៥ឆ្នាំក្រោយការស្លាប់របស់លោកឈុត វុទ្ធី
ចុះផ្សាយនៅថ្ងៃ៖
គិតមកដល់ថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០១៧នេះ មានរយៈពេល ៥ឆ្នាំគត់ ដែលលោកឈុត វុទ្ធីត្រូវបានបាញ់សម្លាប់ក្នុងព្រៃនៃខេត្តកោះកុង។ ក្រុមអង្គការសង្គមស៊ីវិល ចាប់តាំងពីថ្ងៃ ដែលលោកស្លាប់ រហូតមកដល់ពេលនេះ តែងតែប្រារព្ធខួបនៃការស្លាប់របស់លោក និងបានលើកឡើងថា លោកឈុត វុទ្ធី និងក្រុមគ្រួសារមិនទាន់បានទទួលយុត្តិធម៌នៅឡើយទេ។
លោកឈុត វុទ្ធី កើតនៅឆ្នាំ ១៩៧២ លោករស់នៅក្នុងភូមិវិហារសួរគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ លោកឈុត វុទ្ធី បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតយោធាមកពីប្រទេសរុស្សី។ បន្ទាប់ពីលោកបញ្ចប់ការសិក្សានៅឆ្នាំ ១៩៩២ លោក ឈុត វុទ្ធី បានចូលបំរើការនៅក្រសួងការពារជាតិ។
ប៉ុន្តែដោយការស្រឡាញ់បរិស្ថាន លោកឈុត វុទ្ធី បានឈប់ពីការងារហើយចូលបំរើការងារនៅក្នុងអង្គការ Global Witness នៅឆ្នាំ ២០០៣។ ក្រោយមកលោកបានបង្កើតអង្គការការពារធនធានធម្មជាតិ ដែលរូបលោកផ្ទាល់គឺជាប្រធាន។
ប្រធានអង្គការការពារធនធានធម្មជាតិ ត្រូវបានបាញ់សម្លាប់ កាលពីថ្ងៃទី ២៦ខែមេសា ឆ្នាំ ២០១២ នៅភូមិវាលបី ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្នុងពេលដែលលោកបានជូនផ្លូវក្រុមអ្នកកាសែត ២រូបរបស់កាសែត The Cambodia Daily ចុះយកព័ត៌មាននៅជិតដែនព្រៃការពារក្នុងខេត្តកោះកុង ជាទីកន្លែងដែលលោកធ្លាប់ព្យាយាមជាច្រើនដង ដើម្បីបើកកកាយសំណុំរឿងកាប់ព្រៃឈើខុសច្បាប់ ដែលមានទាក់ទងនឹងមន្ត្រីយោធា។
លោកសេង សុខហេង បច្ចុប្បន្នជាអ្នកសម្របសម្រួលលេខាធិការដ្ឋាននៃបណ្ដាញសហគមន៍ព្រៃឡង់ និងជាមិត្តរួមការងាររបស់លោក ឈុត វុទ្ធី បានប្រាប់ថា លោកឈុត វុទ្ធីជាមនុស្សសកម្ម ហ៊ាននិយាយត្រង់ៗពីការបំផ្លាញបរិស្ថាន និងធនធានធម្មជាតិ។ ក្រៅពីនេះលោកឈុត វុទ្ធីមានស្នាដៃការពារបរិស្ថាន និងធនធានធម្មជាតិជាច្រើន ដូចជាការបង្កើត និងចងក្រងសហគមន៍ តាមតំបន់ព្រៃ ផ្តល់ការប្រឹក្សាផ្នែកច្បាប់ ផ្តល់ចំណេះដឹងដល់សហគមន៍ ចំពោះកិច្ចការពារធនធានធម្មជាតិ និងជំនាញតស៊ូមតិជាដើម។
លោកសុខ ហេង បន្ថែមថា លោកឈុត វុទ្ធី គឺជាអ្នកចាប់ភស្តុតាងពីជនខិលខូចផ្តល់ឲ្យរដ្ឋាភិបាល និងរាយការណ៍ពីសកម្មភាពអ្នកមានអំណាចទៅកាន់សារព័ត៌មាន។ ដោយសារតែសកម្មភាពទាំងនោះហើយ ទើបមានការគំរាមមកលើលោកឈុត វុទ្ធី ជាច្រើនលើកច្រើនសារ រហូតដល់ការបាញ់សម្លាប់រូបលោកនៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០១២។
នៅឆ្នាំ ២០១៤ លោកឈុត វុទ្ធី ក៏ត្រូវបានលោកអតីតប្រធានាធិបតីអាមេរិក អូបាម៉ា បានថ្លែងកោតសរសើរចំពោះវីរភាពរបស់លោក ឈុត វុទ្ធី ហើយបានចាត់ទុកការបាញ់សម្លាប់សកម្មជនរូបនេះ នៅកណ្តាលព្រៃនៃ ខេត្តកោះកុង កាលពីជាងពីរឆ្នាំមុនថា ជាការសម្លាប់បំបិទមាត់។
ដើម្បីរំឮកនូវវីរភាព ក្រោយការស្លាប់របស់លោកឈុត វុទ្ធី ៥ឆ្នាំ បណ្តាញសហគមន៍ព្រៃឡង់ និងបណ្ដាញយុវជនកម្ពុជាបានរៀបចំយុទ្ធការតាមបណ្តាញសង្គម ដែលមានការផ្សព្វផ្សាយរូបថតរបស់លោកឈុត វុទ្ធី ហើយនៅថ្ងៃទី ២៦ ខែមេសា ក៏មានការប្រមូលផ្តុំគ្នាប្រមាណ ២០០នាក់ នៅមុខព្រះបរមរាជវាំង ដើម្បីធ្វើពិធីបួងសួង ចាក់ផ្សាយវីដេអូ រឿង “ខ្ញុំជាឈុត វុទ្ធី” តាមបណ្តាញសង្គមផងដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ