កម្ពុជា

គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា គ្រោង​​កោះ​ហៅ​​រដ្ឋ​មន្ដ្រី​ក្រសួង​យុត្តិធម៌​ទៅ​បំភ្លឺពី​​​ឯករាជ្យ​ភាព​នៃ​ប្រព័ន្ធ​តុលាការ

ក្រុម​សកម្មជនដីធ្លី តវ៉ា នៅមុខក្រសួងយុត្តិធម៌ នា​ពេល​កន្លង​មក
ក្រុម​សកម្មជនដីធ្លី តវ៉ា នៅមុខក្រសួងយុត្តិធម៌ នា​ពេល​កន្លង​មក RFI/Siv Channa

គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា គ្រោង​​កោះ​ហៅ​​រដ្ឋ​មន្ដ្រី​ក្រសួង​យុត្តិធម៌​ទៅ​បំភ្លឺអំពីឯករាជ្យ​ភាព​​នៃ​ប្រព័ន្ធ​តុលាការ​កម្ពុជា នៅ​ខែ​មីនា​ខាង​មុខ​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក អេង ឆៃអ៊ាង ប្រធាន​គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា​ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ទទួល​ពាក្យ​បណ្ដឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា-​ព្រឹទ្ធសភា​។ តាម​រយៈ​ការ​កោះ​ហៅ​នេះ លោក អេង ឆៃអ៊ាង សង្ឃឹម​ថា វា​នឹង​ជួយ​ជំរុញ​ឲ្យ​មាន​យុត្តិធម៌​នៅ​ក្នុង​ប្រព័ន្ធ​តុលាការ​ ក៏​ដូច​ជា​កាត់​បន្ថយ​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​។

ផ្សាយពាណិជ្ជកម្ម

មូលហេតុ​ដែល​ជំរុញ​ឲ្យ​គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា ​កោះ​ហៅ​រដ្ឋ​មន្ដ្រី​ក្រសួង​យុត្តិធម៌​ទៅ​បំភ្លឺ គឺ​ដោយ​សារ​តែ​ភាព​ឯករាជ្យ​នៃ​ប្រព័ន្ធ​តុលាការ​កម្ពុជា បាន​ទទួល​រង​ការ​រិះគន់ និង​ត្អូញ​ត្អែរ​ជា​ច្រើន​ពី​សំណាក់​សាធារណៈ​មតិ ទាំង​ជាតិ​និង​អន្ដរជាតិ​។ ការ​កោះហៅ​នេះ គឺ​ជា​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​មួយ​របស់​គណៈកម្មការ​ទី​១ ដើម្បី​ជំរុញ​ឲ្យ​ប្រព័ន្ធ​តុលាការ​កម្ពុជា មាន​ភាព​ឯករាជ្យ ប្រាស​ចាក​ផុត​ពីអំពើ​ពុក​រលួយ និង​​ឥទ្ធិពល​នយោបាយ​។

នៅ​ក្នុង​កិច្ច​សន្ទនា​តាម​ទូរសព្ទ​ជាមួយ​វិទ្យុ​បារាំង លោក អេង ឆៃអ៊ាង ប្រធាន​គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា បង្ហាញ​ពី​សង្ឃឹម​ថា ចំណាត់ការ​នេះ នឹង​ជួយ​ជំរុញ​ឲ្យ​មាន​យុត្តិធម៌​នៅ​ក្នុង​ប្រព័ន្ធ​តុលាការ​ ក៏​ដូច​ជា​កាត់​បន្ថយ​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​។

ការ​កោះ​ហៅ​រដ្ឋ​មន្ដ្រីក្រសួង​យុត្តិធម៌​ទៅ​បំភ្លឺពី​រឿង​ឯករាជ្យ​ភាព​នៃ​ប្រព័ន្ធ​តុលាការ ត្រូវ​បាន​ប្រធាន​គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា គ្រោង​ធ្វើ​ឡើង​នៅ​ខែ​មីនា​ខាង​មុខ​នេះ​។

មិន​មែន​មាន​តែ​គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា​ប៉ុណ្ណោះ​ទេ ដែល​យក​ចិត្ត​ទុក​ដាក់​ពី​ប្រព័ន្ធ​យុត្តិធម៌ និង​ឯករាជ្យភាព​នៃ​តុលាការ​កម្ពុជា​។ ក្រសួង​យុត្តិធម៌​ខ្លួន​ឯង ក៏​បាន​ធ្វើ​កំណែ​ទម្រង់​មួយ​ចំនួន ឆ្លើយ​តប​នឹង​ការ​រិះ​គន់​ពី​សំណាក់​សាធារណៈ​មតិ​ផង​ដែរ​។ ជាក់​ស្ដែង កាល​ពី​ថ្ងៃ​ទី​២៨​មករា​កន្លង​ទៅ ក្រសួង​យុត្តិធម៌​បាន​ប្រកាស​ពី​គម្រោង​ដំឡើង​ប្រាក់​ខែ​ដល់​ចៅ​ក្រម​និង​ព្រះ​រាជអាជ្ញា ដែល​មាន​ចំនួន​បន្ថែម​ប្រមាណ​៤០​ទៅ​៥០​ភាគ​រយ​ទៅ​លើ​ប្រាក់​ខែ​បច្ចុប្បន្ន​។ ប្រាក់​ខែ​បច្ចុប្បន្ន ដែល​ទាប​បំផុត​មាន​ចំនួន​៣០០​ដុល្លារ​អាមេរិក ក្នុង​មួយ​ខែ​។

អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន លើក​ឡើង​ថា ការ​ដំឡើង​ប្រាក់​ខែ​ដល់​ចៅក្រម និង​ព្រះរាជ​អាជ្ញា​នេះ គឺ​ជា​កត្តា​សំខាន់​មួយ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​នៅ​ក្នុង​ប្រព័ន្ធ​តុលាការ​កម្ពុជា​។ លើស​ពី​នេះ វា​ក៏​ជា​យន្តការ​នៃ​ការ​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ក្នុង​ការ​លើក​ទឹក​ចិត្ត ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​អនុវត្ត​ច្បាប់​របស់​ចៅក្រម​និង​ព្រះ​រាជអាជ្ញា កាន់​តែ​មាន​ប្រសិទ្ធភាព​។

ប៉ុន្តែ​នាយក​ប្រត្តិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល អះអាង​ថា ការ​ដំឡើង​ប្រាក់​ខែ​តែ​មួយ​មុខ មិន​អាច​ធ្វើ​ឲ្យ​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ទទួល​ជោគជ័យ​នោះ​ទេ​។ ដើម្បី​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា សម្រាប់ លោក ព្រាប កុល រដ្ឋាភិបាល​និង​ក្រសួង​យុត្តិធម៌ ត្រូវ​ធានា​ឲ្យ​បានថា ដំណើរការ​ទាំង​ឡាយ​នៅ​ក្នុង​ប្រព័ន្ធ​តុលាការ​ត្រូវ​ធ្វើ​ឡើង​ដោយ​តម្លាភាព ជា​ពិសេស​ការ​ជ្រើស​រើស​ចៅ​ក្រម​ព្រះ​រាជអាជ្ញា និង​ការ​ប្រកាស​សាល​ក្រម​ជា​ដើម​៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI