អានតួអត្ថបទ
កម្ពុជា

កម្ពុជា ឡាវ មីយ៉ាន់ម៉ា និង​វៀតណាម ផ្តើម​កិច្ច​ប្រជុំ​ប្រទេស​មហា​អនុ​តំបន់​ទន្លេ​មេគង្គ​លើក​ទី​៨

រូបភាពចាស់៖ កិច្ចប្រជុំប្រទេសមហាអនុតំបន់ទន្លេមេគង្គ នាឆ្នាំ២០១០។
រូបភាពចាស់៖ កិច្ចប្រជុំប្រទេសមហាអនុតំបន់ទន្លេមេគង្គ នាឆ្នាំ២០១០។
ដោយ៖ សឿង ភារៈ
1 នាទី

ប្រទេស​មហា​អនុ​តំបន់​ទន្លេ​មេង្គ​៤ បាន​ដំណើរ​ការ​កិច្ច​ប្រជុំ​របស់​ខ្លួន​លើក​ទី​៨ ក្នុង​ប្រទេស​វៀតណាម ដើម្បី​ជជែក​ពី​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច រួម​ទាំង​វិស័យ​ផ្សេង​ៗ​ទៀត។ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​ព្រឹក​នេះ​ ក៏​បាន​ចាក​ចេញ​ពី​កម្ពុជា​ដែរ ដើម្បី​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​នោះ រួម​ទាំង​ ការ​ចូលរួម​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​ស្តីពី​តំបន់​មេគង្គ​ផង​ដែរ។

ផ្សាយពាណិជ្ជកម្ម

ចាប់​ពី​ថ្ងៃ​ទី​ ២៤ ដល់​ថ្ងៃ​ទី​ ២៦ ខែ​តុលា​នេះ ជា​រយៈ​ពេល​នៃ​កិច្ច​ប្រជុំ​កំពូល​កម្ពុជា ឡាវ មីយ៉ាន់ម៉ា និង​វៀតណាម លើក​ទី៨ (CLMV8) ដែល​ធ្វើ​ឡើង​ក្នុង​ក្រុង​ហាណូយ ប្រទេស​វៀតណាម។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ការ​បរទេស​កម្ពុជា។

ក្នុង​សេចក្តី​ប្រកាស​ដដែល​បាន​ឲ្យ​ដឹង​ថា ​រដ្ឋ​មន្ត្រី​សំខាន់​ៗ ដែល​អម​ដំណើរ​លោក​ ហ៊ុន សែន ក្នុង​កិច្ច​ប្រជុំ​នោះ ​រួម​មាន លោក ស៊ុន ចាន់ថុល រដ្ឋ​មន្រ្តី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន លោក ​ថោង ខុន រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍ និង​លោក​ ប៉ាន សូរស័ក្តិ រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម។ កិច្ច​ប្រជុំ​នេះ​នឹង​ពិភាក្សា​លើ​ប្រធាន​បទ “ចាប់​យក​ឱកាស កសាង​អនាគត”។

ការ​បង្កើត​ឲ្យ​មាន​កិច្ច​ប្រជុំ​ប្រទេស​មហា​អនុតំបន់​ទន្លេ​មេគង្គ​ទាំង​៤ (CLMV)​នេះ គឺ​ផ្តើម​ឡើង​ពី​ការ​ចង​សម្ព័ន្ធ​ភាព​នឹង​គ្នា​រវាង​ប្រទេស ដែល​មាន​ការ​អភិវឌ្ឍ​អន់​ថយ​ក្នុង​តំបន់​អាស៊ាន។ សូម​បញ្ជាក់​ថា​កិច្ច​ប្រជុំ​លើក​ទី​១​ នៃ​ប្រទេស​មហា​អនុ​តំបន់​ទន្លេ​មេគង្គ​ទាំង​៤ ឬ​CLMV បាន​ធ្វើ​ឡើង​ក្នុង​ទីក្រុង​វៀងចន្ទន៍ប្រទេស​ឡាវ កាល​ពី​ឆ្នាំ​ ២០០៤។

កិច្ច​សហប្រតិបត្តការ CLMV បាន​ផ្តោត​ជា​សំខាន់​លើ​វិស័យ​ចំនួន ៩ រួម​មាន សមាហរណកម្ម​សេដ្ឋកិច្ច លើ​កកម្ពស់​វិស័យ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ វិស័យ​កសិកម្ម ឧហស្សាហកម្ម និង​ថាមពល ដឹក​ជញ្ជូន ព័ត៌មាន​បច្ចេក​វិទ្យា សារគមនាគមន៍ ទេសចរណ៍ ការ​អភិវឌ្ឍ​ធនធាន​មនុស្ស និង​សុខភាព​សាធារណៈ​ជា​ដើម។ កិច្ច​សហប្រតិបត្តការCLMV នេះ​ក៏​មាន​គោលដៅ​ក្នុង​ការ​ពង្រឹង និង​ពន្លឿន​សមាហរ័ណកម្ម រវាង​ប្រទេស​កម្ពុជា ឡាវ ភូមា និង​វៀតណាម ជាមួយ​សមាជិក​អាស៊ាន ៦ ទៀត ដើម្បី​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​នៅ​ក្នុង​តំបន់។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​វៀតណាម​បាន​ឲ្យ​ដឹង​ថា​កាល​ពី​ថ្ងៃ​ទី​ ២៤ ខែ​តុលា មន្ត្រី​ជាន់​ខ្ពស់​នៃ​ប្រទេស​ជា​សមាជិក CLMV បាន​ឯកភាព​គ្នា​លើ​សេចក្តី​ព្រាង​នៃ​សេចក្តី​ថ្លែងការណ៍​រួម​នៃ​កិច្ច​ប្រជុំ CLMV​លើក​ទី​៨ ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ២៦ ខែ​តុលា។ សេចក្តី​ព្រាង​នៃ​សេចក្តី​ថ្លែងការណ៍​នោះ​បាន​ផ្តោត​ជា​សំខាន់​លើ​ទិសដៅ​សម្រាប់​ការ​អភិវឌ្ឍ​កិច្ច​សហប្រតិបត្តិការ​ក្នុង​រយៈ​ពេល​ ២​ឆ្នាំ​ខាង​មុខ រួម​ទាំង​ការ​លើក​កម្ពស់​ប្រសិទ្ធភាព​នៃ​កិច្ច​សហប្រតិបត្តិការ ជា​ពិសេស​លើ​វិស័យ​សេដ្ឋកិច្ច៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ