កម្ពុជា-តុលាការ

តុលាការ​កំពូល​នឹង​ប្រកាស​សាលដីកា​រឿង​ជេរ​ប្រមាថ​អាជ្ញាធរ​របស់​ស្រ្តី​បឹង​កក់​បួននាក់​​នៅ​ថ្ងៃ​ទី​៨ ធ្នូ

អ្នក​ស្រី​ទេព វន្នី សកម្មជន​ដី​ធ្លី
អ្នក​ស្រី​ទេព វន្នី សកម្មជន​ដី​ធ្លី @សហការី

តុលាការ​កំពូល​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ បាន​បើក​សវនាការ​សួរ​ដេញ​ដោល​លើ​សកម្មជន​ដី​ធ្លី​បឹង​កក់​ចំនួន​៤​នាក់​ជុំវិញ​ដំណើរ​រឿង​ជេរ​ប្រមាថ​មន្រ្តី​រាជការ​សាធារណៈ​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ​កាល​ពី​ឆ្នាំ​២០១១​កន្លង​ទៅ។ បន្ទាប់​ពី​ចំណាយ​ពេល​ប្រមាណ​ជាង​ពីរ​ម៉ោង​នៅ​ព្រឹក​នេះ ចៅក្រម​តុលាការ​កំពូល​បាន​សម្រេច​ថា នឹង​ប្រកាស​សាលដីកា​នៅ​ថ្ងៃ​ទី​៨ ខែ​ធ្នូ​ខាង​មុខ​នេះ។

ផ្សាយពាណិជ្ជកម្ម

សវនាការ​របស់​តុលាការ​កំពូល​នៅ​ថ្ងៃ​នេះ គឺ​ធ្វើ​ឡើង​តាម​បណ្តឹង​សារ​ទុក្ខ​របស់​ក្រុម​សកម្មជន​ដី​ធ្លី​តំបន់​បឹង​កក់​ទាំង​បួន​នាក់ គឺ​អ្នក​ស្រី​ទេព វន្នី អ្នក​ស្រី​បូ ឆវី អ្នក​ស្រី​គង់ ចាន់ថា និង​អ្នក​ស្រី​ហេង មុំ ដែល​ជំទាស់​នឹង​ការ​សម្រេច​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នា​ពេល​កន្លង​មក​ដែល​ផ្តន្ទា​ទោស​ឲ្យ​ពួក​គេ​ជាប់​ពន្ធនាគារ​៦​ខែ។ ទោស ៦ ខែ​នេះ គឺ​ក្រោម​បទ​ប្រកាន់​ប្រមាថ​អ្នក​រាជការ​សាធារណៈ និង​ប្រឆាំង​អ្នក​រាជការ​សាធារណៈ​មាន​ស្ថាន​ទម្ងន់​ទោស។

សូម​បញ្ជាក់​ថា កាល​ពី​ចុង​ខែ​វិច្ឆិកា​ឆ្នាំ​២០១១ ក្រុម​អ្នក​ភូមិ​បឹង​កក់​ដែល​ជា​តំបន់​រ៉ាំរ៉ៃ​ដោយ​ជម្លោះ​ដី​ធ្លី​នា​ពេល​នោះ បាន​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​ធ្វើ​ការ​តវ៉ា​ស្វែង​រក​ដំណោះ​ស្រាយ​នៅ​ពី​មុខ​សាលា​រាជធានី​ភ្នំពេញ។ នៅ​ពេល​នោះ ស្រ្តី​បួន​នាក់​ខាង​លើ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ដោយ​ចោទ​ថា បាន​ជេរ​ប្រមាថ​មន្រ្តី​រាជការ​សាធារណៈ ហើយ​តុលាការ​ក្រុង​ភ្នំពេញ​បាន​សម្រេច​ផ្តន្ទា​ទោស​ពួក​គេ​រយៈ​ពេល​៦​ខែ​នៅ​ក្នុង​ពន្ធនាគារ។​ ប៉ុន្តែ​ពួក​គេ​បាន​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ ហើយ​បន្ត​ប្តឹង​ជំទាស់​រហូត​មក​ដល់​តុលាការ​កំពូល​នៅ​ថ្ងៃ​នេះ ដើម្បី​ឲ្យ​ទម្លាក់​បទ​ចោទ​ប្រកាន់​មក​លើ​ពូក​គេ។

អ្នក​ស្រី​បូ ឆវី អ្នក​ភូមិ​បឹង​កក់​ម្នាក់​ក្នុង​ចំណោម​បួន​នាក់​នោះ បាន​អះ​អាង​ថា ពួក​គេ​មិន​បាន​ជេរ​ប្រមាថ​មន្រ្តី​រាជការ​សាធារណៈ​ដូច​ការ​ចោទ​ប្រកាន់​របស់​អាជ្ញាធរ និង​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នោះ​ទេ។ តាម​អ្នក​ស្រី​បូ ឆវី នៅ​ពេល​នោះ គឺ​ពួក​គេ​បាន​ទៅ​តវ៉ា ដើម្បី​តែ​ស្វែង​រក​ដំណោះ​ស្រាយ​បញ្ហា​ដី​ធ្លី​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។ ដោយ​អះ​អាង​ថា​ខ្លួន​គ្មាន​កំហុស​និង​ត្រូវ​តុលាការ​ជាន់​ទាប​កាត់​ទោស​ទាំង​អយុត្តិធម៌​នោះ អ្នក​ស្រី​បូ ឆវី បាន​ស្នើ​ឲ្យ​តុលាការ​កំពូល​ទាត់​ចោល​ការ​សម្រេច​ផ្តន្ទា​ទោស និង​ការ​តម្តល់​ទោស​របស់​តុលាការ​ក្រុង​ភ្នំពេញ និង​សាលា​ឧទ្ធរណ៍ ដើម្បី​ឲ្យ​ពួក​គេ​មាន​សេរីភាព​ពេញ​លេញ​ឡើង​វិញ។

សូម​កត់​សម្គាល់​ថា នៅ​ក្នុង​សំណុំ​រឿង​ចាស់​ឆ្នាំ​នេះ ក៏​មាន​អ្នក​ស្រី​ទេព វន្នី សកម្មជន​ដី​ធ្លី​តំបន់​បឹង​កក់​ដ៏​លេចធ្លោ​ម្នាក់​ផង​ដែរ។ បច្ចុប្បន្ន អ្នក​ស្រី​ទេព វន្នី កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស បន្ទាប់​ពី​តុលាការ​បាន​ផ្តន្ទា​ទោស​​រយៈ​ពេល​២​ឆ្នាំ​៦​ខែ ​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ក្បែរ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន កាល​ពី​ឆ្នាំ​២០១៣​កន្លង​ទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI