គណៈកម្មាធិការកណ្តាលបក្សកាន់អំណាចបើកកិច្ចប្រជុំ ពង្រឹងប្រជាប្រិយភាព ខណៈដែលកំណែទម្រង់នៅមានកម្រិត
ចុះផ្សាយនៅថ្ងៃ៖
គណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា នឹងបើកកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃទី១៧ និងទី ១៨ ធ្នូខាងមុខនេះនៅមជ្ឈមណ្ឌលកោះពេជ្រ ដែលមានសមាជិកប្រមាណ៤០០នាក់។ របៀបវារៈសំខាន់ៗយ៉ាងហោច ៤ចំណុចត្រូវបានលើកឡើង និងពិនិត្យមើលការប្រតិបត្តិនាពេលកន្លងមក។ អ្នកវិភាគសង្គមមើលឃើញថា កិច្ចការកំណែទម្រង់មួយចំនួននៅមានកម្រិតមិនទាន់សមចិត្តនឹងការចង់បានពីពលរដ្ឋនៅឡើយ។
មានចំណុចសំខាន់យ៉ាងហោចចំនួន ៤ ដែលគណបក្សកាន់អំណាចនឹងលើកយកពិភាក្សា និងត្រួតពិនិត្យក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្តាលគណបក្សលើកទី ៤០ នៅចុងសប្តាហ៍នេះ។ ចំណុចសំខាន់ទាំងនោះរួមមាន ការទប់ស្កាត់ការរំលោភបំពានពីអ្នកមានអំណាចក្នុងសង្គម ការទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ ការដាក់បញ្ចូលក្រុមយុវជនចូលក្នុងជួរមន្ត្រីរាជការពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើ និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីដោះស្រាយបញ្ហាសង្គម រួមទាំងចំណុចមួយចំនួនបន្ថែមទៀត។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្ស បានបញ្ជាក់ថា កិច្ចប្រជុំដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ដែលជាប្រធានបក្ស នឹងពិនិត្យលើបញ្ហាទាំងអស់នេះ ដើម្បីឈានដល់ការលុបបំបាត់ និងការទប់ស្កាត់បាតុភាពទាំងឡាយ ដើម្បីរក្សាប្រជាប្រិយភាពរបស់រដ្ឋាភិបាល ដែលជាបក្សកាន់អំណាច។ តែយ៉ាងណាក៏ដោយ លោកបណ្ឌិតមាស នី អ្នកតាមដានសង្គមកម្ពុជា បានមើលឃើញថាកំណែទម្រង់រដ្ឋាភិបាលនៃបក្សកាន់អំណាចនៅមានកម្រិត និងនៅមិនទាន់មានប្រសិទ្ធភាពនៅឡើយទេ។
លោកបានលើកឡើងថា អយុត្តិធម៌សង្គមនៅតែកើតមានចេញពីកណ្តាប់ដៃក្រុមអ្នកមានអំណាចក្នុងជួររដ្ឋាភិបាល ឬសាច់ញាតិអសេដ្ឋីគ្រាក់ៗមួយចំនួន ការអភិវឌ្ឍនៅមិនទាន់ផ្តល់ផ្លែផ្កាគ្រប់គ្រាន់ដល់ពលរដ្ឋក្រីក្រ ហើយបញ្ហាការទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិនៅមិនទាន់បានបិទបញ្ចប់ ១០០%នៅឡើយទេ។ លោកបណ្ឌិត ដែលសិក្សាលើបញ្ហាសង្គមរូបនេះ មិនបដិសេធឡើយការរីកចម្រើន និងកិច្ចការកំណែទម្រង់មួយចំនួនដូចជាការដកដីសម្បទានដែលធ្វើឡើងដោយក្រសួងបរិស្ថាន កិច្ចការសាធារណៈរបស់ក្រសួងសាធារណការ និងកិច្ចការអប់រំរបស់ក្រសួងអប់រំជាដើម។
គណបក្សប្រជាជនកម្ពុជា បានឆ្លើយតបថា កិច្ចការកំណែទម្រង់ដែលនៅមិនទាន់មានលទ្ធផលនឹងត្រូវបង្ខំដាក់ទំងន់ឱ្យកែប្រែ ដើម្បីឱ្យបក្សអាចត្រៀមខ្លួនរួចរាល់សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ ២០១៧ខាងមុខ។ យ៉ាងណាក៏ដោយអ្នកវិភាគលោកបណ្ឌិតមាស នី ក៏បានកត់សម្គាល់ដែរថា ជម្លោះនយោបាយរវាងបក្សកាន់អំណាច និងបក្សប្រឆាំងនាពេលកន្លងទៅក៏បានធ្វើឱ្យប៉ះពាល់ប្រជាប្រិយភាពរបស់គណបក្សកាន់អំណាចមួយនេះផងដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ