អានតួអត្ថបទ
កម្ពុជា-នយោបាយ

បញ្ជី​បេក្ខភាព​នៃ​សមាជិក​ព្រឹទ្ធសភា​របស់​បក្ស​ប្រឆាំង​ដាក់​ដល់ គ.ជ.ប ខណៈ​មាន​ភាព​ចម្រូង​ចម្រាស

បញ្ជី​បេក្ខភាព​នៃ​សមាជិក​ព្រឹទ្ធសភា​របស់​បក្ស​ប្រឆាំង​ដាក់​ដល់ គ.ជ.ប
បញ្ជី​បេក្ខភាព​នៃ​សមាជិក​ព្រឹទ្ធសភា​របស់​បក្ស​ប្រឆាំង​ដាក់​ដល់ គ.ជ.ប @NEC
ដោយ៖ សឿង ភារៈ
1 នាទី

មន្ត្រី​បក្ស​សង្រ្គោះ​ជាតិ​បាន​ឲ្យ​ដឹង​ថា បក្ស​បាន​បញ្ជូន​បញ្ជី​បេក្ខភាព​នៃ​សមាជិក​ព្រឹទ្ធសភា ទៅ​កាន់ គ.ជ.ប រួច​រាល់​ហើយ ក្រោយ​ការ​សម្រេច​ទទួល​ស្គាល់​ពី​លោក កឹម សុខា។ ការ​បញ្ជូន​នេះ ធ្វើ​ឡើង​ខណៈ​ដែល​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​នេះ បាន​ចេញ​វីដេអូ​មួយ កាល​ពី​ថ្ងៃ​ទី​២៧ តុលា លើក​ឡើង​ថា​ការ​សម្រេច​ចិត្ត​ណា​មួយ​នៅ​ពេល​នេះ របស់​លោក កឹម សុខា ធ្វើ​ឡើង​ក្រោម​គំនាប ដែល​មិន​មែន​ជា​ការ​សម្រេច​របស់​លោក​ពិត​ប្រាកដ​ទេ។

ផ្សាយពាណិជ្ជកម្ម

លោក កឹម សុខា ប្រធាន​គណបក្ស​សង្រ្កោះ​ជាតិ ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា បាន​សម្រេច​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​បេក្ខជន​ពេញ​សិទ្ធិ​៥៨​នាក់ និង​បម្រុង​ចំនួន​៥៨​នាក់ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០១៨​ខាង​មុខ។

លោក ម៉ៅ មុនីវណ្ណ ប្រធាន​ស្តី​ទី​គណកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្រ្គោះ​ជាតិ ដែល​កំពុង​តែ​រង​ការ​ចោទ​ប្រកាន់​ថា ជា “ជន​បង្កប់” បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​ទី​២៩ ខែ​តុលា​ថា ការ​សម្រេច​ចុះ​ហត្ថលេខា​នេះ​គឺ​ធ្វើ​ទៅ​តាម​នីតិវិធី​ត្រឹម​ត្រូវ ហើយ​លោក​គឺ​ជា​អ្នក​កាន់​យក​ទៅ​ដាក់​ទៅ គ.ជ.ប។

លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ពី​ក្រៅ​ប្រទេស​បាន​ចេញ​វីដេអូ​មួយ ជាមួយ​នឹង​តំណាង​រាស្ត្រ និង​អ្នក​គាំទ្រ​ផ្សេង​ទៀត របស់​គណបក្ស​សង្រ្គោះ​ជាតិ លើក​ឡើង​ថា​លោក​ប្រធាន​កឹម សុខា មិន​មាន​សេរីភាព​ពេញ​លេញ​ទេ ដូច្នេះ​លោក​មិន​អាច​ធ្វើ​សេចក្តី​សម្រេច​អ្វី​បាន​ត្រឹម​ត្រូវ​នោះ​ទេ។

លោក​បញ្ជាក់​ថា​តាម​ផ្លូវ​ច្បាប់​សេចក្តី​សម្រេច ដែល​ធ្វើ​ឡើង​ក្រោម​ការ​គំរាម​កំហែង គឺ​មិន​អាច​យក​ជា​ការ​បាន​នោះ​ទេ។ លោក​សម​ រង្ស៊ី​បន្ត​ថា បច្ចុប្បន្ន​នេះ​លោក កឹម សុខា ស្ថិត​នៅ​ក្នុង​ការ​គំរាម​កំហែង ដូច្នេះ​រាល់​សេចក្តី​សម្រេច​ទាំង​ឡាយ​ណា មិន​មែន​ជា​ការ​សម្រេច​របស់​លោក កឹម សុខា ពិត​ប្រាកដ​នោះ​ទេ។

លោក សម រង្ស៊ី បន្ថែម​ថា​សេចក្តី​សម្រេច​របស់​គណបក្ស​សង្រ្គោះ​ជាតិ មាន​តែ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​គណបក្ស​ទេ ហើយ​ម្យ៉ាង​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ភាគ​ច្រើន គឺ​បាន​ចេញ​មក​ក្រៅ​ប្រទេស​គ្មាន​អ្នក​ណា​សម្លុត​បាន ដូច្នេះ​មាន​តែ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​មតិ​ភាគ​ច្រើន ដែល​អាច​ធ្វើ​សេចក្តី​សម្រេច​ក្នុង​នាម​គណបក្ស​សង្រ្គោះ​ជាតិ។

ភ្លាមៗ​បន្ទាប់​ពី​ការ​ចុះ​ហត្ថលេខា​របស់​លោក កឹម សុខា ទទួល​ស្គាល់ នៅ​ថ្ងៃ​ទី​២៦ ខែ​តុលា ក៏​មាន​បេក្ខជន​មួយ​ចំនួន ដែល​បាន​ដាក់​ឈ្មោះ​សុំ​ឈរ​ឈ្មោះ​ជា​សមាជិក​ព្រឹទ្ធសភា បាន​ស្នើ​សុំ​ដក​ពាក្យ​ចេញ​ពី​បញ្ជី​បេក្ខជន​ព្រឹទ្ធសភា អាណត្តិ​ទី​៤ វិញ។ លោក ម៉ៅ មុនីវណ្ណ បញ្ជាក់​ថា​លោក​ក៏​បាន​ទទួល​លិខិត​សុំ​ដក​ពាក្យ​ចេញ​បី​បញ្ជី​បេក្ខជន​ព្រឹទ្ធសភា អាណត្តិ​ទី​៤​នេះ​ដែរ ហើយ​លោក​បន្ថែម​ថា​គណបក្ស​នឹង​ធ្វើ​ការ​កែ​តម្រូវ​បញ្ជី​បេក្ខភាព​សមាជិក​ព្រឹទ្ធសភា ទៅ​តាម​ច្បាប់​របស់​គ.ជ.ប។

ជុំវិញ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា រដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃ​ទី​២៧ ខែ​តុលា បាន​សម្រេច​កែ​សម្រួល​កាល​បរិច្ឆេទ នៃ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា ទៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភ ឆ្នាំ​ក្រោយ​វិញ។ ការ​លើក​ពេល​នេះ ត្រូវ​បាន​អ្នក​ជំនាញ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ចាត់​ទុក​ថា ដោយ​សារ​រដ្ឋាភិបាល​កំពុង​រង​ចាំ​ឲ្យ​វិសោធនកម្ម​ច្បាប់​៤ អនុវត្ត​ជា​ផ្លូវ​ការ ក្រោយ​ការ​ឡាយ​ព្រះ​ហត្ថលេខា ដោយ​ព្រះ​មហាក្សត្រ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ