អានតួអត្ថបទ
កម្ពុជា

កម្ពុជារៀបចំមហោស្រពសៀកអន្ដរជាតិ ដើម្បីប្រមូល​លុយ​ជួយកុមារ និង​សិល្បករសៀក

សៀកខ្មែរ​នៅក្នុង​មហោស្រពសៀកអន្ដរជាតិ ឆ្នាំ​២០១៥
សៀកខ្មែរ​នៅក្នុង​មហោស្រពសៀកអន្ដរជាតិ ឆ្នាំ​២០១៥ @photo collegue
ដោយ៖ ហេង ឧត្តម
1 នាទី

សិល្បករ​សៀក​មក​ពី​៥ប្រទេស នឹងរួមគ្នា​សម្ដែង​ក្នុង​ព្រឹត្តិការណ៍​មហោ​ស្រព​សៀក​អន្តរជាតិ ជាលើកទី២ ក្នុង​ខែ​ឧសភា​នេះ​។ សិល្បករ​សៀក​ទាំងនោះ​មកពី​ប្រទេស​បារាំង​ តៃវ៉ាន់​ ស្វីស ​វៀតណាម ​និងកម្ពុជា ហើយ​​នឹង​សម្តែង​នៅ​ក្រុង​ភ្នំពេញ សៀមរាប ​និង ​បាត់​ដំបង​។ មហោ​ស្រព​​សៀក​អន្តរជាតិនេះ ចាប់ផ្ដើម​សម្ដែង ពី​ល្ងាច​​ថ្ងៃព្រហស្បតិ៍ ទី៧ឧសភានេះ​តទៅ​។ 

ផ្សាយពាណិជ្ជកម្ម

នេះ​ជា​លើក​ទី២​ហើយ ដែល​កម្ពុជារៀបចំ​មហោស្រប​សៀក​អន្ដរជាតិ។ ឆ្នាំ២០១៥​នេះ ​មាន​សហការ​ពី​ក្រុម​ហ៊ុន និងអង្គការ​ហ្វារ សាលា​សៀក​ជាតិ និងដៃគូ​​សិល្បករ​ មកពី​៤ប្រទេស​ផ្សេង​​​ទៀត។ ​គោល​បំណង​នៃ​មហោស្រព​ឆ្នាំ​នេះ គឺ​ដើម្បី​ផ្លាស់ប្ដូរបទពិសោធ​ វប្បធម៌ ​និង​រឹត​ចំណង​​មិត្តភាព​រវាងគ្នា​នឹងគ្នា ព្រម​ទាំង​រៀន​ពីគ្នា​ទៅវិញ​ទៅ​មក​លើ​ផ្នែក​បច្ចេកទេស​។ ​ជាពិសេស​ នោះគឺឲ្យ​សិស្បករសៀក​ខ្មែរ​​ស្គាល់គ្នាជាមួយ​សិល្បករ​បរទេស​។​

សិល្បៈ​សៀក​មាន​យូរមក​​ហើយ​​នៅ​ក្នុង​វប្បធម៌​ខ្មែរ។ ពោល​គឺតាំងពី​បូរាណ​រៀង​មកនិង​មាន​រូប​ចម្លាក់ជា​ភស្តុតាង​​នៅ​តាម​ប្រាំង​ប្រាសាទ​ខ្មែរ​ទៀត​​ផង។ នេះ​បើ​តាម​ការ​អះអាង​របស់​អ្នក​ស្រី​ ភោគ ណារិន នាយិកា​សាលា​សៀក​ជាតិ​នៃ​ក្រសួង​វប្បធម៌។ ទោះ​យ៉ាងនេះក្តី ​អ្នក​ស្រី​ ភោគ​ ណារិន យល់​ថា ពលរដ្ឋ​ខ្មែរ​ហាក់​មិន​ទាន់​យល់​ពី​សិល្បៈសៀក និង​ស្គាល់​ពី​សៀក​ច្បាស់​​នៅឡើយ​ទេ។ ប៉ុន្តែ​ផ្ទុយពីនេះ អ្នក​នាង សួស ស៊ីណាត ដែល​ជា​អ្នក​ដែល​ប្រលូក​​ក្នុង​វិស័យ​សៀក​ជាង​​១០ឆ្នាំមក​ហើយយល់​ខុស​ពីនេះ​។ ​ជា​អ្នក​រៀប​ចំ​​ម្នាក់​របស់កម្មវិធី​ «ទីនេះ​ទីនោះ»​ អ្នក​នាង ស៊ីណាត គិត​ថា សិល្បៈសៀក​ មាន​​អ្នក​ចាប់​អារម្មណ៍​ច្រើន តែ​ពួក​គេ​អត់​ឱកាស​​រៀន​ ហើយ​ពលរដ្ឋ​ខ្មែរមួយ​ចំនួន​ក៏​ចាប់​អារម្មណ៍​សៀក​ច្រើនជាង​មុន​ដែរ។

សូម​ជម្រាបថា មហោស្រព​​សៀក​ឆ្នាំ​នេះ​ គឺ​​​​ប្រាព្ធ​ធ្វើ​​​នៅ​​​ក្នុង​​​ក្រុង​​​ភ្នំ​​​ពេញ​​ រយៈពេល​៣ថ្ងៃ គឺ​​​​​ថ្ងៃ​​​ទី​​​៧ដល់ទី​​​​៩​​​​ឧសភា ​​និង​ចាប់​ផ្តើម​វេលា​ម៉ោង​​៦ល្ងាច ​នៅ​​​ឯ ​​​ប៊ិចថប់ សាលា​​​សៀក​​​ជាតិ​​​​​​ទល់​មុខ​​​​រដ្ឋ​​​សភាជាតិ។​​ចំណែក​នៅ​​​​ក្រុង​សៀម​រាប ចាប់ពី​ថ្ងៃ​​​​ទី​​​១១ដល់ទី​​​​១៣ ​​​នៅ​​​ឯអគារ​​​​​​សៀក​​​ហ្វា​​​រ គឺ​នៅ​​​ក្រោយ​​​សារមន្ទីរ​​​ជាតិ​​​អង្គរ ហើយ​​នៅ​​ថ្ងៃ​​​ទី​​​១៥ និង​​​១៦ឧសភាខាងមុខ ​​សៀក​អន្តរជាតិនឹង​សម្តែង​នៅ​​​​ឯ​​​បរិវេណអង្គការ​ហ្វារពន្លឺ​​​សិល្បៈ ខេត្ត​បាត់​ដំបង​​។

គួរ​បញ្ជាក់ថា សំបុត្រចូល​ទស្សនា​ គឺ​តម្លៃពី​១០ទៅ​២០ដុល្លារ​សហរដ្ឋអាមេរិក ហើយប្រាក់​ដែល​ចំណូល​បាន​ការ​លក់​សំបុត្រ​ គឺ​ត្រូវ​​ចែកដល់​​សិល្បករ និង​ផ្គត់​ផ្គង់​ដល់​កុមារ​ក្នុង​អង្គការ​ហ្វា​រ​​។ 

ក្នុង​កំលុង​​​ពេល​​​​​​ធ្វើ​​​មហោ​​​ស្រពនេះ សាលា​​​សៀក​​​ជាតិ​​​ នឹង​​​សម្តែង​​​រឿង​ព្រះ​​​សុធននិង​នាង​កែវមនោរា ចំណែក​​​​ក្រុមហ៊ុន​និងអង្គការ​​​ហ្វារ​​​ ​​​សម្តែង​​​​​សៀក​​​​សហ​​​សម័យទាក់​​​​​​ទង​នឹង​​​ស្ត្រី​​​ម្នាក់​​​ ដែល​​​រួច​ជីវិត​ពី​របបខ្មែរក្រហម​ និង​ខំ​ប្រឹង​ស្វិត​ស្វាញ​ដើម្បី​ត្រដរ​រស់​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ