អ្នកនាំពាក្យក្រសួងបរិស្ថាន៖ បុគ្គលម្នាក់ៗអាចការពារផែនដី ដោយការសន្សំសំចៃថាមពល និងដាំដើមឈើ
កាលពីថ្ងៃទី៣០ ខែមីនា លោក នេត្រ ភក្ត្រា ក្នុងទិវាមួយម៉ោងសម្រាប់ភពផែនដីឆ្នាំ២០១៩ បានអំពាវនាវប្រជាពលរដ្ឋគ្រប់គ្នា ចូលរួមក្នុងការការពារភពផែនដី តាមរយៈសកម្មភាពសន្សំសំចៃការប្រើប្រាស់ថាមពលដូចជាអគ្គិសនី ទឹក ហើយត្រូវចូលរួមដាំដើមឈើ និងកាត់បន្ថយសំណល់ជាដើម។ ជាការលើកឡើងខណៈរបាយការណ៍បង្ហាញថា ពិភពលោកកំពុងរងឥទ្ធិពលអាក្រក់កាន់តែខ្លាំងឡើង ដោយបម្រែបម្រួលអាកាសធាតុ។
ចុះផ្សាយនៅថ្ងៃ៖
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអ្នកនាំពាក្យបានថ្លែងថា “យើងទាំងអស់គ្នា ដែលជាបុគ្គលម្នាក់ៗ គ្រួសារនីមួយ ដែលកំពុងរស់នៅលើភពផែនដីនេះអាចចូលរួមក្នុងការការពារភពផែនដីរបស់យើងបានដោយគ្រាន់តែចូលរួមសន្សំសំចៃការប្រើប្រាស់ទឹក សន្សំសំចៃការប្រើប្រាស់ចរន្តអគ្គិសនី ចូលរួមដាំដើមឈើ និងកាត់បន្ថយសំណល់រឹងរាវសំរាម កាត់បន្ថយការដុតប្រេងឥន្ធនៈផូស៊ីល បិទម៉ាស៊ីនត្រជាក់ កំព្យូទ័រ និងសម្ភាៈប្រើប្រាស់ចរន្តអគ្គិសនីផ្សេងទៀតនៅពេល ដែលចាកចេញពីការិយាល័យ ឬពីផ្ទះ ព្រមទាំងប្រើប្រាស់សម្ភារៈ ដែលស៊ីភ្លើងតិច និងរស់នៅក្រោមការប្រតិបត្តិបរិស្ថានល្អ”។
ការអំពាវនាវរបស់ លោក នេត្រ ភក្ត្រា ធ្វើឡើងនៅក្នុងឱកាសនៃការប្រារព្ធទិវា “មួយម៉ោងសម្រាប់ភពផែនដី”ឆ្នាំ២០១៩ ក្រោមប្រធានបទ “ភ្ជាប់ទំនាក់ទំនងជាមួយនឹងផែនដី”កាលពីថ្ងៃទី៣០ ខែមីនា។ តាមរយៈសំណេរក្នុងទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បញ្ជាក់ថាការប្រារព្ធទិវានេះ គឺបំផុសចលនាមហាជនឱ្យចូលរួមទទួលខុសត្រូវលើការប្រើប្រាស់ថាមពលប្រកបដោយនិរន្តរភាពបរិស្ថាន ដើម្បីធ្វើការផ្លាស់ប្តូរជាវិជ្ជមាន និងជួយសង្គ្រោះភពផែនដីពីការកើនកំដៅ។
គួរកត់សម្គាល់ថា ការប្រារព្ធទិវា «មួយម៉ោងសម្រាប់ភពផែនដី» នៅឆ្នាំ២០១៩នេះ ធ្វើឡើង ខណៈពេលកម្ពុជា ក៏ដូចជាប្រទេសមួយចំនួននៅតំបន់បាន និងកំពុងទទួលរងឥទ្ធិពលបាតុភូតអែលនីណូ ដែលបានបង្កឱ្យធាតុអាកាសនារដូវប្រាំងនេះ មានសភាពក្តៅហួតហែង សីតុណ្ហភាពអតិបរមានៅពេលខ្លះអាចហក់ឡើងដល់ ៤០ ទៅ៤២ អង្សាសេ។
យោងតាមរបាយការណ៍របស់ទីភ្នាក់ងារអាកាសធាតុនៃអង្គការសហប្រជាជាតិចេញផ្សាយក្នុងសប្តាហ៍នេះបានឲ្យដឹងថាការកើនឡើងសីតុណ្ហភាព កាលពីឆ្នាំមុនបានធ្វើឲ្យមនុស្សប្រមាណ៦២លាននាក់នៅទូទាំងពិភពលោករងផលប៉ះពាល់ ហើយមនុស្សប្រមាណ២លាននាក់ផ្សេងទៀតត្រូវផ្លាស់ប្តូរកន្លែងរស់នៅរបស់ខ្លួន។ អគ្គលេខាធិការអង្គការឧតុនិយមពិភពលោកនៃអង្គការសហប្រជាជាតិបាននិយាយថា គ្រោះមហន្តរាយដោយសារតែបម្រែបម្រួលអាកាសធាតុកំពុងកើនឡើង ហើយចាប់តាំងពីឆ្នាំ១៩៩៨មក មនុស្សប្រមាណ៤.៥ពាន់លាននាក់បានរងគ្រោះដោយសារការកើនឡើងសីតុណ្ហភាពរបស់ភពផែនដី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ