សង្គមស៊ីវិល កម្មករនិយោជិត ប្រារព្ធទិវាសិទ្ធិមនុស្ស១០ធ្នូ ឆ្នាំ២០១៦ នៅទីលានប្រជាធិបតេយ្យ
ចុះផ្សាយនៅថ្ងៃ៖
នៅថ្ងៃទី១០ ខែធ្នូ នេះក្រុមអង្គការសង្គមស៊ីវិល សហគមន៍ដីធ្លី និងកម្មករនិយោជិត បានរួមគ្នាប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៦៨ នៅទីលានប្រជាធិបតេយ្យរាជធានីភ្នំពេញ ដោយមានកម្លាំងសមត្ថកិច្ចជាច្រើននាក់នៅក្បែរ កន្លែងជួបជុំនោះ។ ការជម្នះ ប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិនេះ ធ្វើឡើងក្រោយពីសាលាក្រុងភ្នំពេញហាមឃាត់មិនឲ្យមានការជួប ជុំណាមួយធ្វើឡើងទេ នៅទីលានប្រជាធិបតេយ្យនេះ។
តំណាងកម្មករនិយោជិត និងអង្គការសង្គមស៊ីវិល ប្រមាណ១ពាន់នាក់បានជួបជុំគ្នានៅម៉ោង៨ព្រឹកនេះ ដើម្បីចូលរួមក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ដោយពួកគេបានលើកបដាជាច្រើន ក្នុងន័យទាមទារសិទ្ធិសេរីភាពផ្សេងៗ និងសារមួយចំនួនទៀត ដើម្បីអបអរទិវានេះ។ បន្ទាប់ពីការជួបជុំគ្នាប្រធានសហជីព ប្រធានអង្គការសង្គមស៊ីវិល បានឡើងថ្លែងសារជាបន្តបន្ទាប់ ដែលផ្តោតលើសិទ្ធិតាមវិស័យផ្សេង និងបញ្ហាសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន។
លោកយង់ គិមអេង ប្រធានគណៈកម្មការរៀបចំបានថ្លែងថាសេរីភាពក្នុងការបញ្ចេញមតិ និងការជួបជុំនៅឆ្នាំ២០១៦នេះ មានឧបសគ្គជាច្រើន និងមានស្ថានភាពមិនល្អ បើធៀបទៅនឹងឆ្នាំកន្លងទៅ។ លោកបានបន្ថែមថានៅឆ្នាំនេះ មានការចាប់ខ្លួនមន្ត្រីអង្គការការពារសិទ្ធិមនុស្ស មានការសម្លាប់អ្នកវិភាគសង្គម ក្រៅពីនេះសកម្មជនព្រៃឈើ និងបរិស្ថាន ជាច្រើនត្រូវជាប់ពន្ធនាគារ។
ទោះបីជាស្ថានភាពសិទ្ធិមនុស្សមានភាពមិនល្អក្តី ប៉ុន្តែលោកគិមអេង កត់សម្គាល់ឃើញថានៅចុងឆ្នាំ២០១៦នេះ មានការបន្ធូរបន្ថយស្ថានភាពនយោបាយ ដោយមានការចូលប្រជុំសភាវិញពីគណបក្សប្រឆាំង ហើយលោកគិមអេងសាទរចំពោះការស្វែងរកដំណោះស្រាយ និងការបន្តវប្បធម៌សន្ទនារវាងអ្នកនយោបាយកម្ពុជា ដែលអាចឈានទៅការដោះលែងមន្ត្រីសិទ្ធិមនុស្សនាពេលខាងមុខ។
ចំណែកសហភាពការងារកម្ពុជា ដែលមានលោកអាត់ ធន ជាប្រធានបានចេញសេចក្តីថ្លែងការណ៍១២ចំណុច ក្នុងឱកាសទិវាសិទ្ធិមនុស្សអន្តរជាតិខួបលើកទី៦៨នេះ ស្នើរដ្ឋាភិបាលកម្ពុជាធ្វើវិសោធនកម្មមាត្រាមួយចំនួននៃច្បាប់សហជីព ដំឡើងប្រាក់ឈ្នួលកម្មករ២០០ដុល្លារក្នុងមួយខែ កំណត់តម្លៃទំនិញនៅលើទីផ្សារ បង្កើតតុលាការងារ បញ្ឈប់ការប្រើប្រាស់កិច្ចសន្យាការងាររយៈពេលខ្លី ដកបណ្តឹងទាំងឡាយ ដែលប្រឆាំងនឹងសហជីព ស្នើដល់រដ្ឋាភិបាលកម្ពុជាសេចក្តីប្រកាសស្តីពីសុខភាពសុវត្ថិភាពសម្រាប់កម្មករសំណង់ និងចំណុចមួយចំនួនទៀត។
គួរជំរាបជូនថាការជួបជុំគ្នារបស់ប្រជាពលរដ្ឋ ដែលមានអ្នករងគ្រោះដីធ្លី កម្មករនិយោជិត អង្គការសង្គមស៊ីវិលនៅទីលានប្រជាធិបតេយ្យប្រព្រឹត្តិទៅដូចការគ្រោងទុក បើទោះបីជាសាលាក្រុងភ្នំពេញបានព្យាយាមហាមឃាត់មិនឲ្យមានការជួបជុំនៅទីនោះក៏ដោយ។ ការជួបជុំនៅទីលានប្រជាធិបតេយ្យនេះ ធ្វើឡើងជាពីរក្រុម ក្នុងគោលបំណងស្រដៀងគ្នា ដោយក្រុមម្ខាងធ្វើនៅប៉ែកខាងលិច និងក្រុមម្ខាងទៀតធ្វើនៅប៉ែកខាងកើត។ នៅជុំវិញទីលានប្រជាធិបតេយ្យមានកម្លាំងសមត្ថកិច្ច ជាមួយខែល និងដំបង ជាច្រើនត្រូវបានដាក់ពង្រាយនៅទីនោះ។ ប៉ុន្តែការជួបជុំគ្នាមួយព្រឹកនេះ គ្មានការប៉ះទង្គិចណាមួយកើតឡើងទេ។
ក្រៅពីទិវាសិទ្ធិមនុស្សអន្តរជាតិនៅទីលានប្រជាធិបតេយ្យ របស់អង្គការសង្គមស៊ីវិល កម្មកររោងចក្រ និងសហគមន៍ដីធ្លីនោះ គណបក្សប្រឆាំងឯណោះវិញ ក៏បានរៀបចំទិវានេះនៅក្នុងទីស្នាក់ការគណបក្សដែរ ប៉ុន្តែគណបក្សប្រឆាំងបានធ្វើឡើងក្រោមប្រធានបទ សិទ្ធិក្នុងការបោះឆ្នោត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ