កម្ពុជា-សង្គម

​លោក​ស្រី ហង់ លីណា៖​ការ​ធ្វើ​ជំរឿន​ប្រព្រឹត្ត​ទៅ​មុខ​តាម​ផែន​ការ​តែ​មាន​ឧប​សគ្គ​មួយ​ចំនួន​

រូបភាព៖មន្ត្រីជំរឿននៅថ្ងៃទី២ខែមិនានេះ
រូបភាព៖មន្ត្រីជំរឿននៅថ្ងៃទី២ខែមិនានេះ @kimhong

នៅថ្ងៃចន្ទនេះគឺជាថ្ងៃទី២នៃការ​ធ្វើ​ជំរឿន​ប្រជាជនទូទាំងប្រទេស​លើកទី៣។ រយៈពេល២ថ្ងៃ​មក​នេះ​មន្រ្តី​ជំរឿន​បានឲ្យដឹងថា ការធ្វើជំរឿន​មានដំណើរការទៅមុខ​តាមផែនការ ប៉ុន្តែ​ក៏មានឧបសគ្គមួយចំនួន​កើត​ឡើង​ផងដែរ ខណៈ​ចំនួនប្រជាជនកើនឡើងលើសការរំពឹងទុក។​ ចំនួនប្រជាជនកើនឡើង​គឺ​ធ្វើ​ឲ្យ​តំបន់​មួយចំនួនមិនអាចបញ្ចប់ការ​ធ្វើ​ជំរឿន​ទៅតាមកាលកំណត់រយៈ​ពេល​១១ថ្ងៃបានឡើយ។ 

ផ្សាយពាណិជ្ជកម្ម

អគ្គនាយិកា​វិទ្យាស្ថានជាតិ​ស្ថិតិ លោក​ស្រី ហង់ លីណា បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅថ្ងៃចន្ទថា ដំណើរការ​ធ្វើ​ជំរឿន​មានជួប​ឧបសគ្គខ្លះៗនៅតំបន់​ចំនួន។ តំបន់មួយចំនួនគឺមានប្រជាជន​ច្រើន​លើសពីការ​ស្មានទុក ដែលជាហេតុ​ធ្វើ​ឲ្យ​មន្រ្តី​ជំរឿន​មិនអាច​បញ្ចប់ការ​ងារនេះ​ទៅ​តាម​កាលកំណត់ ពោល​តំបន់​ខ្លះ​អាចនឹង​ត្រូវ​ពន្យាពេលលើសពី១១ថ្ងៃ។ នេះជាការគូសបញ្ជាក់​របស់​លោកស្រី ហង់ លីណា។

ក្រៅពីបញ្ហាទាំងនេះ នៅខេត្តតាកែវ​ គឺមានករណីបុរសម្នាក់​វាយ​មន្រ្តី​ធ្វើ​ជំរឿន​ និង​យកឯកសារធ្វើ​ជំរឿន​ទៅដុត​ចោល ដោយអះអាងថាខ្លួនស្រវឹងស្រា។

ការធ្វើជំរឿនដែលចាប់​ផ្តើម​កាលពីថ្ងៃអាទិត្យនោះ គឺមន្រ្តីជំរឿន​បានជួបសម្ភាសរួចហើយ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន រដ្ឋមន្ត្រីការពារជាតិ លោក ទៀ បាញ់ ខណៈប្រធានរដ្ឋសភា លោក ហេង សំរិន ​ត្រូវជួបសម្ភាសនៅរសៀល​ថ្ងៃចន្ទនេះ និង​ព្រះមហាក្សត្រ​ត្រូវជួបនៅថ្ងៃខាងមុខ។​

យ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃចន្ទនេះ បានអំពាវនាវជាថ្មីម្តងទៀត ដល់ប្រជាពលរដ្ឋទាំងអស់ឲ្យ​ផ្តល់ពេលវេលា និងកិច្ចសហការ ក្នុងការធ្វើជំរឿន ដោយសំអាងថា ការធ្វើជំរឿនគឺជារឿងសំខាន់ក្នុងការសម្រេចចិត្តធ្វើគោលនយោបាយអភិវឌ្ឍជាតិ។

បើតាមប្រមុខរដ្ឋាភិបាល មន្ត្រីធ្វើជំរឿនបានសួរលោកពាក់ព័ន្ធនឹងអាយុរៀបការ ចំនួនកូន ចំនួនរថយន្ត និងចំនួនទូរទស្សន៍នៅក្នុងផ្ទះរបស់លោកសព្វថ្ងៃ។

អគ្គនាយិកា​វិទ្យាស្ថានជាតិ​ស្ថិតិ លោក​ស្រី ហង់ លីណា បានបញ្ជាក់ថា រាល់ព័ត៌មាន​ដែល​ពលរដ្ឋ​ផ្តល់​ឲ្យ​មន្រ្តីធ្វើ​ជំរឿន​នឹង​ត្រូវ​រក្សាទុកជាការ​សម្ងាត់ ពោល​ការ​ធ្វើ​ជំរឿន១០ឆ្នាំម្តងនេះ ​គឺដើម្បី​រាប់ចំនួន​ប្រជាជន​ជាក់​ស្តែង​ និង​ធនធានដែល​កំពុងមាន​ សម្រាប់​ធ្វើ​ផែន​ការ​អភិវឌ្ឍ​ជាតិ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI