កម្ពុជា

CNRP ស្នើឲ្យរដ្ឋសភា ការពារអភ័យឯកសិទ្ធិតំណាងរាស្រ្ត

លោកកឹម សុខា និងសមាជិកគណបក្សសង្រ្គោះជាតិ។
លោកកឹម សុខា និងសមាជិកគណបក្សសង្រ្គោះជាតិ។ សហការី
១៧ នាទី

ក្រុម​សមាជិក​សភា​គណបក្ស​សង្គ្រោះជាតិ នៅ​ថ្ងៃ​អាទិត្យ​នេះ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍ មួយ អំពាវនាវ​ឲ្យ​រដ្ឋសភា ការពារ​អភ័យ​ឯក​សិទ្ធ​សភា​របស់​តំណាងរាស្រ្ត និង កុំ​ឲ្យ​មាន​ការ​ចោទ​ប្រកាន់ និង ចាប់ខ្លួន លោក កឹម សុខា ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះ​ជាតិ។ សេចក្តី​ថ្លែងការណ៍​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​រដ្ឋសភាជាតិ​ ប្រកាស​ថា នឹង​បើក​កិច្ចប្រជុំ​នៅ​ថ្ងៃ​ច័ន្ទ ទី៣០ ឧសភា​ ដើម្បី​ពិភាក្សា​​លើ​របៀប​​វារៈ​ចំនួន​បី ​ហើយ ករណី​របស់​លោក កឹម សុខា​ ក៏នឹង​ត្រូវ​ពិភាក្សា​ផងដែរ ​បើ​ទោះ​បី​ជា​មិន​មាន​នៅ​ក្នុង​របៀបវារៈ​ក្តី។

ផ្សាយពាណិជ្ជកម្ម

រដ្ឋ​សភា មិន​ត្រូវ​អនុញ្ញាត​ឲ្យ​មាន​ការ​ចោទ​ប្រកាន់ ឬ ចា​ប់ខ្លួន លោក កឹម សុខា ដោយ​គ្រាន់​តែយក​លេស​សំអាង​ថា ជា​សាក្សី​ដែល​មិន​បាន​ចូល​បំភ្លឺ​នៅ​តុលាការ​នោះ​ទេ ព្រោះ​ការ​មិន​ចូលបំភ្លឺ​សាក្សី​នេះ​ មិន​មែន​ជា​បទ​ល្មើស​ជាក់​ស្តែង​ឡើយ។ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍ ចុះ​ថ្ងៃ​ទី ២៩ ខែ ឧសភា នេះ របស់​គណបក្ស​សង្គ្រោះ​ជាតិ។

លោក អេង ឆៃអ៊ាង មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​ផ្ញើ​លិខិត​ដាច់​ដោយ​ឡែក​មួយ​ទៅ​កាន់ លោក ហេង សំរិន ប្រធានរដ្ឋសភា ពាក់​ព័ន្ធ​នឹង​ការ​ការ​ពារ​អភ័យ​ឯក​សិទ្ធិ​របស់​អ្នក​តំណាង​រាស្រ្ត ផង​ដែរ ហើយ លិខិត​នេះ បាន​ទៅ​ដល់​ដៃ​រដ្ឋសភា​ហើយ​។

នៅ​ក្នុង​លិខិត​ផ្ញើ​ទៅ​ប្រធាន​រដ្ឋសភា តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​ថា ទង្វើរបស់​ស្ថាប័ន​មួយ​ចំនួន គឺ​បាន​រំលោភ​បំពាន​លើ​អភ័យ​ឯក​សិទ្ធិ​សភា​របស់​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ ដូច​ជា ការ​រំលោភ​បំពាន​អភ័យ​ឯក​សិទ្ធិ​របស់ លោក សម រង្ស៊ី លោក អ៊ុំ សំអាន និង លោក កឹម សុខា។

ជា​ការ​កត់​សម្គាល់ ក្រៅ​តែ​ពី​ការ​ចេញ​សេចក្តី​ថ្លែងការណ៍​ជា​បន្ត​បន្ទាប់​ស្តី​ពី« ការវិវត្តន៍​ស្ថាន​ភាព​​នយោបាយ​នៅ​កម្ពុជា»។ អ្នក​គាំទ្រ​គណបក្ស​សង្រ្គោះ​ជាតិ បាន​ប្រកាស​ថា នៅ​ថ្ងៃ​ច័ន្ទ ទី ៣០​ឧសភា នេះ នឹង​ធ្វើ​ការ​ដង្ហែ​ញត្តិ​ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​អ្នក​នយោបាយ និង មន្រ្តី​អង្គការ​សង្គម​ស៊ីវិល ពិសេស គឺ​បញ្ឈប់​ការ​ប្រើប្រាស់​អំណាច​តុលាការ​រំលោភ​បំពាន​លើ​អំណាច​នីតិ​បញ្ញត្តិ និង អភ័យ​ឯក​សិទ្ធិសភា ដើម្បី​ប្រគល់​ជូន អ្នក​តំណាងរាស្រ្ត នៅ​វិមាន​សន្តិភាព និង នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្រ្គោះជាតិ។ មុន​នឹង​អ្នក​តំណាងរាស្រ្ត​គណបក្សសង្រ្គោះ​ជាតិ នាំ​យក​ញ្ញត្តិ​នេះ ទៅ​ថ្វាយ​ព្រះមហាក្សត្រ​។

យ៉ាង​ណា​ក៏​ដោយ អ្នក​នាំ​ពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង បាន​អះ​អាង​ថា អ្វី​ដែល​រដ្ឋសភា បាន​ធ្វើ​កន្លង​មក​គឺ​ជា​អំពើ​ស្រប​ច្បាប់​។  លោក បន្តថា រដ្ឋសភា នៅថ្ងៃទី ៣០ ឧសភា នឹង​បើកសម័យ​ប្រជុំ​ពេញ​អង្គ ដោយ​មាន​ការ​ចូល​រួម​ពីលោក ហេង សំរិន ប្រធាន​រដ្ឋសភា ដោយពិភាក្សា​លើ​របៀបវារៈ​ចំនួន​បី រួម​នឹង​ការ​ពិភាក្សា​បោះឆ្នោត​ថា តើ​ឱ្យ​តុលាការ​ផ្អាក​នីតិ​វិធី​លើ លោក កឹម សុខា ឬ​យ៉ាង​ណា​? គណបក្ស​សង្រ្គោះ​ជាតិ ប្រកាស​ធ្វើ​ពហិការ​មិន​ចូល​រួម​កិច្ចប្រជុំ​សភា​នៅ​ថ្ងៃ​ច័ន្ទ​នោះ​ទេ។

គួរ​រំលឹក​ថា តាំងពីល្ងាចថ្ងៃទី ​ ២៦ ឧសភា​មក លោក កឹម សុខា ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ សម្រេច​ចោទ​ប្រកាន់​ពី​បទ “បដិសេធ​ក្នុង​ការ​ចូល​ខ្លួន” តាម​មាត្រា​៥៣៨ នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា ដែល​អាច​ជាប់​ពន្ធនាគារ​ពី​ ១ ខែ​ទៅ​ ៦ ខែ បន្ទាប់​ពី​លោក​មិន​បាន​ចូលខ្លួន​ទៅ​បំភ្លឺ​តាម​ដីកា​កោះ​ហៅ​របស់​តុលាការ​ក្រុង​ភ្នំពេញ​ចំនួន​២​លើក៕

អត្ថបទដោយ៖ សរ ពិសី 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI