កម្ពុជាក្នុងការគំរាមពី សង្គ្រាមស៊ីវិល
ចុះផ្សាយនៅថ្ងៃ៖
ជម្លោះនយោបាយបានរុញច្រានឲ្យប្រទេសកម្ពុជាធ្លាក់ចូលក្នុងភ្លើងសង្គ្រាមជាច្រើនទសវត្ស។សង្គ្រាមនេះបានធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាបាក់ស្បាត់ លែងចង់ដឹងចង់ឮតទៅទៀត។ ប៉ុន្តែតើប្រទេសកម្ពុជាអាចគេចផុតពីការផ្ទុះសង្គ្រាមផ្ទៃក្នុងឡើងវិញបានដែរឬទេ?
ប៉ុន្មានសប្តាហ៍ចុងក្រោយនេះប្រមុខដឹកនាំនយោបាយនៃគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិបានបកស្រាយផ្ទុយស្រឡះពីគ្នាអំពីការផ្ទុះឡើងសារជាថ្មីនៃសង្គ្រាមស៊ីវិលឬសង្គ្រាមជាមួយប្រទេសជិតខាងជាយថាហេតុ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាអះអាងថាប្រសិនបើគណបក្សប្រឆាំងឈ្នះឆ្នោតក្នុងពេលខាងមុខអាចនឹងនាំឲ្យមានសង្គ្រាមស៊ីវិលកើតឡើងជាថ្មីម្តងទៀតនៅក្នុងប្រទេសកម្ពុជាឬសង្គ្រាមជាមួយប្រទេសជិតខាងអំពីបញ្ហាព្រំដែនជាដើម។ ប៉ុន្តែលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិច្រានចោលលទ្ធភាពបែបនេះ។
ជាបឋមយើងត្រូវក្រឡេកមើលអតីតកាលរបស់ប្រទេសកម្ពុជា។ ពោលគឺកម្ពុជាបានឆ្លងកាត់សង្គ្រាមស៊ីវិលដែលហែកហួរផ្ទៃក្នុងអស់រយៈពេលជាងបីទសវត្ស។ ហើយនៅទីបំផុតអ្វីដែលធ្ងន់ធ្ងរបំផុតនោះគឺសង្គ្រាមស៊ីវិលបានរុញច្រានឲ្យកម្ពុជាទាំងមូលធ្លាក់ចូលក្នុងរណ្តៅមួយយ៉ាងជ្រៅនៃរបបខ្មែរក្រហមដែលប្រៀបដូចជាឋាននរកសម្រាប់មនុស្សជាតិ។
សង្គ្រាមបានបង្កឲ្យមានការវិនាសគ្រប់បែបយ៉ាងសម្រាប់ពលរដ្ឋកម្ពុជា។ ស្ទើរតែគ្មានគ្រួសារកម្ពុជាណាម្នាក់បានគេចផុតពីការភៀសសឹក ការជម្លៀសនិងការបាត់បង់សមាជិកគ្រួសារដោយសារសង្គ្រាមឬដោយសារការកាប់សម្លាប់ដោយពួកខ្មែរក្រហម។
ហេតុដូចនេះតើសង្គ្រាមស៊ីវិលអាចលេចរូបរាងបក់បោកសារជាថ្មីលើទឹកដីអង្គរនេះបានដែរឬទេ? ចម្លើយគឺថា វាអាចកើតទៅរួចនិងមិនអាចកើតទៅរួច សុទ្ធតែជាលទ្ធភាពទាំងពីរ។
ចំពោះលទ្ធភាពដែលអាចបណ្តោយឲ្យមានសង្គ្រាមឬសង្គ្រាមស៊ីវិលកើតឡើងជាថ្មីនៅកម្ពុជាមានតិចតួចស្តួចស្តើងជាទីបំផុត។ លទ្ធភាពនេះអាចទៅរួចលុះណាតែកម្ពុជាស្ថិតក្នុងរបបយោធានិយម ហើយអ្នកនយោបាយខ្មែរលែងមានទំនុកចិត្តលើប្រពន្ធ័បោះឆ្នោតឬលែងឲ្យតម្លៃលើការបោះឆ្នោតតាមលក្ខណៈប្រជាធិបតេយ្យនិយម។
ប៉ុន្តែការប្រព្រឹត្តិបែបនេះនឹងធ្វើឲ្យកម្ពុជាដើរថយក្រោយទៅរកអតីតកាលដែលហួសសម័យ។ នោះគឺជាអតីតកាលរបស់កម្ពុជាដែលអ្នកនយោបាយដណ្តើមអំណាចគ្នាដោយចុងកាំភ្លើង។
ដោយឡែកចំពោះសង្គ្រាមស៊ីវិលដែលមិនអាចកើតឡើងវិញនោះមានលទ្ធភាពច្រើនលើសលុបប្រកបដោយភាពជាក់លាក់។ នោះគឺថាកម្ពុជានឹងមិនអាចបណ្តោយឲ្យមានសង្គ្រាមស៊ីវិលជាថ្មីនោះទេដោយសារ៖
ទី១-ប្រជាពលរដ្ឋខ្មែរធុញទ្រាន់ និងខ្លាចរអានឹងសង្គ្រាមរវាងជាតិសាសន៍គ្នាឯង។
ទី២-ប្រជាពលរដ្ឋបានយល់ដឹងយ៉ាងច្បាស់ថាសង្គ្រាមរវាងជាតិសាសន៍ឯងឬសង្គ្រាមស៊ីវិលនោះគ្រាន់តែជាឈ្នាន់ដណ្តើមអំណាចគ្នារបស់អ្នកនយោបាយតែប៉ុណ្ណោះ។ ទីបំផុតពលទាហានដែលស្ថិតក្រោមឧបករណ៍នយោបាយទេដែលជាអ្នករងគ្រោះនិងជាអ្នកបូជាជីវិតពិតប្រាកដ។ រីឯអ្នកនយោបាយតែងតែរត់គេចខ្លួនរកទីសុវត្ថិភាពក្នុងប្រទេសឬគេចខ្លួនទៅក្រៅប្រទេសក្រោយបរាជ័យក្នុងចម្បាំងឬការប្រទូសសារាយប្រដាប់អាវុធ ដូចសុភាសិតខ្មែរពោលថា«ដំរីជុលគ្នា ងាប់ស្រមោច»។ ហើយអ្នកនយោបាយតែងតែចាប់ដៃគ្នារលាក់ក្រោយពីមានការចរចាឬសម្រុះសម្រួលគ្នា។
ទី៣-កងកម្លាំងប្រដាប់អាវុធមិនបានដាក់ឲ្យស្ថិតក្រោមការបែងចែកតាមកូតាបក្សនយោបាយនោះទេ។ ដូច្នេះបើទោះបីជា បក្សនយោបាយឬអ្នកនយោបាយមិនត្រូវរ៉ូវគ្នានឹងមិនមានកងកម្លាំងប្រដាប់អាវុធដែលកាន់ជើងប្រឈមមុខដាក់គ្នាដោយសារតែការប្រកាន់ខ្សែបន្ទាត់នយោបាយនោះដែរ។
ទី៤-កម្ពុជាបានបញ្ចប់ទាំងស្រុងនូវកងកម្លាំងតស៊ូទ័ពព្រៃរបស់ពួកខ្មែរក្រហម។ ម្យ៉ាងវិញទៀតអតីតកងទ័ពព្រៃទាំងនោះបានគិតគូរពីបញ្ហាសេដ្ឋកិច្ចគ្រួសារ និងភាពសុខដុមនៃគ្រួសាររបស់ពួកគេច្រើនជាងការនឹកគិតដល់ការលំបាកដេកត្រាំត្រែងក្នុងព្រៃ កណ្តាលភ្លៀងដូចពេលមុន។ ជាពិសេសទៅទៀតក្បាលម៉ាស៊ីនដឹកនាំកងទ័ពព្រៃនិងអតីតមេបញ្ជាការពួកគេបានស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល និងមនុស្សមួយចំនួនកាន់តែចាស់ជរា ឬកំពុងស្ថិតក្រោមការកាត់ទោស។
ទី៥-គំរូនៃការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមដែលកំពុងដំណើរការបានព្រមានរួចជាស្រេចដល់អ្នកនយោបាយខ្មែរក្នុងការដឹកនាំសង្គ្រាមដើម្បីអំណាចរបស់ខ្លួន។ ហើយក៏ជាការព្រមានទុកថាការឡើងកាន់អំណាចដែលបង្កឲ្យប្រជាពលរដ្ឋខ្លួនឯងស្លាប់បាត់បង់ជីវិតអាចជាទោសឧក្រិដ្ឋហើយនឹងប្រឈមនឹងការកាត់ទោស។
ទី៦-ប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩៣មកបានជ្រើសរើសដំណើរការប្រជាធិបតេយ្យជាមូលដ្ឋានសម្រាប់ដឹកនាំនិងគ្រប់គ្រងរដ្ឋ។ ហើយការផ្លាស់ប្តូរអំណាចឬដណ្តើមអំណាចត្រូវធ្វើឡើងតាមរយៈការបោះឆ្នោត។ បន្ថែមពីនោះប្រជាពលរដ្ឋខ្មែរក៏យល់ដឹងកាន់តែច្បាស់អំពីសារសំខាន់នៃលទ្ធិប្រជាធិបតេយ្យនិងដំណើរការនៃលទ្ធិប្រជាធិបតេយ្យ។ គឺដំណើរការលទ្ធិប្រជាធិបតេយ្យដែលបញ្ជាក់ថាប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីដឹកនាំប្រទេស ប៉ុន្តែមិនមែនជាដំណើរការលទ្ធិប្រជាធិបតេយ្យតាមរយៈការធ្វើសង្គ្រាមនោះទេ។
ទី៧-ដោយសារប្រជាពលរដ្ឋកម្ពុជាបានបាក់ស្បាតដោយសារសង្គ្រាមដូច្នេះការលើកហេតុផលពីសង្គ្រាមស៊ីវិលជាយថាហេតុណាមួយ គឺជាគន្លឹះនយោបាយសំខាន់មួយដែរសម្រាប់ឲ្យប្រជាពលរដ្ឋដែលបានឆ្លងកាត់យុគដ៏លំបាកពិចារណាឡើងវិញ។ ប៉ុន្តែគន្លឹះនយោបាយនេះទំនងជាមិនមានឥទ្ធិពលប៉ុន្មានលើក្រុមយុវជនជំនាន់ថ្មីនោះឡើយ។
សរុបមកវិញគេហាក់ដូចជាមើលមិនឃើញថាកម្ពុជាអាចវិលត្រឡប់ទៅរកសង្គ្រាមស៊ីវិលបែបណានោះទេ បើទោះជាគណបក្សក្តោបក្តាប់រដ្ឋាភិបាលឬគណបក្សក្រៅរដ្ឋាភិបាលឈ្នះឆ្នោតក៏ដោយ។ ហើយវារឹតតែមិនមានលទ្ធភាពសម្រាប់កម្ពុជានៅក្នុងការបណ្តោយឲ្យកម្ពុជាមានសង្គ្រាមជាមួយប្រទេសជិតខាង ខណៈដែលកម្ពុជាស្ទើរតែមិនមានសាច់ដុំទាល់តែសោះក្នុងការប្រើកណ្តាប់ដៃជាមួយប្រទេសជាប់ព្រំដែនជាមួយខ្លួននោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ