កម្ពុជា-បោះឆ្នោត

គជប ទទួល​អនុសាសន៍​ពី​ស្ថាប័ន​ចំនួន​១០ មុន​​ដាក់​ឲ្យ​ប្រើ​ប្រាស់​បទ​បញ្ជា​និង​នីតិ​វិធី​សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ

កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​លើ​សេចក្ដី​ព្រាង​បទ​បញ្ជា និង​នីតិ​វិធី​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​
កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​លើ​សេចក្ដី​ព្រាង​បទ​បញ្ជា និង​នីតិ​វិធី​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ @facebook/NEC

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត នៅ​ថ្ងៃ​ទី​២៣​មករា​ម្សិលមិញ បាន​បើក​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​លើ​សេចក្ដី​ព្រាង​បទ​បញ្ជា និង​នីតិ​វិធី​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ នៅ​ភោជនីយដ្ឋាន​ទន្លេ​បាសាក់​២​។ នៅ​ក្នុង​កិច្ច​ប្រជុំ​ពេញ​មួយ​ថ្ងៃ​ គជប បាន​ទទួល​អនុសាសន៍​នានា​ពី​សំណាក់​ស្ថាប័ន​យ៉ាង​ហោច​ណាស់​ចំនួន​១០។ ជា​អនុសាសន៍​ដែល គជប អះអាង​ថា ខ្លួន​នឹង​យក​ទៅ​ពិនិត្យ​ពិភាក្សា​ មុន​នឹង​សម្រេច​ដាក់​ឲ្យ​ប្រើ​ប្រាស់​បទ​បញ្ជា​និង​នីតិវិធី​ជា​ផ្លូវ​ការ​នា​ពេល​ក្រោយ​។

ផ្សាយពាណិជ្ជកម្ម

អនុសាសន៍​ដែល​ត្រូវ​បាន​លើក​ឡើង​ទៅ​កាន់ គជប ពី​សំណាក់​ភាគី​ពាក់ព័ន្ធ នៅ​ក្នុង​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​នៅ​ថ្ងៃ​ទី​២៣​មករា ផ្ដោត​សំខាន់​ទៅ​លើ​សន្លឹក​ឆ្នោត​មិន​បាន​ការ​។ ក្នុង​នោះ ភាគី​ជប៉ុន អង្គការ​ខុមហ្វ្រែល និង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​​ស្នើ​សុំ​ឲ្យ​បោះ​​ត្រា​បោះ​ឆ្នោត​លើ​សន្លឹក​ឆ្នោត​ ដើម្បី​កាត់​បន្ថយ​ចំនួនឆ្នោត​មិន​បាន​ការ​។ ក្នុង​គោលដៅ​ដូច​គ្នា​ដែរ គណបក្ស​ប្រជាជន​កម្ពុជា បាន​ស្នើ​ឲ្យ គជប ពិចារណា​ជ្រើស​យកជម្រើស ឬ​វិធីសាស្ត្រ​ណា​មួយ ដូច​ជា​ប្រើ​ប៊ិច​ដែល​អាច​ចុច​ចេញ​សញ្ញា​ធិច​គាំទ្រ​។ សំណើ​នេះ​ធ្វើ​ឡើង​ដោយ​គណបក្ស​នេះយល់​ថា អាច​ដោះ​ស្រាយ​បញ្ហា​តវ៉ា​រឿង​សន្លឹក​ឆ្នោត​បាន​ការ ឬ​មិន​បាន​ការ​នៅ​ពេល​រាប់​សន្លឹក​ឆ្នោត​បាន​។ ទន្ទឹម​គ្នា​នេះ​ដែរ អង្គការ​អរុណរះ បាន​ស្នើ​សុំ​ឲ្យ គជប ពន្យល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ច្បាស់​លាស់ អំពី​ការ​គូស​សញ្ញា​គាំទ្រ​គណបក្ស​នយោបាយ​នៅ​លើ​សន្លឹក​ឆ្នោត​។

ដោយ​ឡែក ចំពោះ​អង្គការនិកហ្វិច​វិញ បាន​ស្នើ​ឲ្យ​មាន​ការ​បន្ថយ​ចំនួន​សន្លឹកឆ្នោត​បម្រុង​ពី​២០​ភាគរយ មក​ត្រឹម​៥​ភាគរយ​នៃ​ចំនួន​សន្លឹក​ឆ្នោត​ដែល​បាន​បោះ​ពុម្ព។ សម្រាប់​អង្គការ​ក្រៅ​រដ្ឋាភិបាល​នេះ គជប ក៏​ចាំ​បាច់​ត្រូវ​ពន្យល់​បញ្ជាក់​ឲ្យ​បាន​ច្បាស់​លាស់​ផង​ដែរ អំពី​ការ​អនុញ្ញាត​ឲ្យ​អ្នក​បោះ​ឆ្នោត អាច​ឈរ​សង្កេត​មើល​ការ​រាប់​សន្លឹក​ឆ្នោត​នៅ​ការិយាល័យ​រាប់​សន្លឹក​ឆ្នោត​។ ទាក់ទង​នឹង​បញ្ហា​នេះ ភាគី​ជប៉ុន បាន​ស្នើ​​តែ​ម្ដង​ទៅ​កាន់ គជប ថា​ គួរ​អនុញ្ញាត​ឲ្យ​អ្នក​បោះ​ឆ្នោត​អាច​ឈរ​ក្នុង​បរិវេណ​ខាង​ក្នុង​ការិយាល័យ​បោះ​ឆ្នោត សង្កេត​មើល​ការ​រាប់​សន្លឹក​ឆ្នោត ខណៈ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​កាល​ពី​ឆ្នាំ​មុន ​មណ្ឌល​បោះ​ឆ្នោត​ជា​ច្រើន​ត្រូវ​បានបិទ​នៅ​ពេលរាប់​សន្លឹក​ឆ្នោត មិន​អនុញ្ញាត​ឲ្យ​ម្ចាស់ឆ្នោត​ចូល​រួម​សង្កេត​​មើល​ការ​រាប់​សន្លឹក​ឆ្នោត​បាន​ឡើយ​។

បញ្ហាការ​ប្រើ​ប្រាស់​អត្តសញ្ញាណបណ្ណ​សម្រាប់​​បោះ​ឆ្នោត ក៏​ត្រូវ​បាន​លើក​ឡើង​ផង​ដែរ។ ជា​ការ​លើក​ឡើង​របស់​គណបក្សប្រជាជន​កម្ពុជា ដែល​ផ្ដល់​យោបល់​ទៅ​កាន់ គជប ថា គួរ​តែ​ប្រើ​ប្រាស់​អត្តសញ្ញាណបណ្ណ​សញ្ជាតិ​ខ្មែរតែ​មួយ​គត់​ជា​គោល​​សម្រាប់​ការងារ​បោះ​ឆ្នោត​។ ប៉ុន្តែសម្រាប់​​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​វិញ បើ​ទោះ​បី​ជា​​មាន​អត្តសញ្ញាណបណ្ណ​សញ្ជាតិ​ខ្មែរ​ក៏​ដោយ​ ក៏​មិន​គួរ​ត្រូវ​អនុញ្ញាតឲ្យ​បោះ​ឆ្នោត​ដែរ ​ប្រសិន​បើ​ជន​នោះ​ជា​ជន​បរទេស។

គជប បាន​ចាត់​ទុក​អ្វី​ដែល​ភាគី​ពាក់ព័ន្ធ​លើក​ឡើង​ខាង​ដើម​នេះ​ថា ជាធាតុ​ចូល​ដ៏​សំខាន់​។ ប៉ុន្តែ គជប បាន​បញ្ជាក់​ថា ខ្លួន​នឹង​ពិនិត្យ​ពិភាក្សា និង​សម្រេច​ជា​ចុង​ក្រោយ​ម្ដង​ទៀត ចំពោះ​អនុសាសន៍​ដែល​បាន​លើក​ឡើង មុន​នឹង​សម្រេច​ដាក់​ឲ្យ​ប្រើ​ប្រាស់​បទ​បញ្ជា និង​នីតិវិធី​សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ​ជា​ផ្លូវ​ការ​។ យ៉ាង​ណា​ក៏​ដោយ គជប សង្ឃឹម​ថា តាម​រយៈ​អនុសាសន៍​ទាំង​នេះ គជប នឹង​ពិចារណា​កែ​សម្រួល​បន្ថែម ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​បោះ​ឆ្នោតជាតិ​នា​ខែ​កក្កដា​ខាង​មុខ ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹម​ត្រូវ យុត្តិធម៌ និង​មាន​តម្លា​ភាព​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI