បក្សទាំងពីរគ្រោងបើកវប្បធម៌សន្ទនាឡើងវិញនៅចុងខែធ្នូ
គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិគ្រោងនឹងជួបគ្នាឡើងវិញក្នុងក្របខណ្ឌវប្បធម៌សន្ទនាបន្ទាប់ពីអខានជិត ១ឆ្នាំកន្លងមក។ របៀបវារៈសំខាន់ៗនឹងត្រូវលើកឡើង ប៉ុន្តែកិច្ចការ ដែលសំខាន់ជាងគេ ដែលភាគីបានបង្ហើបឱ្យដឹង គឺការពិភាក្សាលើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីសម្រួលដល់ពលករចំណាកស្រុកមានសិទ្ធិបោះឆ្នោតផងដែរ។ យ៉ាងណាក៏ដោយ អ្នកជំនាញថា បញ្ហានេះអាចមានការចំណាយច្រើន និងថែមទាំងត្រូវការសម្រេចចិត្តផ្នែកនយោបាយជាចាំបាច់ផងដែរ។
ចុះផ្សាយនៅថ្ងៃ៖
គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នឹងជជែកគ្នាជាលើកដំបូងនៅក្នុងសប្តាហ៍ទី ៤ នៃខែធ្នូខាងមុខ។ របៀបវារៈសំខាន់ ដែលបក្សទាំងពីរ ដែលនឹងប្រើក្នុងវប្បធម៌សន្ទនាដំបូងនោះ គឺនឹងពិភាក្សាស្តីពីការសម្របសម្រួលឱ្យពលករចំណាកស្រុកមានសិទ្ធិបោះឆ្នោត។ ជំនួបដំបូងនេះ គឺធ្វើឡើងបន្ទាប់ពីបក្សទាំងពីរទាត់ចោលតាំងពីដើមឆ្នាំមកក្រោយមានភាពតានតឹងផ្នែកនយោបាយ។ លោកអេង ឆៃអ៊ាង សមាជិកជាន់ខ្ពស់គណបក្ស បានមានប្រសាសន៍បានបង្ហាញពីសុទ្ធិដ្ឋិនិយមចំពោះការជជែកពិភាក្សានេះខណៈ ដែលគណបក្សប្រជាជនកម្ពុជា បានគាំទ្រ ហើយថាក៏ជាអ្វីគិតគូររបស់បក្សកាន់អំណាចផងដែរ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនបានលើកឡើងថា គណបក្សកាន់អំណាចមិនចង្អៀតចង្អល់នោះទេ ហើយបក្សក៏ចង់ឱ្យពលរដ្ឋ ដែលជាពលករអាចមានសិទ្ធិបោះឆ្នោតនោះដែរ។ ការចង់ឱ្យមានការកែប្រែនេះ គឺបន្ទាប់ពីបក្សទាំងពីរមើលឃើញថា ចំនួនពលករចំណាកស្រុកមានចំនួនប្រមាណ ១លាននាក់ ដែលកំពុងធ្វើការនៅប្រទេស។
លោក អេង ឆៃអ៊ាង បន្តថាការកែប្រែនេះ គឺសម្រាប់ប្រទេសមួយចំនួនដំបូងសិន ដែលពលករចំណាកស្រុករស់នៅច្រើន ដូចជាកូរ៉េខាងត្បូង ថៃ និងម៉ាឡេស៊ី។ លោកហង្ស ពុទ្ធា អ្នកជំនាញការបោះឆ្នោត និងជាអ្នកនាំពាក្យរបស់គ.ជ.ប បានអះអាងថា ដើម្បីអនុញ្ញាតិឱ្យមានការបោះឆ្នោតពីក្រៅស្រុកត្រូវការចំណុចសំខាន់ ៤ធំៗ គឺទី១៖ ការសម្រេចចិត្តនយោបាយយ៉ាងចាំបាច់ និងការទុកចិត្តគ្នាពីអ្នកនយោបាយ ទី២៖ បញ្ហាថវិកា ទី៣៖ បញ្ហាបច្ចេកទេស និងទី៤៖ គឺសិទ្ធិ និងការចូលរួមពីពលករ។
យ៉ាងណាក៏ដោយសម្រាប់លោកអេង ឆៃអ៊ាង ចំណុចទាំងនេះមិនមែនជាបញ្ហានោះទេ ព្រោះថាកម្ពុជាអាចយកស្ថានទូតធ្វើជាកន្លែងបោះឆ្នោត ហើយថាបើពលរដ្ឋកម្មករចំណាកស្រុកចង់បោះ ឬមិនបោះ គឺជាសិទ្ធិរបស់គាត់ ព្រោះថារដ្ឋាភិបាលបានផ្តល់សិទ្ធិឱ្យហើយ។
ដោយឡែកលោក សុខ ឥសាន បានបញ្ជាក់បន្ថែមថាអ្វីដែលរដ្ឋាភិបាលមិនចង់ឱ្យមានការបោះឆ្នោតកន្លងមក គឺការមិនទុកចិត្តពីបណ្តាគណបក្ស និងសង្គមស៊ីវិល ដែលយកស្ថានទូតធ្វើជាកន្លែងបោះឆ្នោត ដោយចោទថាមិនឯករាជ្យ ព្រោះស្ថានទូត គឺស្ថិតក្នុងដៃនៃគណបក្សកាន់អំណាច។
ការជួបគ្នាឡើងវិញក្នុងវប្បធម៌សន្ទនាចុងខែខាងមុខនេះ គឺកើតឡើងបន្ទាប់ពីការប្រជុំដាច់ដោយឡែករវាងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោកកឹម សុខា ដែលជាប្រធានក្រុមតំណាងរាស្ត្រភាគតិច បន្ទាប់ពីការត្រូវរ៉ូវគ្នាឡើងវិញ ដែលឈានដល់ការលើកលែងទោសឱ្យលោកកឹម សុខា។ បើទោះបីជាបែបណាក៏ដោយ គណបក្សសង្គ្រោះជាតិ ដែលជាម្ចាស់សំណើនៅមិនទាន់សង្ឃឹម ១រយភាគរយនៅឡើយទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ