សាលាក្រុងកំពុងធ្វើការរៀបចំបន្ថែមសេវាធ្វើដំណើរសាធារណៈដល់ប្រជាពលរដ្ឋ
ចុះផ្សាយនៅថ្ងៃ៖
បន្ទាប់ពីទទួលបានជំនួយឧបត្ថម្ភរថយន្តថ្មី១០០គ្រឿងពីរដ្ឋាភិបាលចិន កាលពីថ្ងៃទី១៣ កក្កដា ឆ្នាំ២០១៧កន្លងទៅ សាលាក្រុងភ្នំពេញមានគោលដៅដាក់ផ្លូវឡានក្រុងបន្ថែម ៧ខ្សែ ទៅលើផ្លូវចាស់៣ខ្សែ ឲ្យគ្រប់១០ខ្សែ សម្រាប់ឲ្យសាធារណជនទាំងអស់អាចចូលរួមប្រើប្រាស់សេវាដឹកជញ្ជូននេះ ដើម្បីកាត់បន្ថយការស្ទះចរាចរណ៍ និងការចំណាយច្រើន។
អត្ថបទដោយ ប៊ុន សៅសុភនាថ
លោកម៉េត មាសភក្តី អ្នកនាំពាក្យសាលាក្រុងរាជធានីភ្នំពេញ បានប្រាប់វិទ្យុបារាំងអន្តរជាតិ នៅព្រឹកថ្ងៃព្រហស្បតិ៍ ថាសាលាក្រុងនឹងបង្កើតឲ្យមានរថយន្តក្រុងរត់លើផ្លូវសរុបចំនួន១០ ខ្សែ។ លោកបានបន្តថា ការធ្វើបែបនេះគឺត្រូវធ្វើជាដំណាក់កាល ហើយពេលនេះ ជាដំណាក់កាលទី១ ដែលសាលាក្រុងនឹងបន្ថែម ៣ខ្សែសិន។
រថយន្ដ១០០គ្រឿង ដែលក្នុងនោះមាន ៩៨គ្រឿងជារថយន្តដឹកអ្នកដំណើរ នឹងយកមកជំនួសរថយន្តក្រុងចាស់ៗទាំងអស់ ដែលកំពុងប្រើប្រាស់សព្វថ្ងៃ ហើយឡានចាស់ទាំងនោះ ត្រូវយកទៅជួសជុលឡើងវិញ។ សូមបញ្ជាក់ថា ខ្សែឡានកំពុងដំណើរការទាំង៣ខ្សែ មានឡានក្រុងចំនួន ៥៧គ្រឿង ធ្វើដំណើរជាប្រចាំ។
ទាក់ទងទៅនឹងការបើកសម្ពោធឲ្យប្រើប្រាស់ផ្លូវឡានក្រុង ៣ខ្សែថ្មីនោះ មិនទាន់មានការដាក់កំណត់ច្បាស់លាស់ទេ ព្រោះត្រូវនៅចាំរថយន្តចាស់ៗឲ្យជួសជុលរួចរាល់សិន ទើបបើកឲ្យទាំងឡានចាស់ និងថ្មី រត់ព្រមគ្នាលើផ្លូវទាំង៦ ខ្សែតែម្តង។
ទោះយ៉ាងណាក៏ដោយ លោកម៉េត មាសភក្តី ថា មិនមានចំនួនបញ្ជាក់ពីការចំណាយទៅលើសេវាកម្មដឹកជញ្ជូនសាធារណៈនេះទេ។ តែលោកថា ការដែលដាក់សេវាដឹកជញ្ជូនឲ្យមានតម្លៃទាប ត្រឹមតែ១៥០០រៀលក្នុងមួយនាក់ គឺដើម្បីជួយសម្រួលការចំណាយរបស់ពលរដ្ឋ ក្នុងការធ្វើដំណើរជាងរៀងរាល់ថ្ងៃ។ លោកក៏បានរំពឹងថា នឹងមានប្រជាពលរដ្ឋច្រើនជាងមុន ប្រើប្រាស់ឡានក្រុងថ្មីទាំងនេះ ហើយក៏អាចកាត់បន្ថយការកកស្ទះចរាចរណ៏យានជំនិះលើដងផ្លូវផងដែរ។
សូមជំរាបថា សាលាក្រុងរាជធានីភ្នំពេញនឹងប្រកាសជាសាធារណៈឲ្យប្រជាពលរដ្ឋបានដឹងពីទីតាំងខ្សែឡានក្រុងថ្មី នៅពេលរៀបចំផ្លូវ និងចំណតរង់ចាំរួច៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ