អានតួអត្ថបទ
កម្ពុជា

របាយការណ៍​​Comfrel​​៖តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​​សកម្មជាង​​តំណាង​រាស្ត្រ​បក្ស​កាន់​អំណាច​

តំណាងរាស្រ្តគណបក្សជាប់ឆ្នោតទាំងពីរ នៅក្នុងរដ្ឋសភា។
តំណាងរាស្រ្តគណបក្សជាប់ឆ្នោតទាំងពីរ នៅក្នុងរដ្ឋសភា។ @RFI
១៩ នាទី

សកម្មភាព​​របស់​តំណាង​រាស្ត្រ​គណបក្ស​​សង្គ្រោះ​​ជាតិ​ មាន​​ភាព​សកម្ម​​ច្រើន​ជាង​ តំណាង​រាស្ត្រ​​របស់​គណបក្ស​​ប្រជាជន​កម្ពុជា ​ក្នុង​រយៈ​ពេល ​៦​ខែ​ ឆ្នាំ​២០១៥​នេះ​​។ ទោះ​ជា​យ៉ាង​ណា ​បើ​ប្រៀប​ធៀប ​កាល​ពី​រយៈ​ពេល​ដូច​គ្នា​ ក្នុង​ឆ្នាំ​២០១៤ ​តំណាង​រាស្ត្រ​ ដែល​​ធ្វើ​សកម្មភាព​​ មាន​ការ​​ថយ​ចុះ​តិច​តួច​ ពោល​គឺ​រយៈ​ពេល​នេះ​ មាន​​តំណាង​រាស្ត្រ​ចំនួន​​៧០​នាក់ ​ក្នុង​រដ្ឋសភា​ បាន​​ចុះ​ធ្វើ​សកម្មភាព​​តាម​មូលដ្ឋាន​ ចំនួន​​៦១២​លើក។ នេះ​បើ​យោង​តាម​​របាយការណ៍​​របស់​​គណៈកម្មាធិការ​ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី ​និង​យុត្តិធម៌ ​ហៅ​កាត់​ថា​ ខុមហ្វ្រែល​ ដែល​​បាន​​ចេញ​ផ្សាយ​​ នៅ​ព្រឹក​​ថ្ងៃ​ទី​​២៧​ ខែ​សីហានេះ​ នៅ​ស្នាក់​ការ​អង្គការ​​ខុម​ហ្វ្រែល​ ក្រុង​ភ្នំពេញ​​។ 

ផ្សាយពាណិជ្ជកម្ម

​របាយការណ៍​សង្ខេប​​ឆមាស​លើក​ទី​២ ​នៃ​ការ​ឃ្លាំ​មើល​រដ្ឋសភា ​និង​តំណាង​រាស្ត្រ​នៃ​នីតិកាល​ទី​៥​ របស់​ខុមហ្វ្រែល ​បាន​​បង្ហាញ​ថា ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​​ចំនួន​ ៣២​រូប ​បាន​​ចុះ​ធ្វើ​សកម្មភាព​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ ចំនួន​​៥២៧​លើក។ ​ហើយ​​ខាង​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​​កម្ពុជា​ ចំនួន​៣៨​រូប​ បាន​​ចុះ​ធ្វើ​សកម្មភាព​តាម​​មូលដ្ឋាន​​តែ​ ៨៥​លើក​ប៉ុណ្ណោះ។​

យ៉ាង​ណា​ក៏​ដោយ ​របាយការណ៍​ដែល​​បាន​​សង្កេត ចាប់​ពី​ខែ​មករា ដល់​ខែ​មិថុនា​​​ ឆ្នាំ២០១៥​ បាន​​បញ្ជាក់​ថា ក្នុង​ចំណោម​​សកម្មភាព​ទាំងនោះ​ សកម្មភាព​ជួយ​អន្តរាគម​ និង​ដោះស្រាយ​​បញ្ហា​នានា​រ​បស់​​ពលរដ្ឋ​ នៃ​​តំណាង​រាស្ត្រ​បក្ស​ទាំង​ពីរ ​គឺមា​ន​តែ​ ២​ភាគ​រយ​​ប៉ុណ្ណោះ។ ​ក្រៅ​ពី​នោះ​ សកម្មភាព​​របស់ពួ​កគេ ​គឺ​ផ្តោត​លើ​ការ​ជួប​សំណេះ​សំណាល​​ ​ចែក​​អំណោយ ​ឬ​សម្ពោធ​សមិទ្ធផល​នានា ​ឬ​​ដើម្បី​ពង្រឹង​ផ្ទៃ​ក្នុង​បក្ស​ ឬ​វេទិកា​សាធារណៈ ​ដែល​​សរុប​គោល​បំណង​ទាំង​​នេះ​ គឺ​មាន​​រហូត​ដល់​ ៨៨​ភាគ​រយ។

លើស​​ពី​នេះ ​របាយការណ៍​នេះ​ ក៏​បាន​​​បង្ហាញ​ថា​ សកម្មភាព​របស់​គណៈកម្មការ​ជំនាញ​រដ្ឋសភា​ មាន​ការ​​កើន​ឡើង ពោល​​គឺ​ក្នុង​​រយៈ​ពេល​នេះ ​មាន​​សកម្មភាព​រហូត​ដល់ ​៤៥​លើក។ ក្នុង​នោះ ​គណៈកម្មការ​ជំនាញ​​រដ្ឋសភា ​បាន​​កោះ​ហៅ​រដ្ឋ​មន្ត្រី​ ចំនួន​​៨​រូប ​ឲ្យ​ចូល​​​ទៅ​បំភ្លឺ​ដោយ​​ផ្ទាល់​មាត់ ក្នុង​រដ្ឋសភា និ​​ងនៅ​ក្នុង​ក្រសួង​សាមី។

និយាយ​​ពី​​ដំណើរ​ការ​​ប្រជុំ​​ពេញ​អង្គ​រដ្ឋ​សភា​វិញ ​របាយការណ៍ ​បាន​​បញ្ជាក់​ថា​ ក្នុង​ចំណោម​​កិច្ច​​ប្រជុំ​សាមញ្ញ​ និង​វិសាមញ្ញ ​ចំនួន​​១០​លើក​ របស់​សភា ​គឺ​ហាក់មិ​នសូវ​មាន​គុណភាព ​និង​​ធ្វើ​ឡើង​ដោយ​​ប្រញាប់​ប្រញាល់ ដោយ​​ខ្វះ​ការ​ពិភាក្សា​គ្នា។ ជាក់ស្តែង​​ក្នុង​រយៈ​ពេល​តែ​ ៦​ខែ​​ រដ្ឋសភា បាន​​ពិភាក្សា​ និង​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ ចំនួន​២​​ទាំង​ប្រញាប់​ ដោយ​​សម្លេង​តែ​មួយ​របស់​គណបក្ស​​ប្រជាជន​​កម្ពុជា​។

ចំពោះ​ការ​ចេញ​​លិខិត​អន្តរាគមន៍​របស់​​តំណាង​រាស្ត្រ​វិញ​ ខុមហ្វ្រែល សង្កេត​ឃើញ​ថា​ មាន​ការ​​ប្រើ​សិទ្ធិ​​អំណាច​​ជា​ប្រធាន​​រដ្ឋសភា​ហួស​ព្រំដែន។ តួ​យ៉ាង​ ក្នុង​អំឡុង​ពេល​នេះ ​មាន​លិខិត​​ចំនួន​ ៣​ច្បាប់ ត្រូវ​បាន​​បដិសេធ​មិន​ធ្វើ​ការ​​បញ្ចូន​​ដោយ​​ប្រធាន​​រដ្ឋសភា ​ក្នុង​ចំណោម​លិខិត​ ២២​ច្បាប់​ របស់​តំណាង​រាស្ត្រ ​ដែល​​បាន​​ស្នើ​សុំ​អន្តរាគម៍​ ដើម្បី​ជួយ​ម្ចាស់​ឆ្នោត។

សូម​បញ្ជាក់​ថា ​ការ​​ចេញ​​ផ្សាយ​​របាយការណ៍​នៅ​ពេល​នេះ ​ត្រូវ​បាន​​ខុមហ្វ្រែល អះអាង​​​​ថា មាន​​សារៈ​សំខាន់ ក្នុង​ការ​ស្វែង​យល់​ពី​សកម្មភាព​​របស់​អ្នក​​តំណាង​រាស្ត្រ​  និង​ក៏​ដើម្បី​ជា​ការ​កែ​លម្អ​ ចំពោះ​ភាព​អសកម្ម​របស់​តំណាងរាស្ត្រ​មួយ​ចំនួន ​សម្រាប់​ការ​​បោះឆ្នោត​​នា​ពេល​ខាង​មុខ។​ ហើយ​​រដ្ឋសភា គួរ​តែ​បើក​ការ​ពិភាក្សា​ឲ្យ​​គ្រប់​ជ្រុង​ជ្រោយ មុន​​អនុម័ត​ច្បាប់​អ្វី​មួយ។ ​នេះ​បើ​តាម​​អនុសាសន៍​របស់​ខុមហ្វ្រែល៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ