កម្ពុជា

​កម្ពុជាសម្តែង​ក្តី​បារម្ភ​បន្ទាប់​ពី​កូរ៉េ​ខាង​ជើង​បាញ់​សាក​ល្បង​នុយ​ក្លែ​អ៊ែរ​ដោយ​ជោគ​ជ័យ

People take part in mass rallies held across the country vowing to carry out tasks set forth by North Korean leader Kim Jong Un in this undated photo released by North Korea's Korean Central News Agency (KCNA) in Pyongyang on January 8, 2016.
People take part in mass rallies held across the country vowing to carry out tasks set forth by North Korean leader Kim Jong Un in this undated photo released by North Korea's Korean Central News Agency (KCNA) in Pyongyang on January 8, 2016. REUTERS/KCNA

កម្ពុជា​បង្ហាញ​ក្តី​បារម្ភ​យ៉ាង​ខ្លាំង បន្ទាប់​ពី​ប្រទេស​កូរ៉េ​ខាង​ជើង បាន​​បាញ់​​សាក​ល្បង​​នុយ​​ក្លែ​អ៊ែរ​ ដោយ​ជោគជ័យ កាល​ពី​ថ្ងៃ​ទី ៦ មករា និង​ ចាត់​ទុក​ថា​ វា​គឺ​ជា​ការ​រំលោភ​ទៅ​លើ​សេចក្តី​សម្រេច​ចិត្ត​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​។ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​ របស់​ក្រសួង​ការ​បរទេស កាល​ពី​ថ្ងៃ​ទី ៨ មករា។ ជាមួយ​គ្នា​នេះ ប្រជាជន​កូរ៉េ​ ដែល​កំពុង​រស់​នៅ​ក្រុង​ភ្នំពេញ​ ក៏​បាន​ចេញ​នូវ​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ​ ថ្កោល​ទោស​ចំពោះ​ទង្វើរ​របស់​កូរ៉េខាង​ជើង និ​ង​បាន​ស្នើ​សុំ​ឲ្យ​សហគមន៍​អន្តរជាតិ​ ចាត់​វិធានការណ៍​ទៅ​លើ​បញ្ហា​នេះ​ផង​ដែរ​។  (អត្ថបទដោយ សរ ពិសី)  

ផ្សាយពាណិជ្ជកម្ម

ក្រសួងការបរទេស កាលពីថ្ងៃទី ៨ មករា បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ ស្តី​ពី​ការ​ព្រួយ​បារម្ភ​របស់​កម្ពុជា​ បន្ទាប់​ពី​មានការ​បាញ់​សាក​ល្បង​នុយ​ក្លែអ៊ែរ​ ឬ គ្រាប់​បែក​អ៊ីដ្រូសែន​ របស់​ទីក្រុង​ព្យុងយ៉ាង​ ប្រទេស​កូរ៉េ​ខាង​ជើង កាល​ពី​ថ្ងៃ​ទី ៦ មករា កន្លង​ទៅ​នេះ​។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ដដែល បញ្ជាក់​ថា កម្ពុជា​ ចាត់​ទុក​ ទង្វើរ​របស់​កូរ៉េ​ខាង​ជើង​ គឺ​រំលោភ​ទៅ​លើ​សេចក្តី​សម្រេច​ចិត្ត​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ និង​ បង្ក​ការ​គំរាម​គំហែង​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​សន្តិភាព សន្តិសុខ និង ស្ថេរភាព​ក្នុង​តំបន់​។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ កម្ពុជា​ ក៏បា​ន​អំពាវ​នាវ​ដល់​ប្រទេស​កូរ៉េ​ខាង​ជើង​ ឲ្យ​គោរព​តាម​សេចក្តី​សម្រេច​ចិត្ត​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ​ កាតព្វកិច្ច​អន្តរជាតិ​ និង​ ការ​ប្តេជ្ញាចិត្ត​ក្នុង​ការ​លប់​បំបាត់​នុយ​ក្លែអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​។

មិន​ត្រឹម​តែ​កម្ពុជា​ទេ ដែល​សម្តែង​ក្តី​បារម្ភ​ពី​បញ្ហា​នុ​យក្លែអ៊ែរ​ របស់​កូរ៉េ​ខាង​ជើង​នេះ ​សូម្បី​តែ​ប្រជាជន​កូរ៉េ​ដែល​កំពុង​នៅ​ទីក្រុង​ភ្នំពេញ​ ក៏​បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​មួយ​ បង្ហាញ​នូវ​កង្វល់​ពី​បញ្ហា​នេះ​ផង​ដែរ​ ។ ជាក់​ស្តែង កាល​ពី​ថ្ងៃ​ទី​ ៨ មករា ប្រជាជន​កូរ៉េ​ ជាង​ ១ ម៉ឺន​ ៥​ ពាន់​ នាក់ នៅ​ទីក្រុង​ភ្នំពេញ​ បាន​ចេញ​នូ​​វ​សេចក្តី​ថ្លែងការណ៍​មួយ​ ប្រតិកម្ម​ចំពោះ​ការ​បាញ់​សាក​ល្បង​​គ្រាប់បែក​អ៊ីដ្រូសែន​របស់​ទីក្រុង​ព្យុង​យ៉ាង​នេះ​ផង​ដែរ។​

ប្រជាជនកូរ៉េ បាន​ធ្វើ​ការ​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ចំពោះ​ការ​បាញ់​សាក​ល្បង​នុយក្លែអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​សារ​ជា​ថ្មី​ម្តង​ទៀត​នេះ បើ​ទោះ​ជា​មាន​ការ​ព្រមាន​ ជា​បន្ត​បន្ទាប់​ពី​សំណាក់​អង្គការ​សហប្រជាជាតិ​ សហគមន៍​អន្តរជាតិ​ និង រដ្ឋាភិបាល​ប្រទេស​កូរ៉េ​ខាង​ត្បូង​ក៏​ដោយ។​

គួរ​​​ជម្រាប​​ជូន​ថា ការ​បាញ់​សាក​ល្បង​នុយក្លែអ៊ែរ​ ឬ គ្រាប់​បែក​អ៊ីដ្រូសែន​ របស់​កូរ៉េ​ខាង​ជើង​ បាន​ធ្វើ​ឡើង​ចំនួន បួន ដង រួច​មក​ហើយ នៅ​ក្នុង​ឆ្នាំ​ ២០០៦​ ឆ្នាំ ២០០៩ ឆ្នាំ ២០១៣ និង ឆ្នាំ ២០១៦ នេះ។ ប៉ុន្តែ​ ការ​បាញ់​សាក​ល្បង​នុយ​ក្លែអ៊ែរ​ចុង​ក្រោយ​នេះ​ ពោល​គឺ​ កាល​ពី​ថ្ងៃ​ទី​ ៦​ មករា​ ត្រូវ​បាន​ទីក្រុង​ព្យុងយ៉ាង​ ចាត់​ទុក​ថា ជា​ការ​សាកល្បង​ប្រកប​ដោយ​ជោគជ័យ​ ជា​លើក​ទី​មួយ​នៃ គ្រាប់​បែក​អ៊ីដ្រូសែន​។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ បន្ទាប់​ពី​ជោគជ័យ​របស់​កូរ៉េ​ខាង​ជើង​នេះ​ ប្រទេស​មហា​អំណាច​ជា​ច្រើន​ រួម​មាន​ សហរដ្ឋអាមេរិក ជប៉ុន​ កូរ៉េ​ខាង​ត្បូង​ ជា​ដើម​នោះ​ បាន​ធ្វើ​ការ​ថ្កោល​ទោស​ជា​បន្ត​បន្ទាប់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI