កម្ពុជា-នយោបាយ

សង្រ្គោះជាតិ​នឹង​ធ្វើ​សមាជ​ជា​ថ្មី បើក​ផ្លូវ​ឲ្យ​មាន​ការ​ជ្រើស​រើស​អនុប្រធាន៣​រូប​ ឲ្យ​ស្រប​តាម​នីតិវិធី​

សមាជវិសាមញ្ញរបស់គណបក្សសង្រ្គោះជាតិនាពេលកន្លងមក។
សមាជវិសាមញ្ញរបស់គណបក្សសង្រ្គោះជាតិនាពេលកន្លងមក។ @seng thai

គណបក្ស​សង្រ្គោះជាតិ នឹង​រៀប​ចំ​ធ្វើ​សមាជ​ជា​ថ្មី នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ​នេះ ដើម្បី​កែ​សម្រួល​លក្ខន្តិកៈ​គណបក្ស​ឡើង​វិញ។ សមាជ​នេះ ធ្វើ​ឡើង​ក្នុង​គោល​ដៅ បើក​ផ្លូវ​ឲ្យ​មាន​ការ​ជ្រើស​រើស​អនុប្រធាន​គណបក្ស ៣​រូប ដែល​កំពុង​ប្រឈម​នឹង​ការ​មិន​ទទួល​ស្គាល់​ពី​ក្រសួង​មហាផ្ទៃ។ មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​រំពឹង​ទុក​ថា សមាជ​ជា​ថ្មី​នេះ នឹង​បញ្ចប់​ការ​ខ្វែង​គំនិត​គ្នា​ជា​ច្រើន​ខែ ជាមួយ​នឹង​ក្រសួង​មហាផ្ទៃ។

ផ្សាយពាណិជ្ជកម្ម

សមាជវិសមញ្ញរបស់គណបក្សសង្រ្គោះជាតិនៅថ្ងៃអង្គារសប្តាហ៍ក្រោយនេះ នឹងសម្រេចលើ របៀបវារៈតែមួយប៉ុណ្ណោះ គឺការធ្វើវិសោធនកម្មលក្ខន្តិកៈគណបក្ស ត្រង់ប្រការ៤៧ថ្មី ដើម្បី​បើក​​​ផ្លូវ​ឲ្យមានការជ្រើសរើសអនុប្រធានគណបក្ស ដែល​កំពុង​ប្រឈម​នូវការ​មិនទទួល​ស្គាល់​ពី​ក្រសួង​មហាផ្ទៃ។

លក្ខន្តិកៈគណបក្សសង្រ្គោះជាតិប្រការ៤៧ថ្មី ដែលត្រូវបានធ្វើវិសោធនកម្មម្តងរួចមកហើយ តាមរយៈអង្គសមាជគណបក្ស កាលពីដើមខែមីនា បានចែងថា “ក្នុងករណី​ដែលប្រធាន​គណបក្ស​ទទួលមរណភាព លាឈប់ ឬបាត់បង់សមត្ថភាពដឹកនាំ​គណបក្សដែល​បញ្ជាក់​ដោយ​គណៈកម្មាធិការនាយក បើអាណត្តិនៅតិចជាង១៨ខែ នោះអនុប្រធានគណបក្ស​មួយរូប​ដែលមានអាយុច្រើនជាងគេ ត្រូវទទួលនាទីជាប្រធានគណបក្ស ហើយបើគ្មាន​អនុប្រធាន​គណបក្ស គណៈកម្មាធិការនាយកត្រូវជ្រើសរើសអនុប្រធានគណបក្សថ្មីមួយរូប ក្នុងរយៈពេល៣០ថ្ងៃយ៉ាងតិច ពីក្នុងចំណោមសមាជិកគណៈកម្មាធិការនាយករបស់ខ្លួន ដោយ​សំឡេងដាច់ខាត ៥០+១”។
ប៉ុន្តែ​ក្នុង​ករណី​បច្ចុប្បន្ននេះ​ គណបក្សសង្រ្គោះជាតិ មានតែប្រធាន តែមិនទាន់មាន​អនុប្រធាន​នោះទេ។ ដូច្នេះ សមាជរបស់គណបក្ស នៅថ្ងៃទី២៥មេសាខាងមុខ នឹងបន្ថែមឃ្លាថា “ក្នុង​ករណី​អវត្ត​មានប្រធាន គណៈកម្មាធិការនាយកត្រូវជ្រើសរើសអនុប្រធានម្នាក់ ពីក្នុង​ចំណោម​សមាជិក​គណៈកម្មាធិការនាយក ដើម្បីជួយដល់​ការងារ​ប្រធាន​គណបក្ស​រហូត​ដល់​ចប់​អាណត្តិ”។ នេះបើតាមការបញ្ជាក់ពីលោក ប៉ុល ហំម មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ។
លោក ប៉ុល ហំម ដែលជាបេក្ខភាពអនុប្រធានម្នាក់ក្នុងចំណោមអនុប្រធានទាំង៣នាក់ ដែល​ត្រូវ​បានទាត់ចោលដោយក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៥មេសា រំពឹងថា សមាជថ្មីនេះ នឹង​បញ្ចប់​នូវការខ្វែងគំនិតគ្នាជាមួយនឹងក្រសួងមហាផ្ទៃ។

លើករណីនេះ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានស្វាគមន៍ចំពោះ​សេចក្តី​សម្រេចរបស់គណបក្សសង្រ្គោះជាតិ ប៉ុន្តែលោកបានផ្តាំទៅកាន់គណបក្សសង្រ្គោះជាតិថា សូមកុំឲ្យធ្វើខុសជាលើកទី២។ បើតាមលោក ខៀវ សុភ័គ បន្ទាប់ពីគណបក្សសង្រ្គោះជាតិ​ធ្វើ​សមាជ​កែសម្រួលលក្ខន្តិកៈរបស់ខ្លួនត្រឹមត្រូវហើយនោះ គណបក្សនេះ​ត្រូវ​បញ្ជូន​លក្ខន្តិកៈថ្មី​នេះ ទៅតម្កល់នៅក្រសួងមហាផ្ទៃ ដើម្បីឲ្យច្បាប់ទទួលស្គាល់សិន មុន​នឹង​យក​មក​អនុវត្ត​ជ្រើស​រើស​អនុប្រធានថ្មី។

សូមបញ្ជាក់ថា គណបក្សសង្រ្គោះជាតិ បានសម្រេចជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំថ្មី មាន​លោក ​កឹម សុខា ជាប្រធាន លោក ប៉ុល ហំម, លោកស្រី មួរ សុខហួរ និងលោក អេង ឆៃអ៊ាង ជា​អនុប្រធាន។ សមាជវិសមញ្ញរបស់គណបក្សសង្រ្គោះជាតិ នៅថ្ងៃទី២៥មេសាខាងមុខ ក៏​នឹង​មិន​ផ្លាស់ប្តូរសមាសភាពអនុប្រធានទាំង៣រូបនេះទេ។ នេះបើតាមការបញ្ជាក់ពីលោក ប៉ុល ​ហំម​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI