កម្ពុជា-នយោបាយ

បក្ស​ប្រឆាំង​ប្រជុំ​រៀប​ចំក្បាល​ម៉ាស៊ីន​បន្ទាប់​ពី ក្រសួង​មហាផ្ទៃ​ទទួល​ស្គាល់​លក្ខន្តិកៈ

សមាជវិសាមញ្ញរបស់គណបក្សសង្រ្គោះជាតិនាពេលកន្លងមក
សមាជវិសាមញ្ញរបស់គណបក្សសង្រ្គោះជាតិនាពេលកន្លងមក

គណបក្ស​សង្រ្គោះ​ជាតិ​នៅ​រសៀល​ថ្ងៃ​ទី​២ ខែ​មេសា​នេះ នឹង​​បើក​​កិច្ច​ប្រជុំ​គណៈកម្មាធិការ​នាយក ​ដើម្បី​​សម្រេច​​លើ​​របៀបវារៈ​ពីរ​សំខាន់ៗ គឺការ​រៀបចំអនុប្រធាន និង​ពាក្យ​ស្លោក “ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេ​ឃុំបម្រើ​រាស្ត្រ​” ។ ជា​ការ​កោះ​ប្រជុំ​បន្ទាន់​បន្ទាប់​ពី ក្រសួង​មហា​ផ្ទៃ​បាន​ទទួល​ស្គាល់​នូវ​លក្ខន្តិកៈ របស់​គណបក្ស​ប្រឆាំង ក្រោយ​ពី​ការ​ធ្វើ​វិសោធនកម្ម​កាល​ពី​ដើម​ខែ​មីនា​។

ផ្សាយពាណិជ្ជកម្ម

លោក​យ៉ែម បុញ្ញឫទ្ធិ​អ្នក​នាំ​ពាក្យ​គណបក្ស​សង្រ្គោះ​ជាតិ​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នៅ​ថ្ងៃទី២ ​ខែ​មេសា​នេះ គណបក្ស​សង្រ្គោះ​ជាតិ​នឹង​បើក​កិច្ច​ប្រជុំ​គណៈកម្មាធិការ​នាយក ដែល​មាន​របៀបវារៈ​៣ រួម​មាន​ទី១ គឺ​ការពិនិត្យ​ទៅ​លើ​ការ​រៀប​ចំ​អនុ​ប្រធាន, ទី២ ពិនិត្យ​ទៅ​លើ​ពាក្យ​ស្លោក​របស់​គណបក្ស ដែល​ក្រសួងមហា​ផ្ទៃ​ស្នើ​ឲ្យ​ផ្លាស់​ប្តូរ និង​ទី៣ គឺ​កិច្ច​ពិភាក្សា​ផ្សេងៗ​ទៀត​។

ការ​បើក​កិច្ច​ប្រជុំ​បន្ទាន់​របស់​គណបក្ស​សង្រ្គោះ​ជាតិ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួង​មហា​ផ្ទៃ កាល​ពី​ថ្ងៃទី១ ខែមេសា បាន​ប្រថាប់​ត្រា​ទទួល​ស្គាល់​លើ​លក្ខន្តិកៈ​របស់​គណបក្ស​ប្រឆាំង ដែល​បាន​ធ្វើ​វិសោធន​កម្ម​ដោយសមាជ​វិសាមញ្ញ លើ​ប្រការ​៤៥ និង​ប្រការ​៤៧ កាល​ពី​ថ្ងៃទី២ ខែ​មីនា កន្លង​ទៅ​។ នេះ​បើតាម​លោក​យឹម វណ្ណ ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​។

ឆ្លើយ​នឹង​សំនួរ​ដែល​ថា​តើ​អនុ​ប្រធាន​គណបក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​តែង​តាំង​កាល​ពី​ថ្ងៃទី​២ មីនា ត្រូវ​ដោះ​ដូរឬ​យ៉ាង​ណា​នោះ​? លោក​យែម បុញ្ញឫទ្ធិ​បាន​បញ្ជាក់​ថា ដោះ​ដូរ ឬ​យ៉ាង​ណា​នោះ គឺ​យោង​ទៅ​លើ​ការ​សម្រេចរបស់​គណៈកម្មាធិការ​នាយក​របស់​គណបក្ស​នៅ​រសៀល​ថ្ងៃ​ទី​២ ខែ​មេសា​នេះ​។ ចំពោះ​ការ​ដូរ​ពាក្យ​ស្លោក “ដូរ​មេ​ឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ” វិញ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រឆាំង​រូប​នេះ បញ្ជាក់​ថា​ ក៏​ស្ថិត​នៅ​លើការ​សម្រេច​របស់​គណៈកម្មាធិការ​នាយក​របស់​គណបក្ស​នៅ​រសៀល​នេះ​ដែរ​។

បើ​តាម​លិខិត​របស់​ក្រសួង​មហាផ្ទៃ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​មីនា ក្រសួង​មហាផ្ទៃ​បាន​ស្នើ​ឲ្យ​គណបក្ស​ប្រឆាំង ដកចេញ​នូវ​ចំណង​ជើង “ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ” ដែល​មាន​ចែង​នៅ​ក្នុង​គោល​នយោបាយ​អាទិភាព​៥ចំណុច​របស់​គណបក្ស​សម្រាប់​យុទ្ធនាការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី៤ ឆ្នាំ​២០១៧។ ក្រសួង​មហាផ្ទៃ​ចាត់​ទុក​ថា​ចំណង​ជើង​នេះ​មាន​ខ្លឹម​សារ​ផ្ទុយ​នឹង​រដ្ឋ​ធម្មនុញ្ញ​ឆ្នាំ​១៩៩៣ ច្បាប់​ស្តី​ពី​គណបក្សនយោបាយ រួម​ទាំង​ច្បាប់​មួយ​ចំនួន​ទៀត​។ គណបក្ស​ប្រជា​ជន​កម្ពុជា​កន្លង​មក​ក៏​ធ្លាប់​ប៉ុន​ប៉ង​ប្តឹង​គណបក្សប្រឆាំង​ដែរ លើ​ការ​ប្រើ​ប្រាស់​ពាក្យ​ស្លោក​ខាង​លើ​នេះ​។

សូម​បញ្ជាក់​ថា​គណបក្ស​សង្រ្គោះ​ជាតិ កាល​ពី​ថ្ងៃទី២ ខែ​មីនា​កន្លង​ទៅ​បាន​រៀប​ចំ​ធ្វើ​សមាជ​វិសាមញ្ញ​មួយ ដើម្បី​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន និង​អនុប្រធាន ក្រោយ​ពី​លោក​សម រង្ស៊ី ដែល​កំពុង​រស់​នៅ​ក្រៅ​ប្រទេសនោះ បាន​សម្រេច​ចិត្ត​លាលែង​ពី​តំណែង​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​។ ការ​រៀប​ចំ​សមាជ​វិសាមញ្ញ នេះ ត្រូវ​បាន​ក្រសួង​មហា​ផ្ទៃ​ចោទ​ប្រកាន់​ថា​ធ្វើ​ខុស​លក្ខន្តិកៈ​របស់​គណបក្ស ដែល​ធ្លាប់​តម្កល់​នៅ​ក្រសួង​កាល​ពីឆ្នាំ​២០១៣​កន្លង​ទៅ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI