កម្ពុជា-នយោបាយ

បក្ស​សង្រ្គោះ​ជាតិ​គ្រោង​ចំណាយ​​យ៉ាង​តិច១.៧​លាន​ដុល្លារ ក្នុង​យុទ្ធការ​​បោះ​ឆ្នោត​ឃុំ សង្កាត់

អ្នកគាំទ្រគណបក្សសង្រ្គោះជាតិចូលរួមហែក្បួនឃោសនាបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
អ្នកគាំទ្រគណបក្សសង្រ្គោះជាតិចូលរួមហែក្បួនឃោសនាបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ @Facebook

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ​បាន​ឲ្យ​ដឹង​ថា​គណបក្ស​នេះ​នឹង​ចំណាយ​ថវិកា​យ៉ាង​តិច​១.៧​លាន​ដុល្លារអាមេរិក សម្រាប់​យុទ្ធនាការ​​បោះ​ឆ្នោត​ឃុំ សង្កាត់ នៅ​ខែ​ឧសភា និង​ខែ​មិថុនា​ខាង​មុខ​នេះ។​ ចំណែក​គណបក្ស​កាន់​អំណាច​វិញ​មិន​បាន​បង្ហើប​ឲ្យ​ដឹង​ពី​ខ្ទង់​ចំណាយ​របស់​ខ្លួន សម្រាប់​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ សង្កាត់​នៅ​ដើម​ខែ​មិថុនា​ខាង​មុខ​នេះ​ទេ​។

ផ្សាយពាណិជ្ជកម្ម

 

លោក​ម៉ៅ មុន្នីវណ្ណ​ តំណាង​រាស្ត្រ​គណបក្ស​សង្រ្គោះ​ជាតិ​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នៅ​ថ្ងៃ​ទី៩ ខែ​មេសា​ថា កញ្ចប់​ថវិកា​របស់​គណបក្ស​ប្រឆាំង​​យ៉ាង​តិច​១លាន៧សែន​ដុល្លារ​អាមេរិក នឹង​ត្រូវ​ប្រើ ដើម្បី​គាំទ្រ​ដល់ផែន​ការ​សកម្មភាព​នានា​របស់​គណៈកម្មការ​យុទ្ធនាការ​បោះ​ឆ្នោត​ឃុំ សង្កាត់​ឆ្នាំ​២០១៧​។ លោក​លើក​ឡើង​ថាថវិកា​ទាំង​នោះ នឹង​ត្រូវ​ប្រើ​ក្នុង​យុទ្ធនាការ​ឃោសនា ការ​បោះ​ពុម្ព​ខិតប័ណ្ណ អាវ និង​មួក រួម​ទាំង​ចំណាយ​មួយចំនួន​ទៀត​ក្នុង​ពេល​ឃោសនា​បោះ​ឆ្នោត​ឃុំ សង្កាត់​។​

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​រូប​នេះ​បាន​ថ្លែង​បន្ត​ថា កញ្ចប់​ថវិកា​ប្រមាណ​១លាន​៧សែន​ដុល្លារ​អាមេរិក​នេះ គឺ​មិន​ទាន់​គិត​បញ្ចូល​ពី​ថវិកា​មួយ​ចំនួន​ទៀត ដែល​បាន​មក​ពី​បេក្ខ​ជន​នីមួយៗ តំណាង​រាស្ត្រ និង​ថ្នាក់ដឹក​នាំ​សំខាន់​ៗរបស់​គណ​បក្ស​ទេ។

លោក​ម៉ៅ មុន្នីវណ្ណ បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ ដែល​មាន​៦៤​ឃុំ នឹង​ធ្វើ​ការ​ឃោសនា​ថ្នាក់​ឃុំ​រយៈពេល​១២​ថ្ងៃ ហើយ​គណបក្ស​នឹង​មាន​គម្រោង​ផ្តល់​ថ្លៃ​សាំង និង​ថ្លៃ​ម្ហូបអាហារ​សម្រាប់​អ្នក​ចូល​រួម​ឃោសនាដែល​បក្ស​បាន​កំណត់​នៅ​ក្នុង​ផែន​ការ ដើម្បី​ឲ្យ​មាន​សកម្មភាព​រស់រវើក។ លោក​បន្ថែម​ថា​កន្លង​មក​ក៏​មាន​អ្នកគាំទ្រ​គណបក្ស​មួយ​ចំនួន​ទៀត បាន​ស្ម័គ្រ​ចិត្ត​ចូល​រួម​ក្នុង​យុទ្ធនាការ​ឃោសនា និង​ចេញ​ថ្លៃ​ចំណាយ​ផ្សេងៗ ដោយ​ខ្លួន​ឯង​ដែរ​។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជា​ជន​កម្ពុជា​លោក​សុខ ឥសាន​វិញ បាន​ថ្លែង​ថា គណបក្ស​របស់​លោក​តែង​តែ​បានត្រៀម​ខ្លួន​គ្រប់​ជ្រុង​ជ្រោយ​ទាំង​អស់ ដើម្បី​ឆ្ពោះ​ទៅ​រក​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ឃុំ សង្កាត់ នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា​ខាង​មុខ​នេះ។  ចំពោះ​ការ​ចំណាយ​សម្រាប់​យុទ្ធនាការ​បោះ​ឆ្នោត​ខាង​មុខ​នេះ អ្នក​នាំពាក្យ​រូប​នេះមិន​អាច​ប៉ាន់​ស្មាន​ត្រូវ​ទេ គឺ​ចាំ​រហូត​ទាល់​តែ​ចំណាយ​រួច​រាល់​ហើយ ទើប​ចេញ​លទ្ធ​ផល​មក​បូក​សរុប ដើម្បី​ធ្វើជា​របាយការណ៍​តែ​ម្តង។

លោក​សុខ ឥសាន​បន្ត​ថា គណបក្ស​មិន​មាន​ការ​ឧបត្ថម​សម្រាប់​អ្នក​ចូល​រួម​យុទ្ធនាការ​ឃោសនា​ទេ ប៉ុន្តែ​អាស្រ័យ​លើ​ក្រុម​ការងារ ដែល​ចុះ​ទៅ​ជួយ​នៅ​តាម​ឃុំ​ សង្កាត់ អាច​ឧបត្ថម​ទៅ​តាម​លទ្ធភាព​ជាក់​ស្តែង ហើយគណបក្ស​ក៏​មិន​មាន​កំណត់​រូប​មន្ត​រួម​ទូទាំង​ប្រទេស​ដែរ​។

សូម​បញ្ជាក់​ថា​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​ អាណត្តិទី៤ មាន​រយៈ​ពេល១៤ថ្ងៃ ចាប់​ពី​ថ្ងៃទី​១០ ខែ​ឧសភា រហូត​ដល់​ថ្ងៃ​ទី​២ ខែ​មិថុនា ហើយ​ការ​បោះ​ឆ្នោត ការ​រាប់​សន្លឹក​ឆ្នោត និង​ការបិទ​ផ្សាយ​លទ្ធផល​នៅ​ការិយា​ល័យ​បោះ​ឆ្នោត ធ្វើ​ឡើង​នៅ​ថ្ងៃទី៤ ខែ​មិថុនា ឆ្នាំ​២០១៧​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI