គ្រួសារជនរងគ្រោះស្លាប់និងរបួសក្នុងហេតុការណ៍រលំអគារប្ដឹងទារសំណងពីក្រុមហ៊ុនចិន
បន្ថែមពីលើសំណងផ្ដល់ជូនដោយរដ្ឋាភិបាល ពោលគឺរំលងផុតមួយខែក្រោយហេតុការណ៍រលំអគារកម្ពស់៧ជាន់ក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី២៤ខែមិថុនា ជនរងគ្រោះ៤៨គ្រួសារបានប្ដឹងទាមទារសំណងជំងឺចិត្តពីក្រុមហ៊ុនចិន ក្នុងទំហំទឹកប្រាក់ចន្លោះពី២ម៉ឺនដល់១២ម៉ឺនដុល្លារ។ ក្នុងនោះក្រុមគ្រួសារជនរងគ្រោះបានអះអាងរួមគ្នាថា ការប្ដឹងរបស់ពួកគេដើម្បីយកថវិកាមកទ្រទ្រង់ជីវភាព ខណៈពួកគេអស់ទីពឹង។
ចុះផ្សាយនៅថ្ងៃ៖
ក្នុងចំណោមជនរងគ្រោះ៤៨គ្រួសារដែលបានប្ដឹងទាមទារសំណងពីក្រុមហ៊ុនចិនក្នុងទំហំទឹកប្រាក់ចន្លោះពី២ម៉ឺនដល់១២ម៉ឺនដុល្លារ ពួកគេទាំងនោះបានបាត់បង់សមាជិកគ្រួសារដូចជាៈ ឱពុក ម្ដាយ និងកូន ក្នុងចំណោមអ្នករងគ្រោះសរុប៥៤នាក់។ ថ្លែងតាមប្រព័ន្ធតេឡេក្រាមមកកាន់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃទី២៥ខែកក្កដានេះ លោក គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តរបស់លោក ហ៊ុន សែន ពន្យល់ថា ជនរងគ្រោះដែលដាក់ពាក្យបណ្ដឹងចែកជា៣ក្រុម គឺក្រុមគ្រួសារអ្នកស្លាប់ និងអ្នករបួស ខណៈបីគ្រួសារទៀតជាអ្នករងគ្រោះជុំវិញអគារដោយការខូចខាតទ្រព្យសម្បត្តិ។
ខណៈមានជនរងគ្រោះប្ដឹងទៅតុលាការព្រះសីហនុទាមទារសំណងបន្ថែម ជនរងគ្រោះមួយចំនួនក៏បានបញ្ឈប់ការទាមទាររបស់ពួកគេ ដោយមិនចង់ទាមទារសំណងអ្វីបន្ថែមទៀតនោះទេ ក្រោយទទួលបានប្រាក់ឧបត្ថម្ភពីលោកនាយករដ្ឋមន្ត្រី។ តែទោះជាបែបនេះក្ដី ក្រុមមេធាវីនៅតែបន្តចុះទៅដល់មូលដ្ឋានរបស់សាច់ញាតិ និងជនរងគ្រោះដទៃទៀត ដែលមិនទាន់បានដាក់ពាក្យបណ្តឹងទាមទារសំណង់។
សូមជម្រាជូនថា មុនជនរងគ្រោះប្ដឹងទាមទារសំណង់បន្ថែមពីក្រុមហ៊ុនចិន គឺក្រុមគ្រួសារអ្នកស្លាប់២៨នាក់ ទទួលបានថវិកាក្នុងមួយសពជាង៩ម៉ឺនដុល្លារឬជិត៤០០លានរៀល។ ថវិកានេះប្រមូលបានពីសប្បុរសជនតាមរយៈលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានចំនួនជាង ២.៥លានដុល្លារអាមេរិក។ រីឯថវិកាជាតិ រដ្ឋាភិបាលផ្ដល់ជូន១ម៉ឺនដុល្លារដល់គ្រួសារអ្នកស្លាប់និងជាង១ពាន់ដុល្លារផ្ដល់ជូនអ្នករបួស។ បន្ថែមលើនេះ ព្រះមហាក្សត្រកម្ពុជាបានប្រទានព្រះរាជអំណោយ១ម៉ឺនដុល្លារ ខណៈសភាពាណិជ្ជកម្មចិននៅកម្ពុជាឧបត្ថម្ភថវិកា១១ម៉ឺនដុល្លារ។
ក្រោយករណីបាក់រលំអគារកម្ពស់៧ជាន់ មានទីតាំងស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមិថុនា សមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់សំណង់, ថៅកែម៉ៅការសាងសង់ និងអ្នកពាក់ព័ន្ធចំនួន២នាក់ សរុប៤នាក់ យកទៅកាន់ស្នងការនគរបាលខេត្ត ដើម្បីសាកសួរ ធ្វើកំណត់ហេតុ និងបន្ដចាត់ការតាមនីតិវិធីច្បាប់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ