សាលាក្រុងភ្នំពេញ៖ រថយន្តធុនធ្ងន់ទាំងអស់ មិនអនុញ្ញាតឲ្យចូលទីក្រុងភ្នំពេញ ចាប់ពីឆ្នាំ ២០១៦!
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សាលារាជធានីភ្នំពេញ ប្រកាសថានឹងមិនអនុញ្ញាតឲ្យរថយន្តធន់ធ្ងន់ទាំងអស់ រួមមានរថយន្តក្រុងដឹកអ្នកដំណើរ និងរថយន្តដឹកទំនិញ ចេញ-ចូលក្នុងទីក្រុងភ្នំពេញ ចាប់ពីឆ្នាំ២០១៦តទៅ ហើយតម្រូវឲ្យមានការបង្កើតចំណតក្រៅក្រុង។ បំរាមនេះ ត្រូវបានលើកធ្វើឡើង នៅក្នុងកិច្ចប្រជុំ ស្តីពីបញ្ហាក្រុមហ៊ុនដឹកជញ្ជូនធន់ធ្ងន់ និងក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ កាលពីថ្ងៃទី ២០សីហាម្សិលមិញ។
លោកឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ បានប្រាប់វិទ្យុបារាំងបន្ថែម នៅព្រឹកថ្ងៃសុក្រនេះថា ស្របនឹងបំរាមនេះ សាលារាជធានី ក៏កំពុងតែសិក្សាពីការរកទីតាំងចំណត សម្រាប់ក្រុមហ៊ុនដឹកជញ្ជូនទាំងនោះផងដែរ។ ហើយសាលាក្រុង នឹងផ្តល់ឲ្យមានចំណតរថយន្តក្រុងជាសាធារណៈគ្រប់ខ្សែ ដើម្បីសម្រួលដល់អ្នកដំណើរ ដែលត្រូវទៅរកសេវារថយន្តក្រុងទៅតាមខេត្តទាំងនោះ។ ការមិនអនុញ្ញាតឲ្យរថយន្តក្រុង ឬរថយន្តដឹកទំនិញ ធន់ធំ ចូលក្នុងក្រុងនេះ ត្រូវបានលោកឃួង ស្រេង ពន្យល់ពីមូលហេតុ និងអត្ថប្រយោជន៍ថា៖ សម្លេងលោកឃួង ស្រេង
បើតាម ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានឲ្យដឹងថា រហូតមកដល់ពេលនេះ មានក្រុមហ៊ុនដឹកទំនិញ និងក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ ប្រមាណ ៦០ក្រុមហ៊ុន បានចុះបញ្ជីត្រឹមត្រូវ ជាមួយមន្ទីរសាធារណការ។ ហើយកន្លងមក មន្ទីរបានចេញប័ណ្ណអនុញ្ញាត សំរាប់រថយន្តដឹកជញ្ជូនធុនធំ បានចំនួនជាង ៨ពាន់២០០រថយន្ត។ លើសពីផែនការខាងលើនេះ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងទីក្រុង សាលារាជធានីភ្នំពេញ នឹងពង្រីកការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ បង្កើនផ្លូវក្រវាត់ក្រុងជាបន្តបន្ទាប់ ឱ្យអស់នៅឆ្នាំ២០១៦។ ហើយសាលាក្រុង ក៏មានគម្រោងបង្កើតផ្លូវដែកលើអាកាស ៣ខ្សែ ឲ្យបានយ៉ាងយូរ ៥ឆ្នាំទៀត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ