កម្ពុជា-នយោបាយ

បក្ស​សង្រ្គោះ​ជាតិ បារម្ភ​កង​ទ័ព​រៀប​ក្បួន​ដណ្តើម​សន្លឹក​ឆ្នោត​ឃុំ ​តាម​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​

សកម្មភាព​ចុះ​ឈ្មោះបោះឆ្នោត​​នៅ​ថ្ងៃ​ទី១
សកម្មភាព​ចុះ​ឈ្មោះបោះឆ្នោត​​នៅ​ថ្ងៃ​ទី១ @NEC Spokesperson

គណបក្ស​សង្រ្គោះ​ជាតិ កាល​ពី​ថ្ងៃ​ម្សិលមិញ បាន​ផ្ញើ​លិខិត​មួយ ទៅ​ប្រធាន គណៈ​កម្មាធិការ​ជាតិរៀប​ចំ​ការ​បោះឆ្នោត (គជប) ដើម្បី ពិនិត្យ និង​ចាត់​វិធានការ ចំពោះ​ករណី កង​កម្លាំង​ប្រដាប់​អាវុធ ចុះឈ្មោះ​បោះឆ្នោត នៅ​ទីតាំង​ផ្សេង​ពី លំនៅដ្ឋាន ឬ​ទីសំណាក់ ពិត​ប្រាកដ​របស់​សាមី​ខ្លួន។ ខណៈ គជប កំពុង​តែ​បើក​កិច្ច​ស៊ើប​អង្កេត​លើ​ករណី​នេះ​ ហើយ​រំពឹង​ថា នឹង​រក​ដំណោះ​ស្រាយ​ឃើញ​នៅ​សប្តាហ៍ក្រោយ មន្រ្តី​បក្ស​សង្រ្គោះ​ជាតិ មាន​កង្វល់​ថា ទង្វើ​ចុះ​ឈ្មោះ​បោះឆ្នោត​ក្រៅ​លំនៅដ្ឋាន នឹង​ប៉ះពាល់យ៉ាង​ខ្លាំង​ដល់​លទ្ធ​ផល​បោះឆ្នោត​ឃុំ​-​សង្កាត់​នៅ​ឆ្នាំ​២០១៧​។

ផ្សាយពាណិជ្ជកម្ម

តាម​លិខិត បក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៦ ​ផ្ញើ​ទៅ គជប បាន​ចាត់​ទុក​ថា ការចុះ​ឈ្មោះ​ក្រៅ​ទី​លំនៅ របស់​កងកម្លាំង​ប្រដាប់​អាវុធ គឺ​ជា សកម្មភាព​រំលោភ​បំពាន​លើ​ច្បាប់​បោះឆ្នោត និង​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការចុះឈ្មោះ​បោះឆ្នោត មាន​លក្ខណៈ​បង្ខិត​បង្ខំ ហើយ​ក៏​ជា រូបភាពគំរាម​កំហែង​ដល់​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​ផ្សេង​ទៀត​ដែរ​។
 
លោក អេង ឆៃអ៊ាង មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ ថ្លែង​ថា មាន​ការ​ដឹក​ជញ្ជូន ទាហាន​រាប់​រយនាក់ ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​តាម ឃុំ​មួយ​ចំនួន​ ក្នុង​ខេត្ត​សៀមរាប ខេត្ត​ព្រះវិហារ និង​ខេត្ត​មួយចំនួន​ទៀត​ ហើយ​បាន​បង្ខំ​មេឃុំ ឲ្យ​ធ្វើ​លិខិត​បញ្ជាក់​ទីលំនៅ ជូន​យោធា​ទាំង​នោះ ដើម្បី​យក​ទៅ​ចុះឈ្មោះ​បោះឆ្នោត បើ​ទោះបី​ជា ពួកគេ​អត់​មាន​ទីសំណាក់​ក្នុង​ឃុំ។ មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្រ្គោះជាតិ បញ្ជាក់​ថា ការ​ចុះឈ្មោះ​បោះឆ្នោត​របស់​កង​កម្លាំង​ប្រដាប់​អាវុធ ដោយ​យក​ប្រៀប​ខាង​ភូមិសាស្រ្តដូច​នេះ គឺ​អាច​ប៉ះពាល់​ដល់ លទ្ធផល​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ឆ្នាំ​២០១៧ ដោយ​សារ ​សន្លឹក​ឆ្នោត​តិច​ជាង មួយ​រយ​សន្លឹក ក៏​អាច​កំណត់​ការ​ចាញ់​ឈ្នះ​លើ ចំនួន​អាសនៈ​ដែរ​។ លោកបន្ថែម​ថា លទ្ធផល​បោះឆ្នោត​ឃុំ​បែប​នោះ​នឹង​ មិន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​ពិត​របស់​ពលរដ្ឋ​មូលដ្ឋាន​ឡើយ​ ព្រោះ​អ្នក​បោះឆ្នោត​គ្មាន​លំនៅដ្ឋាន​ក្នុង​ឃុំ​នោះ​។
 
លោក​នាយ​ឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារជាតិ បាន​បដិសេធន៍ ការ​ចោទប្រកាន់​របស់​បក្ស​សង្រ្គោះជាតិ ដោយ​ចាត់​ទុក​ថា គ្រាន់​តែ​ជា​លេស​មួយ​ប៉ុណ្ណោះ​។ លោក​​ថ្លែង​ថា ការចុះ​ឈ្មោះ​បោះឆ្នោត​របស់​កងទ័ព​នៅ​ឆ្ងាយ​ពី​លំនៅដ្ឋាន គឺ​មិន​ខុស​ច្បាប់​ទេ ហើយ​ជា​រឿង​ពិបាក​គេចផុត​ណាស់​ ដោយ​សារ​កងទ័ព​ដែល​មាន​រាប់ម៉ឺន​នាក់​ទាំង​នោះ ត្រូវ​រស់​នៅ​ឆ្ងាយ​ពី​ផ្ទះ​ និង​ការពារ​នៅតំបន់​ដែល​ខ្លួន​ឈរ​ជើង​។
 
យ៉ាង​ណា​ក៏​ដោយ លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ គជប បាន​បញ្ជាក់​ថា គជប បាន​បញ្ជូន​ក្រុម​ការងារផ្នែក​ច្បាប់ ទៅ​ស៊ើប​អង្កេត​នៅ​តាម​បណ្តា​ខេត្ត​ព្រះវិហារ សៀមរាប និង​ខេត្ត​ផ្សេង​ៗ តាម​របាយការណ៍របស់​បក្ស​សង្រ្គោះ​ជាតិ ហើយ​រំពឹង​ថា នៅ​សប្តាហ៍​ក្រោយ នឹង​មាន​កិច្ច​ប្រជុំ​មួយ សម្រេច​លើ​បញ្ហានេះ​។ អ្នក​នាំ​ពាក្យ គជប បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ឆ្នាំ​២០១៧ គជប ត្រូវ​ការ​កង​កម្លាំង​នគរ​បាល និង​យោធា ជាង ៧​មឺន​ នាក់ ដើម្បី​ការពារ​នៅ​តាម​បណ្តា​ ២ម៉ឺន​២ពាន់ ការិយាល័យ​បោះឆ្នោត។​ ក្នុង​ន័យ​នេះ គឺ​កង​កម្លាំង​ការពារ​ទាំង​នោះ ពិត​មិន​អាច​វិល​ទៅ​បោះឆ្នោត​នៅទី​សំណាក់​ទេ ទើប​ច្បាប់​អនុញ្ញាត​ឲ្យ​ពួកគេ អាច​ចុះ​ឈ្មោះ​នៅ​ក្បែរ​កន្លែង​ធ្វើការ​បាន​។
 
គួរ​ជម្រាប​ថា ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៤ នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​អាទិត្យ ទី​០៤ ខែ​មិថុនា ឆ្នាំ​២០១៧។ ពលរដ្ឋ​អាយុ ១៨​ឆ្នាំ​ឡើង​ទៅ ហើយ​មាន​សិទ្ធ​បោះ​ឆ្នោត ជាង ៩​លាន​៦សែន​នាក់ (៩,៦៦៤,២១៦) នឹង​ត្រូវ​បែងចែក​បញ្ជី​ឈ្មោះ​ផ្សេងៗ​គ្នា ទៅ​តាម​ការិយាល័យ​បោះឆ្នោត​ដែល​មាន​ នៅ​តាម​ ១៦៣៣ ឃុំ-សង្កាត់ ទូទាំង​ប្រទេស​កម្ពុជា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI