អានតួអត្ថបទ
កម្ពុជា-សង្គម

​សាលា​ក្រុង​ដាក់​ឲ្យ​ដំណើរ​ការ​កម្មវិធី​ទូរស័ព្ទ​សម្រាប់​តាម​ដាន​រថយន្ត​ក្រុង​

មុខងារក្នុងកម្មវិធីទូរសព្ទ City Bus
មុខងារក្នុងកម្មវិធីទូរសព្ទ City Bus @FB
១១ នាទី

ថ្មីៗ​នេះ សាលា​ក្រុង​រាជធានី​ភ្នំពេញ បាន​ដាក់​ឲ្យ​ដំណើរ​ការ​កម្មវិធី​ទូរសព្ទ ដែល​អាច​មើល​ពី​ទិន្នន័យ​ទីតាំង​រថយន្ត​ក្រុង​ជាក់​ស្ដែង​បាន​។ ការ​ដាក់​ដំណើរ​ការ​កម្មវិធី​ទូរសព្ទ​នេះ គឺ​ក្នុង​គោល​បំណង​ជួយ​សម្រួល​ដល់​ការ​ប្រើ​ប្រាស់​សេវា​ដឹក​ជញ្ជូន​សាធារណៈ ឲ្យ​មាន​ភាព​ប្រសើរ​ជាង​មុន​។ 

ផ្សាយពាណិជ្ជកម្ម

កម្មវិធី​ទូរស័ព្ទ City Bus អាច​ឲ្យ​ប្រជាពល​រដ្ឋ​មើល​ឃើញ​ពី​ការ​ធ្វើ​ដំណើរ​របស់​រថយន្ត​ក្រុង​នៅ​លើ​ខ្សែណា​មួយ​បាន​យ៉ាង​ជាក់​ស្ដែង​។ តាម​រយៈ​អត្ថ​ប្រយោជន៍​របស់​កម្មវិធី​មួយ​នេះ អ្នក​ធ្វើ​ដំណើរ​មិន​បាច់​រង់ចាំ​យូរ​ដោយ​សារ​ការ​មិន​ទាន់​មក​ដល់​របស់​រថយន្ត​ក្រុង​ឡើយ​។ ផ្ទុយ​មក​វិញ អ្នក​ធ្វើ​ដំណើរ​អាច​ប៉ាន់​ស្មាន​ពី​រយៈ​ពេល​នៃ​ការ​មក​ដល់​របស់​រថយន្ត​ក្រុង​យ៉ាង​ច្បាស់ តាម​រយៈ​កម្មវិធី​ទូរស័ព្ទ​នេះ​។

លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា កម្មវិធី​នេះ​ក៏​អាច​នឹង​ជួយ​ឲ្យ​អ្នក​បើក​បរ​រថយន្ត​ក្រុង មើល​ដឹង​ពី​ការ​មក​ដល់​របស់​រថយន្ត​ក្រុង​ផ្សេង​ទៀត​នៅ​ចំណត​ណា​មួយ ដែល​ការ​មើល​ឃើញ​នេះ គឺ​អ្នក​បើក​អាច​បញ្ចៀស​កុំ​ឲ្យ​មាន​ការ​កក​ស្ទះ​ដោយសារ​វត្តមាន​រថយន្ត​ក្រុង​ច្រើន​ក្នុង​ចំណត​តែ​មួយ​បាន​។

នៅ​ក្នុង​កម្មវីធី​ទូរស័ព្ទ City Bus នេះ អ្នក​ប្រើ​ប្រាស់​អាច​មើល​ឃើញ​ពី​ចំនួន​ផ្លូវ​ឬ​ខ្សែ​ដែល​មាន​វត្តមាន​រថយន្ត​ក្រុង​ធ្វើ​ដំណើរ​ទៅ​មក​លើ​ផែនទី ហើយ​ក៏​អាច​មើល​ឃើញ​ពី​បង្គោល​ចំណត​រង់​ចាំ​ជា​ច្រើន​ផង​ដែរ​។

នៅ​ពេល​ដែល​អ្នក​ប្រើ​ប្រាស់​ចុច​ទៅ​លើ​ខ្សែ​ណា​មួយ​លើ​ផែនទី​នោះ វា​នឹង​បង្ហាញ​ពី​ព័ត៌មាន​បន្ថែម​នៃ​ខ្សែ​ផ្លូវ​ដូច​ជា ចំណត​ខ្សែ​នោះ​ចេញ​ពី​ទីតាំង​មួយ​ណា ហើយ​ធ្វើ​ដំណើរ​ទៅ​ដល់​ទីតាំង​មួយ​ណា​។ បើ​ចុច​លើ​រថយន្ត​ក្រុង​វិញ​នោះ អ្នក​ធ្វើ​ដំណើរ​នឹង​អាច​មើល​ឃើញ​ព័ត៌មាន​បន្ថែម​របស់​រថយន្ត​ក្រុង​ថែម​ទៀត​។

លោក អ៊ាន សុឃីម អភិបាល​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្ត​ក្រុង បាន​ឲ្យ​ដឹង​ថា អ្នក​ប្រើ​ប្រាស់​សេវា​ដឹក​ជញ្ជូន​សាធារណៈ​នេះ ភាគ​ច្រើន​សុទ្ធ​សឹង​តែ​ជា​សិស្ស និស្សិត មន្ត្រី​រាជការ​នានា ដែលប្រើ​ប្រាស់​ជា​ប្រចាំ​ថ្ងៃ​។

គួរ​បញ្ជាក់​ថា សព្វ​ថ្ងៃ មាន​រថយន្ត​ក្រុង​ចំនួន​២៣៥​គ្រឿង រត់​កាត់​លើ​ផ្លូវ​សរុប​ចំនួន​១៣​ខ្សែ​ពាស​ពេញ​រាជធានី​ភ្នំពេញ ហើយ​ក្នុង​មួយ​ថ្ងៃ​ចំនួន​ប្រជាពលរដ្ឋ​ដែល​ប្រើ​ប្រាស់​សេវា​ដឹក​ជញ្ជូន​តាម​រយៈ​រថយន្ត​ក្រុង​នេះ គឺ​មាន​ចំនួន​ចាប់​ពី ២ម៉ឺន​៦ពាន់​នាក់ រហូត​ដល់ ៣ម៉ឺន​នាក់​៕

អត្ថបទដោយ៖ ងួន វឌ្ឍនៈបណ្ឌិត

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ