អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

គម្រោង​ច្បាប់​អង្គការ៖ សភា​គួរ​តែ​បំពេញ​កង្វះ​ខាត​របស់​រដ្ឋាភិបាល

សំឡេង ០៥:១៨
សង្គម​ស៊ីវិល​ជួបជុំ​គ្នា​នា​ពេល​កន្លង​មក​
សង្គម​ស៊ីវិល​ជួបជុំ​គ្នា​នា​ពេល​កន្លង​មក​ RFI
ដោយ៖ ឯម មាឃ
៣០ នាទី

ទំនាក់​ទំនង​រវាង​រដ្ឋាភិបាល និង​អង្គការ​សមាគម​មិន​មែន​រដ្ឋាភិបាល​មួយ​ចំនួន ត្រូវ​បាន​បំពុល​ដោយ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល។ ខណៈ​ដែល​រដ្ឋាភិបាល​កម្ពុជា​ចង់​«ធានា​ភាព​ជា​ម្ចាស់​របស់​រដ្ឋ ក្នុង​ការ​ដឹកនាំ​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ» អង្គការ​សង្គម​ស៊ីវិល​ខ្លះ​កើត​«ក្តី​កង្វល់»ដោយសារ​ការ​តាក់​តែង​សំណើ​ច្បាប់​នោះ​«មិន​មាន​ការ​ប្រឹក្សា​គ្រប់​គ្រាន់»។ រដ្ឋសភា​កម្ពុជា​គួរ​តែ​បើក​ឱកាស​ឱ្យ​សង្គម​ស៊ីវិល​ផ្តល់​អនុសាសន៍​លើ​គម្រោង​ច្បាប់​របស់​ក្រសួង​មហា​ផ្ទៃ​នោះ។

ផ្សាយពាណិជ្ជកម្ម

ជា​ថ្មី​ម្តង​ទៀត អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន ទទួល​បរាជ័យ​ក្នុង​ការ​ធ្វើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ប្តូរ​ជំហ​រ​ចំពោះ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សមាគម ​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល។ លើក​មុន​ៗ ពួក​គេ​បាន​ប​ង់កម្លាំង​ទៅ​លើ​ការ​តវ៉ា​ប្រឆាំង​សេចក្តី​ព្រាង​ច្បាប់​បី​ទាក់ទង​នឹង​ប្រព័ន្ធ​តុលាការ ​ព្រម​ទាំង​សេចក្តី​ព្រាង​ច្បាប់​ពីរ​ទៀត​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត។ ឥឡូវ សំណើ​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល បាន​ធ្លាក់​ដល់​ដៃ​រដ្ឋសភា​ហើយ។ គ្មាន​ឡើយ​ផ្លូវ​សម្រាប់​រដ្ឋាភិបាល​សើររើ​ខ្លឹមសារ​នៃ​គម្រោង​ដ៏​ចម្រូង​សម្រាស់​នោះ។ តាម​បទ​ពិសោធន៍​គឺ​មាន​តែ​ពន្លឿន​សមាជិក​សភា​បន្ថែម។ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ចង់​ឃើញ ច្បាប់​នេះ​កើត​តាំង​ពី​ខែ​ឧសភា​មុន។

អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​កម្ពុជា​មិន​តិច​ទេ។ នៅ​ឆ្នាំ​២០១៤ ក្រសួង​មហាផ្ទៃ​កម្ពុជា​បាន​រាប់​ឃើញ​សរុប​៤៣៧៨អង្គការ​សង្គម​ស៊ីវិល ​ផ្សំ​ដោយ​១៧០៦សមាគម និង​២៦៧២អង្គការ​មិន​មែន​រដ្ឋាភិបាល។ ក្នុង​ឆ្នាំ​ដដែល ក្រសួង​នេះ​បាន​ចុះ​បញ្ជី​៥៣៩​អង្គការ​និង​សមាគម​ថ្មីៗ។ ដោយឡែក ក្រសួង​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា កត់ត្រា​បាន​៥៥៥​អង្គការ​មិនមែន​រដ្ឋាភិបាល​អន្តរជាតិ។ ស្ថិតិ​ពី​សង្គម​ស៊ីវិល​បង្ហាញ​ថា សមាគម និង​អង្គការ មិនមែន​រដ្ឋាភិបាល​ជាង​១១០០​អង្គភាព បាន​ចាយ​ជំនួយ​អន្តរជាតិ​ពី​៦០០​លាន​ទៅ​៧០០​លាន​​ដុល្លារ ​សម្រាប់«គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា» និង«បាន​ផ្តល់​ការងារ​ដល់​ប្រជាជន​ប្រហែល​៤៣០០០​នាក់​»នៅ​ឆ្នាំ​២០១២។ អង្គការ​ខ្លះ​បាន​សន្យា​ពន្យុះ​ពលរដ្ឋ​ឱ្យ«បោះឆ្នោត​ទម្លាក់»គណបក្ស​ណា​ដែល​លើក​ដៃ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នោះ​ផង។

តាម​ពិត រដ្ឋាភិបាល​កម្ពុជា​ដែល​ជា​អ្នក​ស្នើ​ច្បាប់​នេះ ក៏​ទទួល​ស្គាល់​ភាព​ជា​ដៃ​គូ​រវាង​ស្ថាប័ន​រដ្ឋ ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែរ។ ជាក់​ស្តែង​កម្មវិធី​នយោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​គឺ«ពង្រឹង និង​ពង្រីក​សហប្រតិបត្តិការ​ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល និង​សមាគម​នានា ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ស្រប​ច្បាប់ ហើយ​ធ្វើ​ប្រតិបត្តិ​ការ​ដោយ​ឈរ​លើ​គោលការណ៍​អភិបាល​កិច្ច​ល្អ និង​នីតិរដ្ឋ ដើម្បី​ចូលរួម​ក្នុង​ដំណើរការ​អភិវឌ្ឍ​សង្គម សេដ្ឋកិច្ច ការ​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស ព្រម​ទាំង​ចូលរួម​តាមដាន​ការ​អនុវត្ត​គោល​នយោ​បាយ​ផង​ដែរ»។

មែនទែន​ទៅ​ ការ​បង្កើត​ច្បាប់​ស្តី​ពី​សមាគម ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល គឺ​ជា​កាព្វកិច្ច​របស់​រដ្ឋាភិបាល​កម្ពុជា។ ម្យ៉ាង​គឺ​ដើម្បី​ឆ្លើយតប​តាម​មាត្រា​៤២​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ដែល​ថា សិទ្ធិ​បង្កើត​សមាគម​ដោយ​ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវ​កំណត់​ក្នុង​ច្បាប់ ហើយ​ម្យ៉ាង​ទៀត ដោយ​មើល​ឃើញ​គ្រោះ​ថ្នាក់​បង្ក​ឡើង​ដោយ​អង្គការ​ទុច្ចរិត​មួយ​ចំនួន រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​​សេចក្តី​ព្រាង​ច្បាប់​នេះ​ក្នុង​គោល​បំណង​ការពារ​ផល​ប្រយោជន៍​ស្រប​ច្បាប់​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល ការពារ​ផលប្រយោជន៍​សាធារណៈ ព្រម​ទាំង​លើក​កម្ពស់​សហប្រតិបត្តិ​ការ​ក្នុង​ភាព​ជា​ដៃគូ រវាង​អង្គការ​សង្គម​ស៊ីវិល និង​ស្ថាប័ន​រដ្ឋ។

ប៉ុន្តែ សង្គម​ស៊ីវិល​ប្រមាណ​ជា​៣៣៥អង្គការ យល់​ឃើញ​ថា សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នោះ ជា​គ្រោះថ្នាក់​សម្រាប់​ពួក​គេ និង​សម្រាប់​អង្គការ​តាម​សហគមន៍​ទៅ​វិញ។ បីបួន​ឆ្នាំ​មុន ក្រសួង​មហា​ផ្ទៃ​ក៏​ធ្លាប់​បាន​ពិគ្រោះ​សំណៅ​ព្រាង​ជាមួយ​ភាគី​ពាក់ព័ន្ធ​ខ្លះ​ដែរ ហើយ​បច្ចុប្បន្ន​ ចំនួន​៦,៧ភាគរយ​នៃ​អង្គការ​សង្គម​ស៊ីវិល​ទាំងអស់​នៅ​កម្ពុជា កំពុង​ខំ​ប្រឹង​បំផុស អនុសាសន៍​រួម​ដើម្បី​លើក​ទៅ​ជូន​រដ្ឋសភា​គិត​បន្ត។ នេះ​ក៏​ដោយសារ​​ការ​តាក់តែង​សេចក្តី​ព្រាង​របស់​ក្រសួង​មហាផ្ទៃ​ក្នុង​គ្រា​កន្លង​ទៅ«មិន​មាន​ការ​ប្រឹក្សា​គ្រប់​គ្រាន់​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ»ហើយ​ការណ៍​នេះ​ធ្វើ​ឱ្យ​ពួក​គេ​មាន​«ក្តី​កង្វល់»។

ដូច្នេះ​ដើម្បី​ជួយ​កាត់​បន្ថយ«កង្វល់»របស់​ដៃ​គូ​អភិវឌ្ឍន៍ គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា​កម្ពុជា ​គួរតែ​បើក​ឱកាស​ឱ្យ​អង្គការ​សង្គម​ស៊ីវិល​បញ្ចេញ​មតិ​ទៅ​លើ​សេចក្តី​ស្នើ​ច្បាប់​នោះ​ជា​ផ្លូវ​ការ ក្នុង​ពេល​វេលា​ដ៏​សមស្រប។ សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ​មួយ​ចំនួន ទទួល​អារម្មណ៍​ខក​ចិត្ត​ពេល​ឃើញ​សេចក្តី​ព្រាង​ច្បាប់​នេះ​ដំបូងៗ។ លើស​ពី​នេះ​ទៀត សេចក្តី​ព្រាង​ច្បាប់​ដ៏​មុត​ស្រួច​នោះ​ ចាក់​អង្គការ​អន្តរជាតិ​ចំនួន​៣២អង្គភាព ឱ្យ​វាយ​តម្លៃ​កាត់​មុខ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​កម្ពុជា​ថា សំណើ​ច្បាប់​នោះ​គឺ​«រំលោភ​សិទ្ធិ​ដែល​ការពារ​ដោយ​ច្បាប់​រដ្ឋ​ធម្មនុញ្ញ»។

កម្មវិធី​នយោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា​គឺ​ចង់«ធានា​ភាព​ជា​ម្ចាស់​របស់​រដ្ឋ ក្នុង​ការ​ដឹកនាំ​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ»។ ដូច្នេះ វា​ជា​រឿង​ធម្មតា​ដែល​រដ្ឋាភិបាល​ប៉ុន​ប៉ង​គ្រប់​គ្រង​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​ ។ ផ្ទុយ​ទៅ​វិញ រដ្ឋសភា​កម្ពុជា​ដែល​ជា​អង្គការ​នីតិប្បញ្ញត្តិ ប្រាកដ​ជា​មាន​លទ្ធភាព​ធ្វើ​ឱ្យ​ដំណើរ​នៃ​ការ​ អនុម័ត​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ប្រព្រឹត្ត​ទៅ​ដោយ​ឧត្តម​ប្រយោជន៍​ ប្រជាជាតិ​កម្ពុជា​ទាំង​មូល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ