កម្ពុជា-នយោបាយ

គណបក្ស​សង្រ្គោះ​ជាតិ​បាន​ក្លាយ​ជា​ផ្ទាំង​ស៊ីប ក្រោម​ការ​ទម្លាយ​ព័ត៌មាន​ពី​ប្រភព​អនាមិក

គណបក្ស​សង្គ្រោះ​ជាតិ
គណបក្ស​សង្គ្រោះ​ជាតិ

នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ គណបក្ស​សង្រ្គោះ​ជាតិ​បាន​ក្លាយ​ជា​ផ្ទាំង​ស៊ីប ឬ​ជា​កម្មវត្ថុ​នៃ​ការ​ស៊ើប​អង្កេត​របស់​អាជ្ញាធរ​កម្ពុជា ក្រោយ​ពី​អង្គការ​អន្តរជាតិ បណ្តាញ​សារព័ត៌មាន​ឯករាជ្យ និង​គណបក្ស​នយោបាយ​ដែល​មិន​សូវ​មាន​សកម្មភាព​ជា​ដើម។ ព័ត៌មាន​ដែល​បាន​បែក​ធ្លាយ ហើយ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​បន្ត​ដោយ​សារ​ព័ត៌មាន​ក្នុង​ស្រុក Fresh News បាន​ក្លាយ​ជា​ក្តី​ព្រួយ​បារម្ភ​ពី​អនាគត​របស់​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា។

ផ្សាយពាណិជ្ជកម្ម

គឺ​ចាប់​តាំង​ពី​មុន​ថ្ងៃ​ទី ២៤​សីហា​មក​ម្ល៉េះ ដែល​ហ្វេសបុក​ដែល​មាន​ឈ្មោះ​ថា​ “កូន​ខ្មែរ” បាន​ទម្លាយ​ព័ត៌មាន​មួយ​ថា «ចារកម្ម​បរទេស​បាន​បង្កប់​ខ្លួន​ក្នុង​គណបក្ស​ប្រឆាំង ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា»។ មួយ​ថ្ងៃ​ក្រោយ​មក គឺ​នៅ​ថ្ងៃ​ទី ២៥​សីហា សារព័ត៌មាន Fresh News ដែល​ស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា បាន​ចុះ​ផ្សាយ​អត្ថបទ​មួយ​ទៀត​ថា “អង្គការ​អន្តរជាតិ​មួយ​ឈ្មោះ CANVAS ជ្រក​ក្រោម​ស្លាក IRI ផ្តល់​លុយ និង​ឧបាយកិច្ច ជួយ​គណបក្ស​សង្រ្គោះ​ជាតិ​ដើម្បី​បង្កើត​បដិវត្ត​ពណ៌​ផ្តួល​រំលំ​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន”។ កាល​ណោះ​សារ​ព័ត៌មាន​នេះ​បាន​ចុះ​ផ្សាយ​ថា ដោយ​ស្ថិត​ក្រោម​ជំនួយ​ឧបត្ថម្ភ​ជា​សម្ងាត់​ពី​អាមេរិក អង្គការ CANVAS ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៣ ដោយ​មេ​ដឹក​នាំ​ក្រុម​ចលនា OTPOR បន្ទាប់​ពី​ក្រុម​ចលនា​នេះ​បាន​ផ្តួល​រំលំ​មេ​ដឹក​នាំ​ប្រទេស Serbia នៅ​ក្នុង​ខែ​តុលា ឆ្នាំ​២០០០។ CANVAS ក៏​បាន​យក​គំរូ​ជោគ​ជ័យ​នៅ​ប្រទេស Serbia ទៅ​អនុវត្ត​នៅ​ប្រទេស​ផ្សេង​ទៀត​ដូច​ជា បដិវត្ត​ផ្កា​កូលាប​ក្នុង​ប្រទេស Georgia ឆ្នាំ​២០០៣ បដិវត្ត​ពណ៌​ទឹក​ក្រូច​នៅ​ប្រទេស Ukraine ឆ្នាំ​២០០៤ និង​បដិវត្ត​សេដា Cedar ក្នុង​ប្រទេស Lebanon កាល​ពី​ឆ្នាំ​២០០៥ និង​ដឹក​នាំ​ធ្វើ​បដិវត្ត​ពណ៌​នៅ​ប្រទេស​មួយ​ចំនួន​ទៀត នៅ​មជ្ឈឹម​បូពា៍។ ហើយ​តាម​រយៈ​ការ​ស្រាវ​ជ្រាវ​ពី​បណ្តាញ​នៅ​តៃវ៉ាន់ អង្គការ CANVAS ត្រូវ​បន្ត​អនុវត្ត​នូវ​បដិវត្ត​ពណ៌​ផ្តួល​រំលំ​រដ្ឋាភិបាល​នៅ​ប្រទេស​ទុយណេស៊ី លីបី ស៊ីរី និង​កម្ពុជា​ផង។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ពី Fresh News ពី​ប្រភព​ដដែល។

នៅ​ពីរ​ថ្ងៃ​ក្រោយ​មក​ទៀត ពោល​គឺ​នៅ​ថ្ងៃ​ទី ២៧ សីហា សារព័ត៌មាន​ដដែល បាន​បន្ត​ចុះ​ផ្សាយ​ដោយ​ចោទ​ជា​សំណួរ​ថា តើ​ជា«ស្នេហា​នយោបាយ​ដើម្បី​សំរេច​ផែនការ​ធ្វើ​បដិវត្តន៍​ពណ៌ ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​លោក​ហ៊ុន សែន?»។ ហើយ​ជា​បន្ត​បន្ទាប់​មក​ទៀត សារព័ត៌មាន​ដដែល​បាន​ផ្សាយ​ដោយ​ចោទ​ត្រង់ៗ​ថា “មាន​ការ​ឃុប​ឃិត​រវាង​គណបក្ស​សង្គ្រោះ​ជាតិ ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​បរទេស ក្នុង​គោល​ដៅ​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​នៅ​ឆ្នាំ​២០១៨”។ ហើយ​ចុង​ក្រោយ​នេះ សារព័ត៌មាន Fesh News ដដែល បាន​ចុះ​ផ្សាយ​ទាំង​ព័ត៌មាន​និង​រូប​ភាព​ថា «ក្រុម​ជ្រុល​និយម​របស់​តៃវ៉ាន់ បាន​ជួប​ប្រជុំ​ជា​សម្ងាត់​ជាមួយ​មេដឹក​នាំ CNRP នៅ​ទី​ស្នាក់ការ​កណ្ដាល​របស់​ខ្លួន» កាល​ពី​ខែ​កក្កដា ឆ្នាំ ២០១៣។

ការ​បញ្ចេញ​ព័ត៌មាន​បែក​ធ្លាយ​ពី​ប្រភព​ហ្វេសបុក​អនាមិក ហើយ​ត្រូវ​បាន​យក​មក​ចុះ​ផ្សាយ​បន្ត​ដោយ​សារ​ព័ត៌មាន Online ឈ្មោះ Fresh News និង​បណ្តាញ​ព័ត៌មាន​ដែល​គាំទ្រ​រដ្ឋាភិបាល​ម្តង​មួយៗ​នេះ ហាក់​កំពុង​ដាក់​សម្ពាធ​កាន់​តែ​ខ្លាំង​ឡើង ទៅ​លើ​គណបក្ស​សង្រ្គោះ​ជាតិ នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ហុត​ដល់​ចុង​ក្រោយ​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ប្រកាស​ស៊ើប​អង្កេត​ទៅ​លើ​ប្រភព​ថវិកា និង​បណ្តាញ​របស់​គណបក្ស​សង្រ្គោះ​ជាតិ។

យ៉ាង​ណា​ក៏​ដោយ គណបក្ស​សង្រ្គោះ​ជាតិ កាល​ពី​ថ្ងៃ​ទី ៣០ សីហា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ដោយ​បាន​ច្រាន​ចោល​ចំពោះ​ការ​ចោទ​ប្រកាន់​ទាំង​នេះ​ថា គឺ​ជា​ការ​លាប​ពណ៌​មក​លើ​គណបក្ស​សង្រ្គោះ​ជាតិ ហើយ​ថា គណបក្ស​សង្រ្គោះ​ជាតិ មិន​បាន​គិត មិន​បាន​ត្រៀម និង​មិន​បាន​ធ្វើ​សកម្មភាព​ណា​មួយ ដែល​ជា​អំពើ​ហិង្សា ទាំង​មុន​និង​ក្រោយ​ការ​បោះ​ឆ្នោត​នោះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI