គណបក្សសង្រ្គោះជាតិនឹងកោះប្រជុំគណៈអចិន្ត្រៃយ៍នៅសប្តាហ៍ក្រោយ លើករណីអនុប្រធាន ៣រូប
គណបក្សសង្រ្គោះជាតិ នឹងកោះប្រជុំសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍របស់ខ្លួននៅសប្តាហ៍ក្រោយនេះ ដើម្បីជជែកគ្នាឡើងវិញ ជុំវិញបញ្ហាបេក្ខភាពអនុប្រធាន ៣រូបរបស់គណបក្សប្រឆាំង។ ការកោះប្រជុំនេះ គឺបន្ទាប់ពីក្រសួងមហាផ្ទៃ បានប្រកាសមិនទទួលស្គាល់នូវបេក្ខភាពអនុប្រធានគណបក្សទាំង ៣រូប ដោយអះអាងថា ការជ្រើសរើសនោះ ខុសនឹងលក្ខន្តិកៈរបស់គណបក្សសង្រ្គោះជាតិដែលតម្កល់ទុកនៅឯក្រសួងមហាផ្ទៃ។
ចុះផ្សាយនៅថ្ងៃ៖
កិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្រ្តៃយ៍គណបក្សសង្រ្គោះជាតិនៅសប្តាហ៍ក្រោយនេះ នឹងធ្វើឡើងក្រោមវត្តមានរបស់លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ដើម្បីសម្រេចជាថ្មីលើបញ្ហាបេក្ខភាពអនុប្រធាន ៣រូប ដែលត្រូវបានច្រានចោលដោយក្រសួងមហាផ្ទៃ។
មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ លោក ប៉ុល ហំម បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃអង្គារនេះថា កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នេះ នឹងធ្វើឡើងនៅក្រោយពីបិទបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មីនៅចុងសប្តាហ៍នេះ នឹងក្រោយពីការវិលត្រលប់មកពីបំពេញទស្សនកិច្ចនៅក្រៅប្រទេសវិញរបស់លោក កឹម សុខា និងមន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំងជាច្រើនរូបទៀត ដែលក្នុងនោះក៏មានលោកស្រី មួរ សុខហួរ និងលោក អេង ឆៃអ៊ាង ផងដែរ។
នៅថ្ងៃនេះ លោក កឹម សុខា និងលោក អេង ឆៃអ៊ាង ដែលកំពុងស្ថិតនៅក្នុងប្រទេសណូវ៉េសេឡង់ ដើម្បីជួបពិភាក្សាការងារជាមួយសមាជិករដ្ឋសភានៃប្រទេសនេះ។ ចំណែកឯលោកស្រី មួរ សុខហួរ កំពុងស្ថិតនៅក្នុងប្រទេសបារាំង។
សូមបញ្ជាក់ថា ការជ្រើសរើសក្បាលម៉ាស៊ីនថ្មីដឹកនាំគណបក្សប្រឆាំង បានជួបនឹងបញ្ហាជាថ្មី ក្រោយពីលិខិតរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី ៥ មេសា បានទទួលយកការលុបចោលពាក្យស្លោក “ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត” និងយល់ព្រមទទួលស្គាល់លោក កឹម សុខា ជាប្រធានថ្មី របស់បក្សសង្គ្រោះជាតិ, ប៉ុន្តែលិខិតនោះ មិនបានទទួលស្គាល់ លោក ប៉ុល ហំម លោកស្រី មួរ សុខហួរ និងលោក អេង ឆៃអ៊ាង ជាអនុប្រធានគណបក្សសង្រ្គោះជាតិ តាមរយៈសមាជវិសាមញ្ញរបស់គណបក្ស ចុះថ្ងៃទី ២មីនានោះទេ។ ត្បិតការជ្រើសតាំងនោះ គឺវាខុសនឹងប្រការ ៤៧ថ្មីនៃលក្ខន្តិកៈរបស់គណបក្សសង្គ្រោះជាតិ ដោយសារតែការជ្រើសតាំងនេះ វាហួសរយៈពេល ៣០ថ្ងៃ គិតចាប់ពីថ្ងៃដែលលោក សម រង្ស៊ី បានលាលែងពីប្រធានគណបក្សមក។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានថ្លែងថា ឲ្យតែគណបក្សសង្រ្គោះជាតិ អនុវត្តទៅតាមលក្ខន្តិកៈរបស់គណបក្សដែលមានតម្កល់ទុកនៅឯក្រសួងមហាផ្ទៃ នោះបញ្ហានឹងត្រូវបញ្ចប់។ ប៉ុន្តែលោកបានបដិសេធអត្ថាធិប្បាយទៅនឹងសំណួរថា តើគណបក្សសង្រ្គោះជាតិគួរធ្វើបែបណា ដើម្បីឲ្យត្រូវនឹងការចង់បានរបស់ក្រសួងមហាផ្ទៃនោះ?
សូមបញ្ជាក់ដែរថា បើគ្មានការប្រែប្រួលទេ លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ នឹងវិលត្រលប់មកពីបំពេញទស្សនកិច្ចនៅក្រៅប្រទេសវិញ នៅថ្ងៃទី ១៨ ឬ ១៩មេសា ខាងមុខ ដើម្បីដឹកនាំកិច្ចប្រជុំនេះ។ នេះបើតាមការបញ្ជាក់ពីលោក ប៉ុល ហំម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ