កម្ពុជា-នយោបាយ

តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ម្នាក់​បដិសេធ​ចុះ​ចូល​បក្ស​កាន់​អំណាច

លោក ងឹម ញេង តំណាង​រាស្ត្រ​មណ្ឌល​ពោធិ៍សាត់
លោក ងឹម ញេង តំណាង​រាស្ត្រ​មណ្ឌល​ពោធិ៍សាត់ @facebook/Ngim Nheng

តំណាង​រាស្ត្រ​ម្នាក់​នៃ​គណបក្ស​សង្រ្គោះ​ជាតិ គឺ​លោក ងឹម ញេង បាន​បដិសេធ​ភ្លាមៗ នូវ​លិខិត​មួយ​ដែល​គេ​ថា​លោក​បាន​សុំ​ចុះ​ចូល​ជាមួយ​គណបក្ស​កាន់​អំណាច។ ការ​បដិសេធ​នេះ​ ធ្វើ​ឡើង​០២​ថ្ងៃ​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន បាន​អំពាវនាវ​ជា​ថ្មី​ទៀត ឲ្យ​មន្ត្រី​ជាប់ឆ្នោត​គណបក្ស​ប្រឆាំង បន្ត​ចុះ​ចូល​ឲ្យ​បាន​មុន​​ថ្ងៃ​ទី​ ១៦ វិច្ឆិកា គឺ​ជា​ថ្ងៃ​ដែល​តុលាការ​​កំពូល​បើក​សវនាការ​លើ​បណ្តឹង​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ។

ផ្សាយពាណិជ្ជកម្ម

អត្ថបទ​ដោយ៖ អ៊ឹង ប៊ុនថន

លោក ងឹម ញេង ជា​អ្នក​តំណាង​រាស្ត្រ​មណ្ឌល​ពោធិ៍សាត់ បាន​បដិសេធ​ថា​លោក​មិន​បាន​ចុះ​ចូល​គណបក្ស​ប្រជាជន​កម្ពុជា ដូច​លិខិត​ក្លែង​ក្លាយ​មួយ​ដែល​ត្រូវ​បាន​គេ​ផ្សព្វ​ផ្សាយ​តាម​បណ្តាញ​សង្គម​នោះទេ។

នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ចន្ទ តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​រូប​នេះ ចាត់​ទុក​លិខិត​ក្លែង​ក្លាយ​នេះ​ថា “គឺ​ជា​អំពើ​ទុច្ចរិត​លាប​ពណ៌​របស់​ក្រុម​មនុស្ស​ល្មោភ​អំណាច ហើយ​លោក​សូម​អាជ្ញាធរ​មាន​សមត្ថកិច្ច​ស្រាវជ្រាវ​និង​ចាប់​ជន​ល្មើស​​មក​ផ្តន្ទា​ទោស​តាម​ច្បាប់​ជា​ធរមាន”។

សូម​បញ្ជាក់​ថា លោក ងឹម ញេង ត្រូវ​បាន​នគរ​បាល​អន្តោប្រវេសន៍​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយបែត បង្អាក់​ដំណើរ មិន​ឲ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស កាល​ពី​ល្ងាច​ថ្ងៃ​ទី ២៧ ​ខែ​តុលា ដោយ​ប្រាប់​ថា លិខិត​ឆ្លង​ដែន​របស់​លោក​ត្រូវ​បាន​បង្កក។

កាល​ពី​ថ្ងៃ​ទី​៤​វិច្ឆិកា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្ត​អំពាវនាវ​ឲ្យ​មន្ត្រី​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ រាប់​ចាប់​តាំង​ពី​តំណាង​រាស្ត្រ រហូត​ដល់​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នៅ​ទូទាំង​ប្រទេស មក​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក។ ការ​ចុះ​ចូល គឺ​ធ្វើ​ឡើង ឲ្យ​បាន​មុន​ថ្ងៃ​ទី ១៦ វិច្ឆិកា។ ជា​ថ្ងៃ​ដែល​តុលាការ​កំពូល​នឹង​បើកសវនាការ​ជំនុំជម្រះ​ក្តី​លើ​បណ្តឹង​សុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​តាម​បណ្តឹង​​របស់​​ក្រសួង​មហា​ផ្ទៃ​។

​បើ​តាម លោក ហ៊ុន សែន គណបក្ស​កាន់​អំណាច​របស់​លោក​​នៅ​តែ​​ស្វាគមន៍​​ចំពោះ​​មន្ត្រី​គណបក្ស​សង្គ្រោះ​​ជាតិ​ ដែល​​នៅ​ពេល​នេះ​​ផ្លូវ​​នៅ​​បើក​ទូលាយ​ តែ​បើ​ការ​ចុះ​ចូល​ធ្វើ​ឡើង​ក្រោយ​ថ្ងៃទី​១៦វិច្ឆិកា ផ្លូវ​នឹង​តូច​ជាង​មុន។

ការ​ចេញ​មុខ​មក​អំពា​វ​នាវ​ជា​ថ្មី​ប្រមុខ​បក្ស​កាន់​អំណាច​នៅ​ពេល​នេះ គឺ​ធ្វើ​ឡើង បន្ទាប់​ពី​លោក​បាន​អះអាង​ថា មាន​ការ​រារាំង ឬ​ទប់​ស្កាត់​មិន​ឲ្យ​មាន​ការ​ផ្តាច់​ខ្លួន​នៅ​ក្នុង​ចំណោម​មន្ត្រី​គណបក្ស​ប្រឆាំង និង​ទំនង​ជា​ប្រមុខ​បក្ស​កាន់​អំណាច​ចង់​ឆ្លើយ​តប​ទៅនឹង​សំណួរ​ថា បើ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​រំលាយ​មែន តើ​ចាំ​ចាប់​អ្វីដែល​លោក ហ៊ុន សែន ត្រូវ​អំពាវ​នាវ​​ឲ្យ​​មាន​ការ​ចុះចូល​បែប​នេះ? លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឆ្លើយ​នឹង​សំណួរ​នេះ​​ថា ​គឺ​ដោយ​សារ​តែ​លោក​មាន​បំណង​ល្អ​ជាមួយ​មន្ត្រី​ថ្នាក់​ក្រោម។

​គិត​ត្រឹម​ថ្ងៃទី ០៣ វិច្ឆិកា មាន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​តែ​ម្នាក់​ប៉ុណ្ណោះ​ ដែល​បានប្រកាស​ចុះ​ចូល​ជាមួយ​គណបក្ស​កាន់​អំណាច។ ក្រៅ​ពី​នោះ​នៅ​មាន​សមាជិក​​ក្រុម​ប្រឹក្សា​ខេត្ត ក្រុង មេឃុំ-ចៅ​សង្កាត់ រួម​ទាំង​សមាជិក​ក្រុម​ប្រឹក្សា​និង​ជំទប់​ទី១​និង​​ទី២ ប្រមាណ​ជា​៥៦​រូប​ប៉ុណ្ណោះ ដែល​បាន​សម្រេច​ចិត្ត​ចាក​ចេញពី​គណបក្ស​របស់​ខ្លួន តាម​ការ​អំពាវនាវ​របស់​ប្រមុខ​រដ្ឋា​ភិបាល។ ប៉ុន្តែ សម្រាប់​គណបក្ស​សង្គ្រោះ​​ជាតិ ចំនួន​នេះ​នៅ​តិច​តួច​នៅ​ឡើយ បើ​ប្រៀប​ធៀប​នឹង​ចំនួន​មេ​ឃុំ-ចៅ​សង្កាត់ និង​​សមាជិក​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​ដែល​ខ្លួន​បានឈ្នះ​​ជាង​៥​ពាន់​នាក់ ​កាល​ពី​ការ​បោះ​ឆ្នោត​នា​ខែ​មិថុនា ​ឆ្នាំ២០១៧​កន្លង​ទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI