​អំពី​មេរោគ​កូរ៉ូណា​ថ្មី។ និង​ម្យ៉ាង​ទៀត ដោយ​សារ​តែ​ពួក​គាត់​​ពុំ​ទុក​ចិត្ត​លើ​អាជ្ញាធរ​សុខាភិបាល​​ខ្មែរ​។ ពុំ​ទុក​ចិត្ត​​ថា​គ្រូ​ពេទ្យ​ខ្មែរ មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ការ​ទប់​ស្កាត់​និង​ព្យាបាល​មេរោគ​ដ៏​កាច​សាហាវ​នេះ​ឲ្យ​បាន​ជា​ស្រឡះ​។ 

ផ្សាយពាណិជ្ជកម្ម

​ព័ត៌មាន​ស្ដី​ពី​ការ​ផ្ទុះ​ឡើង​នៃ​មេរោគ​កូរ៉ូណា​ថ្មី ត្រូវ​គេ​ផ្សព្វផ្សាយ​​តាំងពី​ចុង​​ខែ​ធ្នូឆ្នាំ២០១៩​មក​ម្ល៉េះ ប៉ុន្តែ​នៅ​កម្ពុជា ការ​ភ្ញាក់​ផ្អើល​ទើប​តែ​កើត​មាន​នៅ​ពាក់​កណ្ដាល​ខែ​មករា​ឆ្នាំ​២០២០​​ប៉ុណ្ណោះ​។ គេ​នៅ​ចាំ​បាន​ថា កាល​ណោះ ប្រជាពលរដ្ឋ​ខ្មែរ​នាំ​គ្នា​ភិត​ភ័យ ដោយ​បាន​សម្ដែង​ក្ដី​បារម្ភ​ខ្លាច​ឆ្លង​មេរោគ​កូរ៉ូណា​ថ្មី​នេះ​គ្រប់​ៗ​គ្នា​។ ម្នាក់​ៗ​នាំ​គ្នា​ទៅ​សម្រុក​ទិញ​ម៉ាស​បិទ​មុខ​និង​អាល់កុល​សម្រាប់​លាង​ដៃ រហូត​ធ្វើ​ឲ្យ​ទំនិញ​ទាំង​ពីរ​ប្រភេទ​នេះ​ឡើង​ថ្លៃ​យ៉ាង​ខ្លាំង រហូត​ដល់​ដាច់​ស្តុក​រក​ទិញ​លែង​បាន​ថែម​ទៀត​​។

មែន​ទែន​ទៅ ភាព​ភ័យ​ខ្លាចដូច្នេះ ពុំ​មែន​កើត​មាន​តែ​នៅ​ប្រទេស​កម្ពុជា​ឡើយ​។ ប្រជាជន​នៅ​តាម​បណ្ដា​ប្រទេស​ដទៃ​ទៀត ក៏​ភ័យ​ព្រួយ​បារម្ភ​ខ្លាច​ឆ្លង​មេរោគ​កូរ៉ូណា​ថ្មី​នេះ​ដែរ​ ព្រោះ​សូម​កុំ​ភ្លេច​ថា កាល​ណោះ និង​សូម្បី​តែ​នៅ​ពេល​នេះ​ក៏​ដោយ គេ​នៅ​មិន​ទាន់​រក​ឃើញ​នៅ​ឡើយ ប្រភព​ច្បាស់​លាស់​ដែល​បង្ក​​ឲ្យ​កើត​មាន​មេរោគ​កូរ៉ូណា​ថ្មី​នេះ។ វ៉ាក់សាំង​បង្ការ​ក៏​ពុំ​ទាន់​មាន ការ​ចម្លង​ក៏​លឿន​រហ័ស ហើយចំនួន​មនុស្ស​ស្លាប់​ដោយ​សារ​តែ​មេរោគ​នេះ​ក៏​ចេះ​តែ​កើន​ឡើង​យ៉ាង​គំហុក​ពី​មួយ​ថ្ងៃ​​ទៅ​មួយ​ថ្ងៃ​។

យ៉ាង​ណា​ក៏​ដោយ នៅ​កម្ពុជា គេ​សង្កេត​ឃើញ​ថា ការ​ភ័យ​ខ្លាច​របស់ពលរដ្ឋ​កើត​ឡើង​ដោយ​សារ​តែ​ពួក​គាត់​នៅ​សង្ស័យ ពុំ​ទាន់យល់​ជាក់​​ច្បាស់​​អំពី​មេរោគ​កូរ៉ូណា​ថ្មី។ ដើម្បី​ឲ្យ​ពលរដ្ឋ​យល់​ច្បាស់​អំពី​ជំងឺ​ឆ្លង និង​របៀប​ការពារ​ខ្លួនឲ្យ​ចៀស​ផុត​ពី​ការ​ឆ្លង ក្រសួង​សុខាភិបាល​ត្រូវ​តែ​ជា​អ្នក​នាំ​មុខ​គេ ក្នុង​ការ​ជូន​ដំណឹង អប់រំ និង​ផ្សព្វផ្សាយ​។ ប៉ុន្តែ​នៅ​ក្នុង​ករណី​មេរោគ​កូរ៉ូណា​នេះ ក្រសួង​សុខាភិបាលខ្មែរ​បែរ​ជា​ដើរ​តាមពី​​ក្រោយ​បណ្ដាញ​សង្គម​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទៅ​វិញ​។ គឺ​ទាល់​តែ​ពលរដ្ឋ​​ខ្មែរ​ចាប់​ផ្ដើម​ភ័យ​ព្រួយ​ជ្រួល​ច្របល់​សម្រុក​ទៅ​ទិញ​ម៉ាស​និង​អាល់កុល​លាង​ដៃ​ទៅ​ហើយ ទើប​ក្រសួង​សុខាភិបាល​ខ្មែរ​នាំ​គ្នា​ធ្វើ​ការ​សស្រាក់​សស្រាំ​។ ផ្ទុយ​មក​វិញ ប្រសិន​បើ​ក្រសួង​សុខាភិបាល ​បាន​ជូន​ដំណឹង ​និង​អប់រំ​ផ្សព្វផ្សាយ​ទៅ​ដល់​ប្រជាពលរដ្ឋ​បាន​ឆាប់​រហ័សជាង​នេះ យ៉ាង​ហោច​ណាស់ ភាព​ភ័យ​ព្រួយ​របស់​ពួក​គាត់​ទំនង​ជា​អាច​កាត់​បន្ថយ​បានមួយ​កម្រិត។

ជា​ការ​ពិត​ហើយ​ថា ក្រោយ​ៗ​មក​នេះ មន្ដ្រី​នៃ​ក្រសួង​សុខាភិបាល​បាន​ចេញ​មុខ​អប់រំ​ផ្សព្វផ្សាយ​កាន់​តែ​ច្រើន​និង​ញឹកញាប់​អំពី​មេរោគ​កូរ៉ូណា​ថ្មី​។ ប៉ុន្តែ​បើ​ទោះ​បី​ជា​ដូច្នេះ​ក៏​ដោយ ការ​ជឿជាក់​របស់​សាធារណៈ​ចំពោះ​អាជ្ញាធរ​សុខាភិបាល​កម្ពុជា នៅ​តែ​មាន​កម្រិត​នៅ​ឡើយ​។

ពលរដ្ឋ​ខ្មែរ ពុំ​​ទុក​ចិត្ត​លើ​ក្រសួង​​សុខាភិបាល​​ខ្មែរ​ និង​ពុំ​ទុក​ចិត្ត​​ថា​គ្រូ​ពេទ្យ​ខ្មែរ មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ការ​ទប់​ស្កាត់​និង​ព្យាបាល​មេរោគ​ដ៏​កាច​សាហាវ​នេះ​ឲ្យ​បាន​ជា​ស្រឡះ បើ​ទោះ​បី​ជា​គ្រូ​ពេទ្យ​ខ្មែរ បាន​ព្យាបាល​អ្នក​ជំងឺ​ជនជាតិ​ចិន​ម្នាក់ឲ្យ​ជា​សះស្បើយ​ពី​មេរោគ​កូរ៉ូណា​ថ្មីកាល​ពី​ដើម​ខែ​កុម្ភៈ​ថ្មី​ៗ​នេះ​ក៏​ដោយ​។

ចម្ងល់ ការ​សង្ស័យ និង​លែង​​ទុក​ចិត្ត មាន​ទំហំ​កើន​ឡើង​ទ្វេ​ដង នៅ​ពេល​ដែលកម្ពុជា​និង​ម៉ាឡេស៊ី អះអាង​ផ្សេង​គ្នា​ចំពោះ​ករណី​មេរោគ​កូរ៉ូណា​ថ្មី​លើ​ស្ដ្រី​អ្នក​ដំណើរ​នៃ​នាវា​ទេសចរណ៍ Westerdam ​ជនជាតិ​អាមេរិកាំង​ម្នាក់​។ ក្នុង​នោះ អាជ្ញាធរ​ម៉ាឡេស៊ី​បាន​ប្រកាស​ពី​លទ្ធផល​នៃ​ការ​ធ្វើ​តេស្តន៍​ស្តង់ដារ​ពិភពលោក​របស់​ខ្លួន​ថា ស្ដ្រី​អ្នក​ដំណើរ​ជនជាតិ​អាមេរិកាំង ដែល​ចាកចេញ​ពីនាវា Westerdam រួច​ហោះ​ហើរ​ពី​កម្ពុជា​ទៅម៉ាឡេស៊ី​រូប​នេះ មាន​​ផ្ទុក​មេរោគ​កូរ៉ូណា​ថ្មី​។ ប៉ុន្តែ​កម្ពុជា​អះអាង​ម្ដង​ជា​ពីរ​ដង​ថា ការ​ធ្វើ​តេស្តន៍​លើ​ស្ដ្រី​រូប​នោះ​មុន​ពេល​ចាក​ចេញ​ពី​កម្ពុជា បង្ហាញ​លទ្ធផល​អវិជ្ជមាន ហើយ​កម្ពុជា​បាន​ស្នើ​ឲ្យ​ម៉ាឡេស៊ី​ត្រួត​ពិនិត្យ​នូវ​លទ្ធផល​នៃ​ការ​ធ្វើ​តេស្តន៍​នោះ​ឡើង​វិញ ដើម្បី​ធានា​ពី​សុក្រឹតភាព​។

នៅ​ចំពោះ​មុខ​ភាព​ចម្រូង​ចម្រាស់​នេះ ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ចំនួន​ពីរ​។ ប៉ុន្តែ​សេចក្ដី​ប្រកាស​ព័ត៌មាន​ចំនួន​ពីរ​នេះ មិន​អាច​បញ្ចប់​ចម្ងល់ និង​ការ​សង្ស័យ​របស់​ពលរដ្ឋ​ខ្មែរ​បាន​ឡើយ​។ ក្រសួង​សុខាភិបាល​កម្ពុជា គួរ​តែ​ចេញ​មុខ​ពន្យល់​ដោយ​ផ្ទាល់មាត់​​ឲ្យ​បាន​ច្បាស់​លាស់​ចំពោះ​ករណី​នេះ​។ ការ​ចេញ​មុខ​ពន្យល់​របស់​មន្ដ្រី​ជំនាញ​សុខាភិបាល មិន​ត្រឹម​តែ​អាច​​ស្រាយ​ចម្ងល់​របស់​ប្រជាពលរដ្ឋ​ទូទៅ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ទំនង​ជា​អាច​ស្ដារ​ទំនុក​ចិត្ត​របស់​ប្រជាពលរដ្ឋ​ចំពោះ​ប្រព័ន្ធ​សុខាភិបាល​ខ្មែរ​ផង​ដែរ ទោះ​ក្នុង​កម្រិត​តិច​ឬ​ច្រើន​ក្ដី​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ