អានតួអត្ថបទ
កម្ពុជា

គណបក្ស​សង្គ្រោះ​ជាតិ​ ផ្តើម​ជ្រើស​រើស​តំណាង​យុវជន​ថ្នាក់​ស្រុក​ ដើម្បី​ពង្រឹង​បន្ថែម​ថ្នាក់​មូល​ដ្ឋាន

ស្លាកសញ្ញា​របស់​គណបក្ស​សង្រ្គោះជាតិ​។
ស្លាកសញ្ញា​របស់​គណបក្ស​សង្រ្គោះជាតិ​។ @បណ្តាញសង្គម
ដោយ៖ វណ្ណ សុគន្ធា
1 នាទី

លោក​សម ​រង្ស៊ី ​និង ​លោក​កឹម ​សុខា ​ប្រធាន ​និង​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ទី០៤ ​មេសានេះ ​បាន​ចូល​រួម​បើក​សន្និ​បាត​យុវជន​បន្ត​វេន​នៅ​ក្នុង​ខេត្ត​ព្រៃ​វែង។​ ក្នុង​សន្និបាត​នោះ ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​យុវជន​ថ្នាក់​ស្រុក​ និង​ ក្រុង​ចំនួន​១៣​នាក់ ​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ទំនើប​។ ​យុវជន​ទាំង​១៣​នាក់​នេះ ​នឹង​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​គៀរគរ​យុវជន​ផ្សេង​ទៀត​ឲ្យ​ចូល​រួម​គាំ​ទ្រ​គណបក្ស​សង្គ្រោះ​ជាតិ។ ​​

ផ្សាយពាណិជ្ជកម្ម

នេះ​គឺ​ជា​លើក​ទី​មួយ​ហើយ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​សម្រេច​បោះ​ឆ្នោត​ជ្រើស​រើស​យុវជន​តំណាង​ថ្នាក់​ស្រុក​ និង​ក្រុង​នៅ​ក្នុង​ខេត្ត​ព្រៃវែង។ ​យុវជន​តំណាង​ថ្នាក់​ស្រុក​ និង​ក្រុង​ទាំង១៣​នាក់​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជ្រើស​រើស​នៅ​ពេល​នេះ ​នឹង​ក្លាយ​ជា​កម្លាំង​ចលករ​ដ៏​សំខាន់​ក្នុង​ការ​ពង្រឹង​នៅ​មូល​ដ្ឋាន​របស់​គណបក្ស​ប្រឆាំង។

លោក​គង់​ បូរ៉ា​ តំណាង​រាស្ត្រ​ប្រចាំ​មណ្ឌល​ខេត្ត​ព្រៃ​វែង ​ដែល​អម​ដំណើរ​ជា​មួយ​លោក​សម រង្ស៊ី ​និង​លោក​ កឹម​ សុខា ​ដើម្បី​ធ្វើ​ការ​ជ្រើស​រើស​តំណាង​យុវ​ជន​ថ្នាក់​ស្រុក ​និង​ក្រុង​នៅ​ក្នុង​ខេត្តព្រៃវែង​ បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​ថា​ បន្ទាប់​ពី​ជាប់​ឆ្នោត​ជា​តំណាង​យុវជន​ថ្នាក់​ស្រុក និង​ក្រុង​នេះ ​យុវ​ជន​ទាំង​១៣នាក់​ នឹង​សហការ​ជា​មួយ​ថ្នាក់​ដឹក​នាំ​ក្រុម​ប្រឹក្សា​ស្រុក​ និង​ក្រុង​ក្នុង​ខេត្ត​ព្រៃវែង​ ដើម្បី​គៀរ​គរ​និង​ឃោសនា​រក​សំឡេង​ឆ្នោត​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​ ដើម្បី​ត្រៀម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ឃុំ​ សង្កាត់​នៅ​ឆ្នាំ​២០១៧​ និង​ ការ​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​នៅ​ក្នុង​ឆ្នាំ២០១៨​ ខាង​មុខ។ ​លោក​គង់​ បូរ៉ា ​បាន​លើក​ឡើង​ថា​ ប្រសិន​បើ​យុវ​ជន​ទាំង​នេះ ​មាន​សមត្ថ​ភាព​នោះ ​ពួក​គេ​អាច​ត្រូវ​គណ​បក្ស​សង្គ្រោះ​ជាតិ​អនុញ្ញាត​ឲ្យ​ឈ​ឈ្មោះ​សម្រាប់​បោះ​ឆ្នោត​ឃុំ​ សង្កាត់​នៅ​ឆ្នាំ២០១៧។

សូម​បញ្ជាក់​ថា ​យុវជន​ទាំង​១៣​នាក់​ដែល​ត្រូវ​បាន​គណបក្ស​សង្គ្រោះ​ជាតិ​ជ្រើស​រើស​ទាំង​នេះ ពួក​គេ​នឹង​ទទួល​បាន​កុំព្យូទ័រ​និង​ Modem​ មួយ​គ្រឿង​ក្នុង​ម្នាក់ៗ​ ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​ការ​ស្រាវ​ជ្រាវ​ព័ត៌មាន​ និង​ទំនាក់​ទំនង​គ្នា។ ​បើតាម​លោក​គង់​ បូរ៉ា ​ខេត្ត​ព្រៃវែង​នេះ​ គឺ​ជា​ខេត្ត​ដំបូង​គេ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើការ​ជ្រើស​រើស​តំណាង​យុវជន​ថ្នាក់​ស្រុក ​និង​ក្រុង។​ បន្ទាប់ពី​ខេត្ត​ព្រៃវែង​ គណ​បក្ស​សង្គ្រោះ​ជាតិ​ក៏​គ្រោង​ជ្រើស​រើស​តំណាង​យុវ​ជន​ថ្នាក់​ និង​ក្រុង​នៅ​ក្នុង​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ផង​ដែរ។

គួរ​កត់​សម្គាល់​ថា ​សម្រាប់​ត្រៀម​ការ​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​នា​ឆ្នាំ​២០១៧ ​និង​ឆ្នាំ​២០១៨ ខាង​មុខ​ គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ គឺ​គណបក្ស​ប្រជា​ជន​កម្ពុជា ​និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជ្រាប​យុវជន​ចូល​ទៅ​កាន់​ការ​ងារ​ផ្សេងៗ​នៅក្នុង​គណបក្ស​របស់​ខ្លួន។​ ដូច​យ៉ាង​គណបក្ស​ប្រជា​ជន​កម្ពុជា​ នៅ​ក្នុង​មហា​សន្និបាត​វិសាមញ្ញ​របស់​ខ្លួន​កាល​ពី​ចុង​ខែ​មករា​ ដើម​ឆ្នាំ​នេះ បាន​បញ្ជូល​ក្រុម​យុវជន​មួយ​ចំនួន​ទៅ​ក្នុង​គណៈកម្មាធិការ​កណ្តាល​របស់​ខ្លួន​។ ​ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​សម្បូរ​ដោយ​យុវជន​កាន់​ការងារ​ជា​ច្រើន​នៅ​ក្នុង​គណបក្ស​របស់​ខ្លួន​ស្រាប់​ទៅ​នោះ ​នៅ​ពេល​នេះ​បាន​បង្កើន​ចំនួន​យុវជន​បន្ថែម​ទៀត​សម្រាប់​ថា្នក់​មូលដ្ឋាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ