ទស្សនៈព្រឹត្តិការណ៍ខ្មែរ

លទ្ធភាព​ធ្វើ​បាតុកម្ម​ធំ​ៗ​របស់​គណបក្ស​ប្រឆាំង​ចង្អៀត​ជាង កាល​ពី​អាណត្តិ​មុន​ៗ

សំឡេង ០៥:៣៨
គណបក្ស​សង្គ្រោះ​ជាតិ​ទំនង​ជា​មាន​ការ​លំបាក​ក្នុង​ការ​កសាង​កម្លាំង​មហាជន​គាំទ្រ​ ដើម្បី​ធ្វើ​បាតុកម្ម​ទ្រង់​ទ្រាយ​ធំ ខណៈ​គណបក្ស​កាន់​អំណាច​មាន​ការ​ប្រយ័ត្ន​ប្រយែង និង​តាម​ជាប់​ស្អិត​ រាល់​ព័ត៌មាន​ និង​សកម្មភាព​របស់​បក្ស​ប្រឆាំង។
គណបក្ស​សង្គ្រោះ​ជាតិ​ទំនង​ជា​មាន​ការ​លំបាក​ក្នុង​ការ​កសាង​កម្លាំង​មហាជន​គាំទ្រ​ ដើម្បី​ធ្វើ​បាតុកម្ម​ទ្រង់​ទ្រាយ​ធំ ខណៈ​គណបក្ស​កាន់​អំណាច​មាន​ការ​ប្រយ័ត្ន​ប្រយែង និង​តាម​ជាប់​ស្អិត​ រាល់​ព័ត៌មាន​ និង​សកម្មភាព​របស់​បក្ស​ប្រឆាំង។

គណបក្ស​សង្គ្រោះ​ជាតិ​ទំនង​ជា​មាន​ការ​លំបាក​ក្នុង​ការ​កសាង​កម្លាំង​មហាជន​គាំទ្រ​ ដើម្បី​ធ្វើ​បាតុកម្ម​ទ្រង់​ទ្រាយ​ធំ ខណៈ​គណបក្ស​កាន់​អំណាច​មាន​ការ​ប្រយ័ត្ន​ប្រយែង និង​តាម​ជាប់​ស្អិត​ រាល់​ព័ត៌មាន​ និង​សកម្មភាព​របស់​បក្ស​ប្រឆាំង។ បាតុកម្ម​ជា​ជម្រើស​ចុង​ក្រោយ​របស់​សង្រ្គោះ​ជាតិ តែ​បក្ស​កាន់​អំណាច​មាន​ប្រៀប​ជាង​ក្នុង​ការ​បង្រ្កាប។ ជា​លទ្ធផល អាច​មាន​ការ​ខាត​បង់​ប្រយោជន៍​ជាតិ ពោល​គឺ​អាច​ប៉ះពាល់​ដល់​ស្ថេរភាព​សេដ្ឋកិច្ច និង​វិនិយោគ​ផង​ដែរ។

ផ្សាយពាណិជ្ជកម្ម

ទាំង​មេដឹកនាំ​ និង​សមាជិក​ជាន់​ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ សុទ្ធ​តែ​បាន​អះអាង និង​ចេញ​លិខិត​ជា​ផ្លូវ​ការ​ដំណាល​គ្នា​កាល​ពី​ថ្ងៃ​ចន្ទ​ថា នឹង​រៀបចំ​មហាបាតុកម្ម​អហិង្សា​នា​ពេល​ខាង​មុខ ក្នុង​គោល​ដៅ​ទាមទារ​ឲ្យ​មាន​បរិយាកាស​នយោបាយ​ប្រក្រតី​ឡើង​វិញ ដើម្បី​ធានា​ឲ្យ​បាន​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹម​ត្រូវ យុត្តិធម៌​ និង​ស្មើភាព​តាម​រយៈ​ដំណោះ​ស្រាយ​នយោបាយ​រួម។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ គណបក្ស​ប្រឆាំង​មួយ​នេះ ក៏​បាន​បង្កើត​គណៈកម្មការ​ដើម្បី​សិក្សា និង​រៀបចំ​ផែន​ការ​សម្រាប់​ធ្វើ​មហាបាតុ​កម្ម​ដែរ។

ទោះបី​ជា​ការ​សម្រេច​ចិត្ត​ធ្វើ​មហាបាតុកម្ម​របស់​គណបក្ស​ប្រឆាំង​នៅ​ពេល​នេះ​ គឺ​ជា​ជម្រើស​ចុង​ក្រោយ​ក៏​ដោយ ក៏​ប៉ុន្តែ​ការ​សម្រេច​ចិត្ត​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា​វា​ជា​ការ​សម្រេច​ដ៏​តាន​តឹង និង​ពិបាក​បំផុត តែ​លទ្ធផល​ងាយ​ស្រួល​នឹង​សន្និដ្ឋាន។ ងាយស្រួល ដោយសារ​តែ​កម្លាំង សន្តិសុខ​របស់​រដ្ឋាភិបាល​ត្រូវ​ដាក់​ឲ្យ​ស្ថិត​ក្នុង​ការ​ប្រុង​ប្រយ័ត្ន​កម្រិត​ខ្ពស់​គ្រប់​ពេល​វេលា។ ការ​ប្រុង​ប្រយ័ត្ន​ជាប់​ជានិច្ច​នេះ បង្ហាញ​ថា​លទ្ធភាព​ប្រមូល​គ្នា​ធ្វើ​បាតុកម្ម ដែល​មាន​មហាជន​ចូល​រួម​ច្រើន​ដូច​ពី​អតីតកាល​នឹង​ជួប​នូវ​ការ​លំបាក ដោយសារ​គណបក្ស​កាន់​អំណាច​មាន បណ្តាញ​ចាក់​ស្រេះ​នូវ​កម្លាំង​ជា​ភ្នែក ច្រមុះ នៅ​តាម​មូលដ្ឋាន​រួច​ជា​ស្រេច​ទៅ​ហើយ។

ជា​ការ​កត់​សម្គាល់​កាល​ពី​ក្រោយ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​ ២០១៣ គណបក្ស​សង្គ្រោះជាតិ​មាន​លទ្ធភាព​ប្រមូល​ផ្តុំ​កម្លាំង​គាំទ្រ​បាន​ច្រើន ក៏​ដោយសារ​តែ​ធាតុ​ពិត​ គឺ​ជា​ការ​បណ្តោយ​របស់​គណបក្ស​កាន់​អំណាច​ដែរ។ ក៏​ប៉ុន្តែ​ក្រោយ​ពី​គណបក្ស​ប្រជាជន​ពិចារណា​លើ​ហេតុផល​នៃ ​ការ​បាត់​សម្លេង​គាំទ្រ​យ៉ាង​គំហុក​ និង​ការ​កើន​ឡើង​យ៉ាង​ក្រាស់​ក្រែល​សម្លេង​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ បក្ស​កាន់​អំណាច​ពិត​ជា​មិន​បណ្តោយ ឲ្យ​មាន​ការ​ប្រមូល​ផ្តុំ​ណាមួយ ដែល​ខុស​ពី​អ្វី​ដែល​បាន​ចែង​នៅ​ក្នុង​ច្បាប់​នោះ​ទេ។ ម្យ៉ាង​ទៀត​លទ្ធភាព​ប្រមូល​កម្លាំង​គាំទ្រ​នៅ​ពេល​នេះ ទំនង​ជា​មិន​អាច​ធ្វើ​ទៅ​រួច​ដូច​ជា​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០១៣​ដែរ។

ទី១.ជុំវិញ​ការ​ប្រមូល​ផ្តុំ តាម​រយៈ​ការ​ធ្វើ​តេស្ត​ជា​ច្រើន​លើក​កន្លង​មក គណបក្ស​ប្រឆាំង​មាន​ការ​លំបាក​នឹង​ធ្វើ​ទៅ​កើត​ណាស់។ ទី២.គណបក្ស​កាន់​អំណាច​នឹង​មិន​បណ្តោយ​ឲ្យ​មាន​ការ​ប្រមូល​ផ្តុំ​មហាជន​ជា​ដាច់​ខាត​ពី​ពេល​នេះ​តទៅ ព្រោះ​ថា​បើ​មាន​ការ​ប្រមូល​ផ្តុំ​ គឺ​បក្ស​ប្រឆាំង​នឹង​មាន​តម្លៃ ឡើង​គីឡូ​ធ្ងន់​ក្នុង​ការ​ចរចា​ជាមួយ​គណបក្ស​កាន់​អំណាច ប្រសិន​បើ​មាន​ការ​ចរចា ឬ​ការ​ជជែក​គ្នា​តាម​វប្បធម៌​សន្ទនា។

មួយ​វិញ​ទៀត ប្រសិន​បើ​មាន​ការ​ដក​ថយ​ម្នាក់​ ១​ជំហ៊ាន ប្រហែល​ជា​គណបក្ស​កាន់​អំណាច​មិន​ព្រម​ដក​ទេ ព្រោះ​ការ​ត្រៀម​ខ្លួន​ក្នុង​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៧ និង​២០១៨ ខាង​មុខ​នេះ​ ដែល​ជា​ការ​បោះឆោ្នត​ដ៏​សំខាន់​បំផុត​នោះ ត្រូវ​គេ​មើល​ថា​អ្នក ដែល​មាន​ប្រៀប​ខាង​នយោបាយ​ គឺ​គណបក្ស​កាន់​អំណាច។ ការ​រុញ​គណបក្ស​ប្រឆាំង​ឲ្យ​ទល់​នឹង​ជញ្ជាំង​មិន​មែន​ជា​ការ​ងាយ​ទេ។ ដូច្នេះ​ជម្រើស​នៃ​ការ​ដក​ថយ​ណាមួយ ដែល​អ្នក​មាន​ប្រៀប​ជាង​ត្រូវ​ធ្វើ ក៏​ជា​ការ​លំបាក​មួយ​ដែរ ខណៈ​ដែល​ស្ថានការ​នយោបាយ​ហាក់​ដូចជា​កំពុង​ឆ្ពោះ​ទៅ​រក​ភាព​ទុំ​ជោរ​ទៅ​ហើយ។

រឿង​នេះ​មាន​ការ​ស្តី​បន្ទោស​ខ្លះ​ទៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​ចោទ​ថា​ក្បត់​នឹង​វប្បធម៌​សន្ទនា បន្ទាប់​ពី​មេដឹកនាំ​ជាន់​ខ្ពស់​នៃ​គណបក្ស​ទាំង​ពីរ​បាន​បង្ហាញ​ភាព​ស្និទ្ធិ​ស្នាល​ជាមួយ​គ្នា​មួយ​រយៈ​កាល​ពី​ឆ្នាំ​ទៅ។ ក៏​ប៉ុន្តែ​គណបក្ស​ប្រឆាំង​ក៏​មាន​ភាព​ចាំបាច់​ដែរ ក្នុង​ការ​រក្សា​និរន្តភាព​នៃ​គណបក្ស​នេះ​ថា​ជា​ដៃគូ​បដិបក្ខ​ដ៏​ធំ​ជាង​គេ​ជាមួយ​នឹង​គណបក្ស​កាន់​អំណាច តាម​រយៈ​ការ​រិះគន់​ឥត​សំចៃ ដែល​ភាគ​ច្រើជា​ចំណុច​អវិជ្ជមាន​ធំ​ៗ​ របស់​រដ្ឋាភិបាល​ដូច​ជា​បញ្ហា​ព្រំដែន និង​បញ្ហា​អន្តោ​ប្រវេសន៍​ជនជាតិ​វៀតណាម។

បទពិសោធន៍​និង​គំរូ​នៃ​បក្ស​ប្រឆាំង​កន្លង​មក ​ដូច​ជា​ហ្វុនស៊ីនប៉ិច​ជា​ដើម អាច​ជា​មេរៀន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ការ​រក​ច្រក​ដើរ​មួយ ដែល​ធ្វើ​ឲ្យ​តួនាទី​ប្រឆាំង​របស់​ខ្លួន​នៅ​ពេល​នេះ​មិន​ស្ថិត​ក្នុង​ស្ថានភាព​ងាប់​ក្រឡា។ បើ​ទោះ​ជា​ដល់​ចំណុច​ទាល់​ច្រក និង​ជម្រើស​ចុង​ក្រោយ​ក៏​ដោយ គណបក្ស​សង្គ្រោះ​ជាតិ ក៏​មិន​រារែក​ក្នុង​ការ​រៀប​ចំ​ឲ្យ​មាន​មហាបាតុ​កម្ម​នោះ​ដែរ។ ព្រោះ​ថា​ប្រសិន​បើ​មាន​ការ​បង្ក្រាប​ពី​គណបក្ស​កាន់​អំណាច វា​អាច​ជា​ការ​បង្ហាញ​ពី​អំពើ​ឃោរឃៅ​របស់ រដ្ឋាភិបាល​នៅ​ក្នុង​ក្រសែ​ភ្នែក​របស់​ប្រជាពលរដ្ឋ។ ម្យ៉ាង​ទៀត វា​អាច​ជា​ការ​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ពី​អន្តរជាតិ ដែល​កន្លង​មក​មាន​ប្រតិកម្ម​លើ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​នៅ​មាន​កម្រិត​នៅ​ឡើយ។

ទោះ​យ៉ាង​នេះ​ក្តី គណបក្ស​ប្រជាជន​កម្ពុជា ដែល​កាន់​សុទ្ធ​តែ​សន្លឹក​អាត់​នៅ​ក្នុង​ដៃ ក្នុង​នោះ​មាន​សំណុំ​រឿង​មេបក្ស​ប្រឆាំង​ទាំង​ពីរ សំណុំរឿង​មន្ត្រី​ជាន់​ខ្ពស់ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ រួម​ទាំង​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផង​ដែរ​នោះ នឹង​មិន​រារែក ក្នុង​ការ​លេង​បន្ត ខណៈ អ្វី​ៗ​បាន​ប្រព្រឹត្តិ​ទៅ​តាម​រយៈ​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា។

ដូច្នេះ​ជម្រើស​បាតុកម្ម​ និង​ការ​ឆ្លើយ​តប​ដោយ​ការ​បង្ក្រាប គ្មាន​អ្វី​ក្រៅ​ពី​រង​គ្រោះ​ប្រជាពលរដ្ឋ​និង​កម្លាំង​សន្តិសុខ​ ដែល​មាន​ឋានន្តរ​តូច​តាច។ ជម្រើស​នេះ គួរ​ត្រូវ​ចៀស​វាង​ជា​ដាច់​ខាត ហើយ​បើ​អាច​ គួរ​ត្រូវ​ជជែក​គ្នា​ពី​មូលហេតុ យក​ជាតិ​ជា​ធំ កុំ​យក​ប្រជាជន និង​កង​កម្លាំង​ជា​ខែល​ហើយ​ទាំង​អស់​គ្នា​គួរ​សំដៅ​ទៅ​លើ​ការ​បោះឆ្នោត ដែល​ត្រឹមត្រូវ និង​យុត្តិធម៌​ជា​ធំ​នៅ​ពេល​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI