កម្ពុជា

គណៈកម្មការ​ផ្ទៀងផ្ទាត់​ផែនទី​ត្រូវបាន​បង្កើត "ដើម្បី​ធានា​តម្លាភាព​និង​ភាពត្រឹមត្រូវ"

លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា នៅ​ក្នុង​សន្និសីទ​កាសែត ថ្ងៃ​ទី​០២ កក្កដា ឆ្នាំ​២០១៥
លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា នៅ​ក្នុង​សន្និសីទ​កាសែត ថ្ងៃ​ទី​០២ កក្កដា ឆ្នាំ​២០១៥ RFI/Siv Channa

រដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​សម្រាប់​សម្របសម្រួល​ការងារ​ទទួល ប្រគល់ និង​ផ្ទៀងផ្ទាត់​ផែនទី នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។ ក្រុមការងារ​ថ្មី​ដែល​ដឹកនាំ​ដោយ​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នោះ នឹង​បើកចំហរ​ឱ្យមាន​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ «ដើម្បី​ធានា​តម្លាភាព និង​ភាព​ត្រឹមត្រូវ​ច្បាស់លាស់»ក្នុង​ការងារ។

ផ្សាយពាណិជ្ជកម្ម

គណៈកម្មការ​ចំពោះ​កិច្ច​សម្រាប់​សម្របសម្រួល​ការងារ​ទទួល ប្រគល់ និង​ផ្ទៀងផ្ទាត់​ផែនទី ត្រូវបាន​បង្កើត កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ពោលគឺ​មួយថ្ងៃ​ក្រោយពី​រដ្ឋាភិបាល​កម្ពុជា​ទទួលបាន​លិខិត​ឆ្លើយតប​ពី​អង្គការសហប្រជាជាតិ ទាក់ទង​នឹង​សំណើសុំ​ខ្ចី​ផែនទី។

មាន​សមាសភាព១១រូប ក្រុមការងារ​ថ្មី​នៃ​រដ្ឋាភិបាល​នេះ ដឹកនាំ​ដោយ​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​កម្ពុជា។ អនុប្រធាន​ពី​រូប​គឺ​ទេសរដ្ឋ​មន្ត្រី​ទទួលបន្ទុក​កិច្ចការ​ព្រំដែន វ៉ា គឹមហុង និង​ទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់។

គណៈកម្មការ​ចំពោះ​កិច្ច​ថ្មី​នេះ កើតឡើង«ដើម្បី​ធានា​តម្លាភាព និង​ភាពត្រឹមត្រូវ​ច្បាស់លាស់​» ក្នុងការ​ចាត់ចែង និង​សម្របសម្រួល​ការទទួល ការប្រគល់ និង​ការពិនិត្យ​ផ្ទៀងផ្ទាត់​ផែនទី។ តាម​ការកំណត់​របស់​ក្រុមការងារ​នេះ អ្នកតំណាង​គណបក្ស​ដែលមាន​អាសនៈ​នៅ​ព្រឹទ្ធសភា និង​រដ្ឋសភា អ្នកតំណាង​រាជបណ្ឌិតសភា​កម្ពុជា និង​អ្នកជំនាញ​ខាង​ការងារ​ផែនទី ក៏ដូចជា​អ្នកសង្កេតការណ៍​នានា អាច​ចូលរួម​ធ្វើ​សកម្មភាព​បាន។

សូមបញ្ជាក់ថា នៅ​ថ្ងៃ​ពុធ ទី០៥ ខែសីហា ឆ្នាំ២០១៥ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បាន​តប​ចំពោះ​លិខិត​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៥ ដែល​សុំ​ខ្ចី​ផែនទី​កម្ពុជា​ខ្នាត១/១០០ ០០០ បោះពុម្ព​ដោយ​ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន តម្កល់​នៅ​អង្គការសហប្រជាជាតិ ក្នុង​ឆ្នាំ១៩៦។ លោក បាន គី​មូ​ន បាន​ឆ្លើយថា៖ «ខណៈពេលដែល​យើង​មិនអាច​រកឃើញ​ផែនទី​ទាំងឡាយ​ដូច​បាន​រៀបរាប់​ក្នុង​លិខិត​របស់​ឯកឧត្តម យើង​បាន​រកឃើញ​ផែនទី​មួយចំនួន (...) ដែល​អាចមាន​ប្រយោជន៍​ចំពោះ​រដ្ឋាភិបាល​របស់​ឯក​ឧ​ត្ត​ម»។

លោក បាន គី​មូ​ន បានឱ្យដឹង​ទៀតថា ផែនទី​ទម្រង់​ឌីជីថល​មួយឈុត ត្រូវបាន​ប្រគល់ឱ្យ​អ្នកតំណាង​កម្ពុជា​នៅ​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៥ រួចហើយ ប៉ុន្តែ​អគ្គលេខាធិការ​រូបនេះ បាន​ហាម​មិនឱ្យ​មានការ​បកស្រាយ​ថា អង្គការសហប្រជាជាតិ​គាំទ្រ ឬ​យល់ព្រម​ជា​ផ្លូវការ​ចំពោះ​ខ្សែបន្ទាត់​ព្រំដែន និង​ឈ្មោះ​នានា​ដែល​បានបង្ហាញ​នៅលើ​ផែនទី​ទាំង​នោះទេ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចង់បាន​ផែនទី​កម្ពុជា​ពី​អង្គការសហប្រជាជាតិ ដើម្បី​យក​មក​​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី​ដែល​រដ្ឋាភិបាល​កម្ពុជា​កំពុង​ប្រើ បន្ទាប់ពី​អ្នកតំណាងរាស្ត្រ​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​ចោទថា រដ្ឋាភិបាល​ខ្មែរ​ប្រើ​ផែនទី«ក្លែងក្លាយ»ក្នុងការ​បោះ​បង្គោល​ព្​រំដែន​កម្ពុជា វៀតណាម៕  

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI