សមាជិកក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់គ្រោងយកបញ្ហាពុករលួយ និងដីធ្លី ប្រាប់លោកហ៊ុន សែន
នៅថ្ងៃទី២៨ខែកុម្ភៈខាងមុខនេះ ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ នឹងត្រូវជួបប្រជុំប្រចាំឆមាសជាលើកដំបូង ជាមួយលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន។ ថ្លែងប្រាប់វិទ្យុបារាំងអន្ដរជាតិ RFI នាថ្ងៃអាទិត្យនេះ តំណាងគណបក្សនយោបាយនៅក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានអះអាងថា ខ្លួនគ្រោងលើកយកបញ្ហាពុករលួយជាប្រព័ន្ធ និងបញ្ហាដីធ្លី ទៅប្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងកិច្ចប្រជុំប្រចាំឆមាសរបស់ខ្លួន។
ចុះផ្សាយនៅថ្ងៃ៖
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិថា គណបក្សរបស់លោកនឹងលើកយកបញ្ហាសំខាន់ៗចំនួន៣ ប្រាប់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ បើតាមលោកពេជ្រ ស្រស់ បញ្ហាទាំងនោះរួមមាន៖ ការអនុវត្តការងារនៅថ្នាក់ក្រោមជាតិដែលមិនមានប្រសិទ្ធភាព, បញ្ហាជម្លោះដីធ្លីរបស់ពលរដ្ឋ ដែលអាជ្ញាធរនៅថ្នាក់ក្រោមជាតិមិនព្រមចូលរួមដោះស្រាយ, និងអំពើពុករលួយជាប្រព័ន្ធ។
លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានបញ្ជាក់ថា គណបក្សរបស់លោកគ្រោងនឹងលើកយកបញ្ហាជាច្រើនដាក់ក្នុងកិច្ចប្រជុំប្រចាំឆមាសរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ លោក ម៉ម សូណង់ដូ អះអាងថាបញ្ហាទាំងនោះរូមមាន បញ្ហាជលផល, ជម្លោះដីធ្លី, បញ្ហាអសកម្មរបស់មន្ត្រីរាជការនៅថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ។ បើតាមលោក ម៉ម សូណង់ដូ គណបក្សរបស់លោកក៏មានយុទ្ធសាស្ត្រលុបបំបាត់អំពើពុករលួយត្រៀមប្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែរ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ការិយាល័យអ្នកនាំពាក្យរដ្ឋាភិបាល កិច្ចប្រជុំប្រចាំឆមាស របស់ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលមានវត្តមានរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ចូលរួមដែរនោះ នឹងធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ ក្នុងកិច្ចប្រជុំនោះ ក៏មានវីដេអូផ្ទាល់ (Video Conference) តភ្ជាប់ទៅកាន់ខេត្ត/ក្រុង និងស្ថាប័នសំខាន់ៗដទៃទៀត ក្នុងប្រទេសកម្ពុជាដែរ។
សូមជម្រាបជូនថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវបានបង្កើតឡើង ក្រោយពីការបោះឆ្នោតខែកក្កដា ឆ្នាំ២០១៨ ដែលគណបក្សរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ឈ្នះអាសនៈទាំងអស់នៅក្នុងរដ្ឋសភា។ ការបោះឆ្នោត កាលពីឆ្នាំ២០១៨ ក៏ជាការបោះឆ្នោត ដែលមិនមានវត្តមានគណបក្សសង្រ្គោះជាតិចូលរួមប្រកួតប្រជែងដែរ។
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលមានសមាសភាពពីគណបក្សនយោបាយចំនួន១៦ ក្នុងចំណោមគណបក្សនយោបាយទាំង២០ដែលបានចូលរួមការបោះឆ្នោតឆ្នាំ២០១៨នោះ បានធ្វើការកោះប្រជុំតាមរយៈប្រធានប្រតិភូប្តូរវេនរបស់ខ្លួន បានចំនួន១១លើកមកហើយ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យរដ្ឋាភិបាល កាលពីថ្ងៃទី២១ ខែកុម្ភៈ កិច្ចប្រជុំទាំង១១លើកកន្លងមក បានលើកឡើងជាច្រើនចំណុច ភ្ជាប់ជាមួយនឹងការរិះគន់ក្នុងន័យចូលរួមស្ថាបនាផង។
ចំពោះកិច្ចប្រជុំ ដែលគ្រោងធ្វើឡើងនាថ្ងៃទី២៨ ខែកុម្ភៈ ខាងមុខនេះ ប្រធានគណបក្សដែលជាសមាជិករបស់ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានបង្ហាញក្តីសង្ឃឹមថា រាល់បញ្ហាដែលពួកគេគ្រោងលើកឡើងនឹងត្រូវដោះស្រាយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ