អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

បក្ស​ប្រជែងនៅ​រក្សា​បាន​គន្លង​វិជ្ជមាន

សំឡេង ០៣:៥៧
គណបក្សសង្រ្គោះជាតិ
គណបក្សសង្រ្គោះជាតិ RFI/ Siv Chana
២១ នាទី

រយៈ​ពេល​ចុង​ក្រោយ​នេះ​សភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​​មាន​ស្ថេរភាព​ល្អ​ប្រសើរ​ជាង​មុន។ ​ហើយ​គេ​សង្កេត​ឃើញ​មាន​ការ​ជឿន​លឿន​ទៅ​មុខ​ជា​វិជ្ជមាន។ ប៉ុន្តែ​នៅ​មាន​កង្វល់​មួយ​ចំនួន​ដែល​ថា​សភាព​នយោបាយ​កម្ពុជា​ងាយ​នឹង​ក្រឡាប់​ចក្រ​ទៅ​រក​បទ​ពិសោធន៍​នៃ​អតីតកាល​វិញ។​បទវិភាគ​របស់​៖ គង់ សុឋានរិទ្ធ

ផ្សាយពាណិជ្ជកម្ម

គណបក្ស​ដែល​កំពុង​ប្រជែង​អំណាច​គ្នា​បាន​ចាប់​ដៃ​គ្នាដើរ​ឆ្ពោះ​ទៅ​កាន់​ភាពវិជ្ជមាន​មួយ​ជំហាន​ថ្មី​ទៀត​នៅ​ពេល​នេះ ខណៈ​ដែល​គណបក្ស​ទាំងពីរ​បាន​បង្កើត​ក្រុម​ការងារ​ចំពោះ​កិច្ច​ចំនួន​ពីរ។ នោះ​គឺ​ក្រុម​ការងារ​ពិនិត្យ និង​ផ្តល់​យោបល់​លើ​សេចក្តី​ព្រាង​ច្បាប់​សហជីព​និង​មួយ​ទៀត​គឺ​ក្រុម​ការងារ ដើម្បី​សិក្សា​ស្រាវជ្រាវ​ពិនិត្យ​លទ្ធភាព​ដំឡើង​កម្រិត​នៃ​វប្បធម៌​សន្ទនា​គ្នា។

​ពិត​មែន​ហើយ​ក្រុម​ការងារ​ទាំង​ពីរ​ត្រូវ​បង្កើត​ឡើង​ដោយ​យោង​តាម​ស្មារតី​នៃ​ជំនួប​រវាង​មេដឹកនាំ​នយោបាយ​នៃ​បក្ស​ទាំង​ពីរ​កាល​ពី​ថ្ងៃ​ទី​១០ ខែធ្នូ។ នេះ​ប៉ុន្តែ​ម្យ៉ាង​ទៀត​នោះ​គឺ​ការ​បង្កើត​ក្រុម​ការងារ​ទាំងពីរ​ខាង​លើ​នេះ​បាន​បង្ហាញ​ពី​ផល​វិជ្ជមាន​បន្ថែម​ទៀត​ក្រោយ​ពី​ជំនួប​នោះ​ នៅ​ពេល​ដែល​កំដៅ​នយោបាយ​ក្នុង​ប្រទេស​កាន់​តែ​តាន​តឹង​កម្រិត​ខ្ពស់​គួរ​ឲ្យ​ព្រួយ​បារម្ភ។

មួយ​វិញ​ទៀតវា​ក៏បាន​បង្ហាញ​ពី​ភាព​ចាស់​ទុំ​ផ្នែក​នយោបាយ​ផង​ដែរ​ដោយ​សារ​តែ​ទាំង​គណបក្ស​ប្រជាជន​កម្ពុជា​ ទាំង​គណបក្ស​សង្គ្រោះជាតិ​ចេះ​បង្វែ​ទិស​ពី​សង្គ្រាម​វោហាសាស្ត្រ មក​ប្រកាន់​យក​វប្បធម៌​ចរចា​ទល់​មុខ​វិញ។ ជាក់​ស្តែង​ដូចជា​ក្រុម​ការងារ​ពិភាក្សា​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សហជីព​ជា​ដើម។ ច្បាប់​នេះ​ដែល​កំពុង​ស្ថិត​ក្រោម​ក្រសៃភ្នែក​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ទាំង​កម្រិត​ជាតិ​និង​អន្តរ​ជាតិ​ដោយសារ​កង្វល់​ពី​ការ​រិត​ត្បិត​លើ​ក្រុម​សហជីព។

​បន្ថែម​ពី​នោះ​ទៀត​ការ​បោះ​ជំហាន​ថ្មី​បន្ថែម​ទៀត​នេះ​ក៏​បាន​បញ្ជាក់​​ពី​ការ​ធានា​ដល់​លំនឹង​ផ្លូវ​ចិត្ត​ដល់​ប្រជាពលរដ្ឋ​និង​សហគម​អន្តរជាតិ​ពី​ការ​ចេះ​ដោះ​ស្រាយ​ជម្លោះ​រវាង​ខ្មែរ​និង​ខ្មែរ។ ហើយ​វា​ក៏​ជា​ការ​ធានា​ដល់​សុវត្ថិភាព​ផ្លូវ​ចិត្ត​របស់​ប្រជាពលរដ្ឋ និយាយ​ដោយ​ឡែក​និង​សុវត្ថិភាព​សង្គម​ទូទៅ និយាយ​ជារួម។ ដ្បិត​សុភាសិត​ខ្មែរ​មួយ​និយាយ​ថា «ដំរី​ជល់​គ្នា ងាប់​ស្រមោច»។ ដូច្នេះ​បើ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្លោះ​គ្នា ទោះ​ជា​គ្រាន់​តែ​ជម្លោះ​ដោយ​ពាក្យ​សំដី​និង​យុទ្ធសាស្ត្រ​យក​ចាញ់​យក​ឈ្នះ​ដាច់​ខាត ប៉ុន្តែ​គឺ​ក្រុម​ប្រជាពលរដ្ឋ​ទេ​ដែល​ជា​អ្នក​រង​គ្រោះ​ជាយ​ថា​ហេតុ​ណាមួយ​នោះ។ ពលរដ្ឋ​ខ្មែរ​អាច​នឹង​កាន់​ជើង​បក្ស​ម្ខាងៗ​ដាច់​ណាត់​ ដោយ​សារ​ភាព​ងប់​ងល់​​នឹង​នយោបាយ ហើយ​វា​កាន់​តែ​ផុយ​ស្រួយ​ ប្រសិន​បើ​បក្ស​ទាំង​ពីរ​បន្ត​ជម្លោះ​នោះ។

ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះជាតិ​អាច​បន្ត​វប្បធម៌​បែប​នេះ​បាន​តទៅ​ទៀត​អាច​នឹង​ធ្វើឲ្យ​គណបក្ស​ទាំង​ពីរ​មាន​ទំនុក​ចិត្ត​នឹង​គ្នា ហើយ​​ការ​ប្រកួត​ប្រជែង​ដណ្តើម​សម្លេង​ឆ្នោត​និង​មាន​លក្ខណៈវិជ្ជជីវ​នយោបាយ​កម្រិត​ខ្ពស់ប្រកប​ដោយ​តម្លាភាព​និង​អហិង្សា។ ក៏​ប៉ុន្តែ​ប្រសិន​បើ​ភាព​ត្រូវរ៉ូវ​គ្នា​នេះ​បាន​តែ​មួយ​ភ្លើង​ចំបើង​ដូច​មាន​បទ​ពិសោធន៍​កន្លង​មក​នៅ​ក្នុង​នយោ​បាយ​កម្ពុជា នោះ​វិបត្តិ​នៃ​ភាព​តាន​តឹង​នឹង​ក្លាយ​ជា​ជំងឺ​លាប់ រើ​ឡើង​វិញ​​ជា​មិន​ខាន។ ជា​ពិសេស​នៅ​ពេល​ដែល​គណបក្ស​និយាយ​ៗ​គិត​ប្រយោជន៍​បក្ស​ធំ​ជាង​ប្រយោជន៍​ប្រជារាស្ដ្រ​នោះ ជំងឺ​នយោបាយ​ងាយ​នឹង​លាប់​ឡើង​វិញ​ខ្លាំង​ណាស់។

ហេតុដូច​នេះ​គណបក្ស​និមួយៗ​គួរ​តែ​ស្រង់​យក​បទពិសោធន៍​នៅ​ក្នុង​ពេល​នេះ ហើយ​ពង្រឹង​យន្ត​ការ​ការងារ​រវាង​គ្នា។ ជា​ពិសេស​គណបក្ស​ទាំងពីរ​គួរ​តែចាប់​ផ្តើម​ដោះ​ស្រាយ​ជម្រះ​បញ្ហា​រវា​ង​គ្នា​បន្តិច​ម្តងៗ​ចាប់​ពី​ពេល​នេះ​ទៅ​រហូត​ដល់​មុន​ការ​បោះឆ្នោត​សំខាន់​ៗ​មក​ដល់​ដើម្បី​លាង​សម្អាត​រាល់​ភាព​សៅហ្មង​នានា​និង​ដើម្បី​បង្ក​បរិយាកាស​នយោបាយ​ប្រកប​ដោយ​សុខ​សន្តិភាព៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ