យុវជនខ្មែរមួយក្រុមនៅកូរ៉េខាងត្បូងធ្វើបាតុកម្ម មុនពេលលោក ហ៊ុន សែន ទៅដល់
ចុះផ្សាយនៅថ្ងៃ៖
ពលករខ្មែរមួយក្រុមនៅប្រទេសកូរ៉េខាងត្បូងបានធ្វើបាតុកម្មនៅថ្ងៃអាទិត្យនេះ នៅមុនដំណើរទៅដល់របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃទី៣កុម្ភៈស្អែក។ គោលបំណងនៃការធ្វើបាតុកម្មរបស់ពលករខ្មែរនៅទីនោះគឺដូចការធ្វើបាតុកម្មកន្លងមកដែរ ដើម្បីទាមទារឲ្យទម្លាក់បទចោទលើ លោក កឹម សុខា ហើយប្រគល់សិទ្ធិពេញលេញក្នុងការធ្វើនយោបាយដល់គ្រប់ពលរដ្ឋនិងទាមទារឲ្យរដ្ឋាភិបាលស្ដារប្រជាធិបតេយ្យនៅកម្ពុជា ស្របតាមកិច្ចព្រមព្រៀងក្រុងប៉ារីស។
ការធ្វើបាតុកម្មរបស់យុវជនខ្មែរនៅកូរ៉េខាងត្បូងនេះ គឺបាតុករសុទ្ធតែពាក់ម៉ាស់ ព្រោះខ្លាចឆ្លងមេរោគកូរ៉ូណា មុនពេលពួកគេហែញត្តិទៅដាក់នៅស្ថានទូតខ្មែរប្រចាំកូរ៉េ។ ពួកគេបាននាំគ្នាលើកបដាជាច្រើនផ្ទាំង ដោយទាមទារឲ្យទម្លាក់បទចោទលើ លោក កឹម សុខា លុបចោលគម្រោងការប្រគល់ដី៤០ហិកតាឲ្យប្រជាជនវៀតណាមរស់នៅក្នុងខេត្តកំពង់ឆ្នាំង និងជំរុញឲ្យរដ្ឋាភិបាលកម្ពុជាគោរពការស្នើរបស់សហភាពអឺរ៉ុបទាក់ទងរឿងEBA។ បញ្ហាEBA ដែលសហភាពអឺរ៉ុបនឹងចេញសម្រេចចិត្តចុងក្រោយនៅពាក់កណ្តាលខែកុម្ភៈនេះ។
យ៉ាងណាក៏ដោយ ក្រុមបាតុករនេះ បានខកចិត្តម្តងហើយកាលពីចុងខែវិច្ឆិកាឆ្នាំ២០១៩ ខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលុបចោលផែនការទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េ ដោយសារតែម្តាយក្មេកឈឺធ្ងន់។
សម្រាប់ដំណើរទស្សនៈកិច្ចរបស់លោក ហ៊ុន សែន ទៅកាន់កូរ៉េខាងត្បូងលើកនេះ ដើម្បីចូលរួមប្រជុំកំពូលពិភពលោកឆ្នាំ ២០២០ នៃអង្គការសហព័ន្ធសន្តិភាពសកល ស្តីពីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស នៅប្រទេសកូរ៉េខាងត្បូង ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ខែកុម្ភៈ។
ប៉ុន្តែក្រុមយុវជនគាំទ្រគណបក្សប្រឆាំងនៅកូរ៉េខាងត្បូងមួយក្រុមទៀតមិនអាចរៀបចំបាតុកម្មដោយរលូនទេ ដោយសារពួកគេទទួលបានដំណឹងនេះយឺតពេក។ តែក្រុមនេះបានលើកទឹកចិត្តឲ្យពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូងចូលរួមបាតុកម្មក្នុងរូបភាពផ្សេងៗ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ។
សម្រាប់មន្ត្រីរដ្ឋាភិបាលកម្ពុជាតែងតែអះអាងថា ការធ្វើបាតុកម្មរបស់ក្រុមយុវជនគាំទ្របក្សប្រឆាំងនៅក្រៅប្រទេសគឺជាសិទ្ធិរបស់ពួកគេ តែថាវាគ្មានឥទ្ធិពលអ្វីមកលើការសម្រេចចិត្តរបស់រដ្ឋាភិបាលឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ