កម្ពុជា-នយោបាយ

ក្រសួង​យុត្តិធម៌៖ សកម្មភាព​របស់​បក្ស​ប្រឆាំង ត្រូវ​បញ្ចប់​ទាំង​ស្រុង​ក្រោយ​តុលាការ​កំពូល​ប្រកាស​សាលដីកា

រូបថតៈ កញ្ញាស៊ិន ចាន់ពៅរ៉ូហ្សេត ចៅ​សង្កាត់​អូរចារបាន​ចាក​ចេញ​ពី​តួនាទី​ជា​ចៅ​សង្កាត់​អូរ​ចា ​នៅថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០១៧នេះ
រូបថតៈ កញ្ញាស៊ិន ចាន់ពៅរ៉ូហ្សេត ចៅ​សង្កាត់​អូរចារបាន​ចាក​ចេញ​ពី​តួនាទី​ជា​ចៅ​សង្កាត់​អូរ​ចា ​នៅថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០១៧នេះ FB Rozet

ភ្លាមៗ​បន្ទាប់​ពី​តុលាការ​កំពូល​ប្រកាស​សាល​ដីកា ​រំលាយ​គណបក្ស​សង្គ្រោះជាតិ និង​ការ​ផ្អាក​សកម្មភាព​នយោបាយ​៥ឆ្នាំ​ចំពោះ​ថ្នាក់​ដឹក​នាំ​គណបក្ស​នេះ​ចំនួន​១១៨​នាក់ គឺ​មាន​សុពលភាព​អនុវត្ត​ភ្លាម​តែ​ម្ដង។ នេះមានន័យថា សកម្មភាព​ទាំង​ប៉ុន្មាន​របស់​គណបក្ស​​សង្គ្រោះជាតិ​រាប់​ចាប់​តាំង​ពី​ថ្នាក់​ខេត្ត​ដល់​ថ្នាក់​លើ​ត្រូវ​បាន​បញ្ចប់​ទាំង​ស្រុង​ហើយ។ នេះ​បើ​តាម​លោក ជិន ម៉ាលីន អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌។

ផ្សាយពាណិជ្ជកម្ម

លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​បាន​គូស​បញ្ជាក់​ថា សុពលភាព​នៃ​សាល​ដីកា​រំលាយ​គណបក្ស​សង្គ្រោះជាតិ​បាន​ផ្ដល់​ឱកាស​ឲ្យ​អាជ្ញាធរ​ចុះ​ទៅ​ទម្លាក់ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះជាតិ​នៅ​ទូទាំង​ប្រទេស​បាន​ដោយ​ស្រប​ច្បាប់, រំលាយរចនា​សម្ព័ន្ធ​អង្គការ​ចាត់​តាំង​របស់​គណបក្ស​សង្គ្រោះជាតិ និង​ការ​ចុះ​ទៅ​ដក​ហូត​សិទ្ធិបំពេញ​ការងារ​របស់​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​គណបក្ស​សង្គ្រោះជាតិ​ដែល​មានចំនួន​ជិត​៥​ពាន់​នាក់។

ជាមួយគ្នានេះ​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៧​វិច្ឆិកា​នេះ​ដែរ​ថា ក្រសួងមហាផ្ទៃ នឹង​ចេញ​ប្រកាស​ដើម្បី​លុប​ឈ្មោះ​គណបក្ស​ចេញ​ពី​បញ្ជី​ក្រសួង​មហាផ្ទៃ នឹង​ត្រៀម​ផ្សព្វផ្សាយ​បន្ត​ទៅ​កាន់​ភាគី​ពាក់ព័ន្ធ​ដើម្បី​បញ្ជាក់​ពី​ភាព​អស់​សិទ្ធិ​ធ្វើ​នយោបាយ​របស់​គណបក្ស​សង្គ្រោះជាតិ។

ជាការកត់សម្គាល់ មួយ​ថ្ងៃ​ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ កញ្ញាស៊ិន ចាន់ពៅ​រ៉ូហ្សេត ចៅសង្កាត់​អូរចារ គណបក្ស​សង្គ្រោះជាតិ ក្រុង​បាត់ដំបង​បាន​ចាក​ចេញ​ពីតួនាទី​ជា​ចៅ​សង្កាត់​អូរចា បន្ទាប់​ពី​អាជ្ញាធរ​ក្រុង​បាត់​ដំបង​ចុះ​ទៅ​ដក​យក​ត្រា​សង្កាត់។ តាមរយៈ​វិដេអូឃ្លីប​ក្នុង​ទំព័រ​ហ្វេសបុក កញ្ញាស៊ិន ចាន់ពៅរ៉ូហ្សេត បាន​ហៅ​សកម្មភាពនេះ​ថា ធ្វើ​ឡើង​ខុស​នីតិវិធី​រដ្ឋបាល​ព្រោះ​ការ​ចុះ​ដក​ត្រា​របស់​អាជ្ញាធរ​មិន​ទាន់​មានសាលដីកា​ស្ថាពរ​ពី​តុលាការ។ ប៉ុន្តែ​យ៉ាងណាក៏ដោយ នៅ​អំឡុង​ពេល​ជជែក​គ្នា​នោះ​ពីខាង​អាជ្ញាធរ បាន​ឆ្លើយ​តប​ថា ខ្លួន​អនុវត្ត​ទៅ​តាម​វិធី​របស់​តុលាការ​កំពូល​ដែល​សម្រេចរំលាយ​គណបក្ស​សង្គ្រោះជាតិ។

គួររម្លឹកថា ទោះ​បីជា​តុលាការ​កំពូល​បាន​សម្រេច​ជា​ស្ថាពរ​ក្នុង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​យ៉ាងណាក៏ដោយ ក៏​សមាជិក​គណបក្ស​នេះ ប្រកាស​មិន​ទទួល​ស្គាល់​ហើយប្រកាស​បន្ត​ដឹកនាំ​គណបក្ស​នេះ​ដដែល ប៉ុន្តែ​អ្នក​នំា​ពាក្យ​ក្រសួងយុត្តិធម៌​បាន​អះ​អាងថា​ការ​បន្ត​គ្រប់គ្រង​បែប​នេះ គឺជា​បទល្មើស​ព្រហ្មទណ្ឌ​ផ្អែក​តាម​មាត្រា ៤២ថ្មី នៃ​ច្បាប់ស្តីពី​គណបក្ស​នយោបាយ ដែល​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី​១០​លាន​រៀល​ទៅ ២០​លាន រៀល និង​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១​ខែ ដល់​១ឆ្នាំ៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI