ក្រសួងមហាផ្ទៃលុបឈ្មោះបក្សសង្គ្រោះជាតិជាផ្លូវការ ខណៈ គជប ចាប់ផ្ដើមពិភាក្សាពីរូបមន្តបែងចែកអាសនៈ
ចុះផ្សាយនៅថ្ងៃ៖
មួយថ្ងៃបន្ទាប់ពីតុលាការកំពូលសម្រេចរំលាយគណបក្សសង្គ្រោះជាតិ ពោលគឺនៅថ្ងៃសុក្រ ទី១៧វិច្ឆិកានេះតែម្ដង ក្រសួងមហាផ្ទៃបានចេញប្រកាសលុបឈ្មោះគណបក្សសង្គ្រោះជាតិ ចេញពីបញ្ជីគណបក្សនយោបាយជាផ្លូវការ។ មិនត្រឹមតែប៉ុណ្ណោះ ក្រសួងមហាផ្ទៃបានណែនាំឲ្យអភិបាលខេត្តរាជធានីទូទាំងប្រទេស អនុវត្តសាលដីការបស់តុលាការកំពូលឲ្យមានប្រសិទ្ធភាពផងដែរ។
តាមរយៈលិខិតចុះថ្ងៃទី១៧វិច្ឆិកា លោក ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានណែនាំអភិបាលខេត្តរាជធានីទូទាំងប្រទេសផ្សព្វផ្សាយ អប់រំ និងណែនាំដល់ប្រជាពលរដ្ឋ ដើម្បីអនុវត្តសាលដីការបស់តុលាការកំពូល។ ជាសាលដីការំលាយគណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី១៦វិច្ឆិកា។ លោក ស ខេង ក៏បានចេញបញ្ជាផងដែរ ឲ្យរដ្ឋបាលរាជធានីខេត្តណែនាំដល់ស្នាក់ការបក្សប្រឆាំងក៏ដូចជាលំនៅដ្ឋាននិងសំណង់អគារនានា ឲ្យទម្លាក់ស្លាកសញ្ញា បដា ពាក្យស្លោកផ្សេងៗ ហើយមិនត្រូវធ្វើសកម្មភាពនានាពាក់ព័ន្ធនឹងគណបក្សសង្គ្រោះជាតិឡើយ។
គួរកត់សម្គាល់ថា បញ្ជារបស់រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃដូច្នេះ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីតុលាការកំពូលប្រកាសរំលាយគណបក្សសង្គ្រោះជាតិចោលកាលពីថ្ងៃទី១៦វិច្ឆិកា។ បន្ថែមពីលើការរំលាយគណបក្ស តុលាការកំពូលក៏បានហាមឃាត់ការធ្វើសកម្មភាពនយោបាយរបស់ថ្នាក់ដឹកនាំនៃគណបក្សនេះ ចំនួន១១៨នាក់ថែម ទៀត។
ទន្ទឹមនឹងចំណាត់ការរបស់ក្រសួងមហាផ្ទៃ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឯណោះវិញ បានចាប់ផ្ដើមពិភាក្សាផ្ទៃក្នុងអំពីរូបមន្តបែងចែកអាសនៈ។ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គជប បានអះអាងប្រាប់វិទ្យុបារាំងអន្ដរជាតិថា រហូតមកទល់ល្ងាចថ្ងៃសុក្រនេះ គជប មិនទាន់សម្រេចអំពីការបែងចែកអាសនៈរបស់គណបក្សសង្គ្រោះជាតិ ទៅឲ្យគណបក្សផ្សេងនៅឡើយ។ លោក ឯមសូផាត សមាជិក គជប បានបញ្ជាក់បន្ថែមនៅក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃសុក្រនេះដែរថា គជប កំពុងតែរង់ចាំមើលលិខិតផ្លូវការរបស់ក្រសួងមហាផ្ទៃជាមុនសិន ទាក់ទងនឹងសមាសភាពដែលដាក់ជំនួសមន្ត្រីរបស់គណបក្សសង្គ្រោះជាតិ។
បើតាមលោក ឯម សូផាត ដរាបណាក្រសួងមហាផ្ទៃនៅមិនទាន់ចេញសេចក្តីប្រកាសជាផ្លូវការទេនោះសមាជិកក្រុមប្រឹក្សាឃុំសង្កាត់កូតាគណបក្សសង្គ្រោះជាតិ នៅតែអាចបន្តការងាររបស់ខ្លួនជាធម្មជាតិដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ