គណបក្សប្រឆាំងវាយតម្លៃស្ថានភាពនយោបាយឆ្នាំ២០១៦ ជាឆ្នាំដ៏អាក្រក់ តែមិនបែកបាក់គ្នា
សមាជិកគណៈកម្មាធិការនាយកគណបក្សសង្រ្គោះជាតិ បានជួបប្រជុំគ្នានៅថ្ងៃទី ២៣ធ្នូ ឆ្នាំ២០១៦នេះ ដើម្បីពិនិត្យនិងវាយតម្លៃទៅលើស្ថានភាពនយោបាយ និងហិរញ្ញវត្ថុរបស់គណបក្សក្នុងរយៈពេលពេញមួយឆ្នាំ ២០១៦នេះ។ អ្វីជាការកត់សម្គាល់គណបក្សប្រឆាំងដ៏ធំនៅកម្ពុជានេះ បានជួបនូវបញ្ហាប្រឈមជាច្រើន ប៉ុន្តែគណបក្សនេះ បានគេចផុតពីការបែកបាក់គ្នានៅក្នុងឆ្នាំ២០១៦នេះ។
ចុះផ្សាយនៅថ្ងៃ៖
ឆ្នាំ២០១៦ គឺជារយៈពេលដ៏អាក្រក់មួយរបស់គណបក្សប្រឆាំង។ ជាឆ្នាំ ដែលគណបក្សនេះ បានប្រឈមនឹងការធ្វើទុក្ខបុកម្នេញខាងផ្នែកនយោបាយ រាប់ចាប់ពីសមាជិករហូតដល់ថ្នាក់ដឹកនាំកំពូល ដែលមួយចំនួនត្រូវបានចាប់ខ្លួន ចោទប្រកាន់ និងនិរទេសខ្លួនទៅក្រៅប្រទេសជាដើម។ ក៏ប៉ុន្តែស្ថានភាពនេះ ហាក់វិលមករកភាពប្រក្រតីឡើងវិញនៅចុងឆ្នាំ២០១៦នេះ ក្រោយពីមានការលើកលែងការចោទប្រកាន់ទៅលើលោក កឹម សុខា កាលពីដើមខែតុលា និងការត្រៀមដោះលែងមន្រ្តីអង្គការសិទ្ធិមនុស្សអាដហុក មន្រ្តី គ.ជ.ប និងសកម្មជនគណបក្សប្រឆាំងមួយចំនួនទៀតនៅចុងឆ្នាំនេះ។
លោក អេង ឆៃអ៊ាង មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិបានថ្លែងថា ចំណុចខ្លាំងរបស់គណបក្សប្រឆាំង គឺការគេចផុតពីការប៉ុនប៉ងបំបែកពីគណបក្សជាគូប្រជែង។ លោកបានថ្លែងបញ្ជាក់ថា យើងបានដឹងពីការប៉ុនប៉ងនេះ ក៏ប៉ុន្តែយើងបានជំនះវា ហើយទីបំផុតគណបក្សបានដើរលើផ្លូវដ៏ត្រឹមត្រូវមួយ»។ នេះបើតាមការថ្លែងបញ្ជាក់ពីលោក អេង ឆៃអ៊ាង បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការនាយកគណបក្សសង្រ្គោះជាតិដឹកនាំដោយលោក កឹម សុខា ប្រធានស្តីទីគណបក្ស នៅព្រឹកថ្ងៃទី ២៣ ធ្នូ ឆ្នាំ២០១៦នេះ។ លោក អេង ឆៃអ៊ាង បានបញ្ជាក់បន្ថែមថា ការតស៊ូនយោបាយរបស់គណបក្សប្រឆាំងនៅក្នុងប្រទេសកម្ពុជា មិនមែនជាការងាយស្រួលនោះទេ។ ប៉ុន្តែជោគជ័យរបស់គណបក្សនេះនៅឆ្នាំ ២០១៦ គឺជៀសផុតពីការបែកបាក់គ្នា ហើយបានរួបរួមសាមគ្គីផ្ទៃក្នុងមកទល់នឹងពេលនេះ។
សូមបញ្ជាក់ថា ក្រៅពីការពិភាក្សាទៅលើស្ថានភាពនយោបាយនៅកម្ពុជាក្នុងឆ្នាំ ២០១៦ នេះ កិច្ចប្រជុំគណៈកម្មាធិការនាយកគណបក្សសង្រ្គោះជាតិរយៈពេល ៣ខែម្តងនេះ ក៏បានពិភាក្សាទៅលើបញ្ហាហិរញ្ញវត្ថុរបស់គណបក្សសម្រាប់ឆ្នាំ ២០១៦ និងហិរញ្ញវត្ថុសម្រាប់ត្រៀមនៅឆ្នាំ២០១៧ផងដែរ។ បើតាមលោក អេង ឆៃអ៊ាង គណបក្សសង្រ្គោះជាតិបានចំណាយថវិកាអស់ប្រមាណជា ៣០ម៉ឺនដុល្លារអាមេរិកនៅឆ្នាំ២០១៦។ លោក អេង ឆៃអ៊ាង បានគូសបញ្ជាក់ថា គណបក្សប្រឆាំងមិនមានបញ្ហាលើបញ្ហាហិរញ្ញវត្ថុនោះទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ