អានតួអត្ថបទ
កម្ពុជា

សភា​បដិសេធ​សំណើ​ដក​អភ័យ​ឯក​សិទ្ធិ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង

កិច្ច​ប្រជុំ​រវា​ងគណបក្ស​សង្រ្គោះ​ជាតិ ​និង​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​រដ្ឋសភា ​នា​ពេលក​ន្លងម​ក។
កិច្ច​ប្រជុំ​រវា​ងគណបក្ស​សង្រ្គោះ​ជាតិ ​និង​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​រដ្ឋសភា ​នា​ពេលក​ន្លងម​ក។ RFI/ Siv Channa
ដោយ៖ ស៊ុន មេសា
១៨ នាទី

គណៈអចិន្ត្រៃយ៍​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ កញ្ញា​នេះ បាន​បើក​កិច្ច​ប្រជុំ​ពិភាក្សា​លើ​របៀប​វារៈ​ចំនួន​១៥ ដែល​រួម​មាន​ការ​វិសោធនកម្ម​លើ​ច្បាប់​តុលាការ​ទាំង​បី សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​គ្រប់​គ្រង​អ្នក​ប្រកប​វិជ្ជាជីវៈ​វិស័យ​សុខា​ភិបាល និង​សំណើរ​ពិភាក្សា​ស្តីពី​ការ​ស្នើ​ដក​អភ័យ​ឯកសិទ្ធិ​តំណាង​រាស្ត្រ​សភា​គណបក្ស​ប្រឆាំង​ផង​ដែរ។ ក្រៅ​ពី​នេះ​ គណៈ​អចិន្ត្រៃយ៍​ក៏​បាន​សម្រេច​លើ​កិច្ចការ​មួយ​ចំនួន​ទៀត ប៉ុន្តែ​មិន​បាន​លើក​របៀប​វារៈ​ដំណោះ​ស្រាយ​នយោបាយ​ដាក់​លើ​តុ​នោះ​ទេ។

ផ្សាយពាណិជ្ជកម្ម

គណៈអចិន្ត្រៃយ៍​រដ្ឋសភា បាន​សម្រេច​ទាត់​ចោល​សំណើ​សុំ​ដក​អភ័យ​ឯក​សិទ្ធិ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ ២រូប ដែល​ជា​ជន​ជាប់​ចោទ​ក្នុង​បណ្តឹង​សញ្ចារកម្ម។ គណៈ​អចិន្ត្រៃយ៍​ ដែល​មាន​សមាស​ភាព​ ១២​មក​ដឹកនាំ​ដោយ​លោក ហេង សំរិន ប្រធាន​រដ្ឋសភា និង​មាន​ការ​ចូលរួម​ពី​ប្រធាន​គណៈកម្មការ​ទាំង​ ៥រូប របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ​នោះ បាន​បោះឆ្នោត​លើក​ដៃ​បដិសេធ​លើ​សំណើ​ ដែល​ស្នើ​ឡើង​ដោយ​ក្រសួង​យុត្តិធម៌។ ជា​ការ​បដិសេធ​ ព្រោះ​តែ​សំណុំ​រឿង​នេះ មិន​មែន​ជា​បទ​ល្មើស​ជាក់​ស្តែង។ ជនជាប់ចោទ​ទាំង​ពីរ​ គឺ​លោក តុវ៉ាន់ចាន់​តំណាង​រាស្ត្រ​មណ្ឌល​កណ្តាល និង​លោក ពិន រតនា តំណាង​រាស្ត្រ​មណ្ឌល​បាត់​ដំបង។

ក្រៅ​ពី​នេះ គណៈអចិន្ត្រៃយ៍សភា បាន​សម្រេច​បញ្ជូន​សំណើ​សុំ​វិសោធនកម្ម​ច្បាប់​ ដែល​ស្នើ​ឡើង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងបី​ចំណុច​ទៅ​កាន់​គណៈកម្មការ​ជំនាញ​ ដើម្បី​យក​ទៅ​ពិភាក្សា​ក្នុង​សម័យ​សភា​ពេញអង្គ ដែល​នឹង​ចូល​កង​វិញ​នៅ​ខែ​តុលា​ខាង​មុខ។ ចំណុច​នេះ គណបក្ស​សង្គ្រោះ​ជាតិ​នៅ​មិន​ទាន់​បាន​បញ្ជាក់​ថា តើ​លោក​កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​បង្ហាញ​វត្តមាន​ដែរ​ឬ​យ៉ាង​ណា​នោះ​ទេ។

គួរ​កត់​សម្គាល់​ថា ការ​ចូល​ប្រជុំ​សភា​ក្រោយ​ការ​អាក់ខាន​ជា​ច្រើន​ខែ​របស់​គណបក្ស​ប្រឆាំង​នេះ បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​មាន​ប្រសាសន៍​បង្ហើរ​ឱ្យ​បក្ស​ប្រឆាំង​ចូល​សភា​ហើយ​នឹង​អាច​ជជែក​ពី​បញ្ហា​ជម្លោះ​នយោបាយ​ ដែល​កំពុង​ប្រឈម​រវាង​គណបក្ស​ទាំង​ពីរ។ យ៉ាងណា​ក៏​ដោយ លោក​យ៉ែម បុញ្ញាឫទ្ធិ អ្នកនាំពាក្យ​សភា​ខាង​គណបក្ស​សង្គ្រោះ​ជាតិ បាន​បដិសេធ​ថា​មិនមែន​ចូល​តាម​ការ​អំពាវនាវ​ពី​មេបក្ស​កាន់​អំណាច​នោះ​ឡើយ។ បន្ថែម​ពី​នេះ គណៈអចិន្ត្រៃយ៍ ដែល​បើក​កិច្ច​ប្រជុំ​ខណៈ​ជម្លោះ​នយោបាយ​តាន​តឹង បាន​បដិសេធ​ថា មិន​បាន​លើក​យក​របៀប​វារៈ​ស្តីពី​ដំណោះ​ស្រាយ​នយោបាយ​មក​ជជែក​គ្នា​នោះ​ទេ។ តែ​​យ៉ាង​ណា​ក៏​ដោយ លោក​យ៉ែម បុញ្ញាឫទ្ធិ បាន​អះអាង ចំណុច​នឹង​អាច​ជជែក​គ្នា​ដើម្បី​ដោះស្រាយ​តាម​យន្តការ​វប្បធម៌​សន្ទនា ខណៈ​ដែល​បក្ស​ប្រជាជន​បញ្ជាក់​ថា គ្មាន​ការ​ចរចា​ ដើម្បី​ដោះ​លែង​អ្នក​ទោស​នោះ​ឡើយ។

សូម​បញ្ជាក់​ថា ជម្លោះ​នយោបាយ​រវាង​គណបក្ស​ទាំង​ពីរ​ ដែល​មាន​រហូត​មក​ដល់​សព្វ​ថ្ងៃ បាន​ហូរ​ចេញ​ពី​រឿង​បុគ្គល​ប្រធាន​បក្ស​ និង​ប្រធាន​បក្ស និង​បញ្ហា​ព្រំដែន​រវាង​កម្ពុជា​វៀតណាម​ រួម​ទាំង​ក្តីក្តាំ​ស្នេហា​ក្រៅ​ចំណង​ផង​ដែរ។ បក្ស​ទាំងពីរ ដែល​មាន​កម្លាំង​អ្នកគាំទ្រ​រៀង​ៗ​ខ្លួន​បាន​គំរាម​ប្រើ​កម្លាំង​ធ្វើ​មហាបាតុកម្ម និង​កម្លាំង​បង្ក្រាប​ទៅ​វិញ​ទៅ​មក។ បើ​ទោះ​បី​ជា​បែប​ណា​ក៏ដោយ អ្នក​វិភាគ​នយោបាយ​នៅ​កម្ពុជា បាន​មើល​ឃើញ​ថា កិច្ច​ប្រជុំ​គណៈអចិន្ត្រៃយ៍​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ កញ្ញា​នេះ គឺ​ជា​ការ​បើក​ផ្លូវ​សម្រាប់​ការ​ចរចា​នៅ​ថ្ងៃ​ក្រោយ បន្ទាប់​ពី​ការ​មើល​មុខ​គ្នា​មិន​ចំ​អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​មក​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ