អានតួអត្ថបទ
កម្ពុជា

គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​តាម​សំណើរ​របស់​លោក​ហ៊ុន សែន?

លោក សម រង្ស៊ី និង លោក កឹម សុខា មេដឹកនាំគណបក្ស​សង្គ្រោះជាតិ ថ្លែងក្នុង​សន្និសីទកាសែត​នាពេលកន្លងមក។
លោក សម រង្ស៊ី និង លោក កឹម សុខា មេដឹកនាំគណបក្ស​សង្គ្រោះជាតិ ថ្លែងក្នុង​សន្និសីទកាសែត​នាពេលកន្លងមក។ @rfi/channa
ដោយ៖ ស៊ុន មេសា
១៧ នាទី

ដូចជា​លោក​អ្នកនាង​បាន​ដឹង​រួច​ហើយ​ថា ​គណបក្ស​សង្គ្រោះជាតិ​កាល​ពី​ថ្ងៃ​ទី​៣០​មេសា ​ម្សិលមិញ​ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​ណែនាំ​ដល់​ថ្នាក់​មូលដ្ឋាន​របស់​ខ្លួន​ឱ្យ​អនុវត្ត​វប្បធម៌​សន្ទនា​ជាមួយ​បក្ស​កាន់​អំណាច។ ​សេចក្តី​ថ្លែងការណ៍​រួម​នេះ​ គឺ​ធ្វើ​ឡើង​ក្រោយ​ការ​ទាមទារ​យ៉ាង​ខ្លាំង​របស់​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន​ សែន។ ​ប៉ុន្តែ​បក្ស​ប្រឆាំង​អះអាង​មិន​បាន​ធ្វើ​តាម​សំណើរ​នោះ​ទេ។

ផ្សាយពាណិជ្ជកម្ម

មួយ​ថ្ងៃ​ក្រោយ​ប្រតិកម្ម​ខ្លាំង​របស់​លោក​នាយករដ្ឋ​មន្ត្រីហ៊ុន សែន​ និង​ការ​ស្នើ​ឱ្យ​បក្ស​ប្រឆាំង​ដែល​ជា​ដៃគូរ​ ណែនាំ​ដល់​ថ្នាក់​មូលដ្ឋាន​នូវ​វប្បធម៌​សន្ទនា​ គណបក្ស​សង្គ្រោះជាតិ​បាន​ប្រកាស​​ជា​ទូទៅ​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​ ឱ្យ​មូលដ្ឋាន​របស់​ខ្លួន​អនុវត្ត​វប្បធម៌​សន្ទនា ​មិន​ជេរ​ប្រមាថ​គ្នា ​មិន​គម្រាម​កំហែង​ រាល់​បញ្ហា​សង្គម​ និង​ប្រទេស​ជាតិ​សំខាន់​ៗ។ ​លោក​យ៉ែម ប៉ុញ្ញឫទ្ធិ​ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះជាតិ​ បាន​បដិសេធ​ថា​ ការ​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​នេះ​ គឺ​មិនមែន​ធ្វើ​តាម​ការ​ទាមទារ​របស់​លោក​នាយក​រដ្ឋមន្ត្រី​នោះ​ទេ​ ប៉ុន្តែ​ជា​គោល​ជំហរ​របស់​​គណបក្ស​ប្រឆាំង។

គណបក្ស​ប្រឆាំង​ដែល​អះអាង​ថា​ខ្លួន​មិន​បោះបង់​ចោល​ឡើយ​ការ​រិះគន់​ទៅ​លើ​ចំណុច​អវិជ្ជមាន​របស់​សង្គម​ និង​របស់​បក្សកាន់​អំណាច។ ​អ្នក​នាំ​ពាក្យ​បក្ស​ប្រឆាំង​ដដែល​រូប​នេះ​ បាន​សង្កត់​ធ្ងន់​ថា​ ទាំង​លោក​ សម រង្ស៊ី ​និង​លោក កឹម សុខា គឺ​នៅ​តែ​បន្ត​រិះគន់​លើ​ចំណុច​អវិជ្ជមាន​ដើម្បី​ស្ថាបនា​ដដែល​ព្រោះ​ថា​បក្ស​សង្គ្រោះជាតិ​គឺ​ជា​ដៃគូរ​ប្រជែង​ដណ្តើម​ប្រជាប្រិយភាព​ ឡើង​កាន់​អំណាច។ ​បើ​តាម​ការ​គូស​បញ្ជាក់​ពី​លោក​យ៉ែម បុញ្ញឫទ្ធិ​ សេចក្តី​ថ្លែងការណ៍​ពី​វប្បធម៌​សន្ទនា​នេះ​ គឺ​មិនមែន​មាន​ន័យ​ថា​ វប្បធម៌​សន្ទនា​តម្រូវ​ឱ្យ​បក្សប្រឆាំង​ឈប់​រិះគន់​នោះ​ទេ។

ក្រោយ​ការ​ចេញ​សេចក្តី​ថ្លែងការណ៍​នេះ​ សមាជិក​គណបក្ស​សង្គ្រោះជាតិ​នៅ​ថ្នាក់​ខេត្ត​ ក្រុង​ ស្រុក​ខណ្ឌ ​និង​ឃុំ​ នឹង​ចូលរួម​ពិភាក្សា​ជាមួយ​បក្ស​កាន់​អំណាច​ដោយ​លើក​យក​ដំណោះ​ស្រាយ​​សន្តិវិធី ​ចំពោះ​រាល់​បញ្ហា​សង្គម​ និង​បញ្ហា​ប្រទេស​ជាតិ​ មិន​ថា​តែ​បញ្ហា​បូរណៈភាព​ទឹក​ដី​ អធិបតេយ្យភាព​ បញ្ហា​ព្រំដែន​ ជនអន្តោប្រវេសន៍​ខុសច្បាប់​ និង​បញ្ហា​ធនធាន​ធម្មជាតិ​ រួម​ទាំង​អំពើ​ពុក​រលួយ​ជា​ដើម។ ​សម្រាប់​គណបក្ស​សង្គ្រោះជាតិ​ វប្បធម៌​សន្ទនា​ដែល​កើត​ឡើង​​ចេញ​ពី​បក្ស​កាន់​អំណាច ​និង​បក្ស​ប្រឆាំង​ដែល​ធ្លាប់​តែ​ជាគូ​សត្រូវ​រិះគន់​គ្នា​មិន​ថ្នម​សំដី​នោះ​ បាន​សម្រូវ​ឱ្យ​គ្រប់​គូរ​ភាគី​បោះបង់​ចោល​នូវ​ទម្លាប់​ចាត់​ទុក​គ្នា​ជា​សត្រូវ​ វាយ​ប្រហារ​គ្នា​ ហើយ​ប៉ុនប៉ង​សង​សឹក​គ្នា​ដូច​សម័យ​អតីតកាល។ ​បើ​តាម​សេចក្តី​ប្រកាស​របស់​បក្ស​​​ប្រឆាំង​​ដដែល​ លោក សម រង្ស៊ី ​និង​លោក កឹម សុខា​ដែល​ជា​ក្បាល​ម៉ាស៊ីន​បក្ស​ ចង់​ឃើញ​នូវ​វប្បធម៌​សន្ទនា​នេះ ​ជ្រួតជ្រាប​ដល់​មូលដ្ឋាន​ និង​បន្ត​ការ​ប្រើប្រាស់​វប្បធម៌​សន្ទនា​នេះ​ ដើម្បី​ជា​ប្រយោជន៍​ជាតិ​ និង​ប្រជាពលរដ្ឋ​ឥត​ងាក​រេ។

យ៉ាង​ណា​ក៏​ដោយ​ បើ​ទោះ​បី​ជា​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថា​ ការ​ចេញ​សេចក្តី​ថ្លែង​ការណ៍​នេះ​មិន​តាម​សំណើរ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ប៉ុន្តែ​សេចក្តី​ថ្លែងការ​ដែល​ប្រើប្រាស់​ឈ្មោះ​ទាំង​លោក​ សម រង្ស៊ី​ និង​លោក​កឹម សុខា​នោះ ​គឺ​ធ្វើ​ឡើង​មួយ​ថ្ងៃ​ក្រោយ​ប្រតិកម្ម​ខ្លាំង​របស់​លោក​នាយក​រដ្ឋមន្ត្រី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ