ទុនវិនិយោគ កំលាំងពលកម្ម តម្លៃពលកម្មក្នុងវិស័យសំណង់ឆ្នាំ២០១៧ កើនជាងឆ្នាំ២០១៦ច្រើន
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
គម្រោងវិនិយោគនិងទុនវិនិយោគលើវិស័យសំណង់ពេញមួយឆ្នាំ២០១៧នេះ បានកើនឡើងជាង២៣ភាគរយ ធៀបនឹងឆ្នាំ២០១៦។ ការប៉ាន់ប្រមាណនេះ បានរំលេចឡើងនៅក្នុងរបាយការណ៍មួយ ដែលបានបង្ហាញនៅក្នុងសន្និបាតប្រចាំឆ្នាំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានរៀបចំធ្វើនៅថ្ងៃទី២៨ធ្នូនេះ នៅក្រសួងដែនដី។
ទិន្នន័យសំណង់នៅទូទាំងប្រទេសនាឆ្នាំ២០១៧នេះ បង្ហាញថា គម្រោងសាងសង់សរុបមាន៣០៥២ គម្រោង មានផ្ទៃក្រឡាជាង១០លានម៉ែត្រការ៉េ ដែលមានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ជាង៦ពាន់លានដុល្លារ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៦ មានចំនួន២៤០៥ គម្រោង និងមានផ្ទៃក្រឡាសរុបជាង១១លានម៉ែត្រការ៉េ ហើយតម្លៃប៉ាន់ស្មានទុនវិនិយោគវិញគឺមានប្រមាណជាង៥ពាន់លានដុល្លារ។
របាយការណ៍សំណង់ប្រចាំឆ្នាំរបស់ក្រសួងរៀបចំដែនដី បានធ្វើការបែងចែកជា២ផ្នែក ចំពោះគម្រោង សាងសង់នេះ គឺតាមរយៈសមត្ថកិច្ចក្រសួងមានចំនួន២៣៦ គម្រោង និងតាមរយៈសមត្ថកិច្ចសាលារាជធានី-ខេត្ត មានចំនួន២៨១៦ គម្រោង។
ដោយឡែកសំណង់លំនៅឋាន សម្រាប់ឆ្នាំ២០១៧ គឺមានសរុប ២២៩១ គម្រោង និងមានទុនវិនិយោគជាង២ពាន់លានដុល្លារ។ ក្នុងនោះរបាយការណ៍បានលម្អិតថា គម្រោងអគារខ្ពស់ៗចាប់ពី៥ជាន់ឡើងទៅនៅរាជធានីភ្នំពេញសរុបក្នុងឆ្នាំ២០១៧ មានចំនួន១៨៨ គម្រោង។ ជារួមសំណង់ទូទាំងប្រទេសគិតចាប់តាំងពីឆ្នាំ ២០០០ ដល់ឆ្នាំ២០១៧ សមត្ថកិច្ចបានចេញលិខិតអនុញ្ញាតសាងសង់ចំនួន ៣៩ ៩០៣ គម្រោង ដែលមានផ្ទៃក្រឡាសំណង់សរុបច្រើនជាង១០២លានម៉ែត្រការ៉េ និងតម្លៃប៉ាន់ស្មានទុនវិនិយោគសរុបជាង ៣៧ពាន់លានដុល្លារ។
ជាមួយគ្នានេះ ការរីកចំរើនលើវិស័យសំណង់នៅឆ្នាំ២០១៧នេះដែរ បានបង្កើតការងារដល់ពលរដ្ឋខ្មែរគិតជាមធ្យមពី ២៥៥ ០០០នាក់ទៅ២៦០ ០០០នាក់ក្នុងមួយថ្ងៃ។ របាយការណ៍ក្រសួងដែនដីបន្តថា ចំនួនការងារមានការកើនឡើងជាង៤០ភាគរយ បើធៀបទៅនឹងឆ្នាំ២០១៦។
ដំណាលគ្នានេះ តាមរយៈការសិក្សាស្រាវជ្រាវក្នុងឆ្នាំ២០១៧ តម្លៃពលកម្មសម្រាប់កម្មករគ្មានជំនាញក្នុងមួយថ្ងៃទទួលបានពី ៣៥ ០០០រៀលទៅ ៤០ ០០០រៀល ប្រមាណជា១០ដុល្លារ។ចំពោះកម្មករជំនាញនិងមេជាងវិញ ក្នុងមួយថ្ងៃអាចទទួលបានពី៥០ ០០០រៀល ទៅ៧៥ ០០០រៀល ហើយចំពោះវិស្វករ ស្ថាបត្យករនិងអ្នកជំនាញផ្សេងៗទៀត ពួកគេទទួលបានប្រាក់បៀវត្សចន្លោះពី៤០០ទៅ២៥០០ដុល្លារ ក្នុងមួយខែ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ