សន្និបាតបក្សកាន់អំណាចបិទបញ្ចប់ដោយការប្ដេជ្ញាចិត្តរក្សាវប្បធម៌សន្ទនា
ចុះផ្សាយនៅថ្ងៃ៖
សន្និបាតគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាលើកទី៤០បានបិទបញ្ចប់ហើយនៅល្ងាចថ្ងៃអាទិត្យនេះ។ សន្និបាតពីរថ្ងៃកន្លងមកនេះគណបក្សប្រជាជនកម្ពុជាសម្រេចបានលទ្ធផលផ្លែផ្កា១២ចំណុច។ ក្នុងនោះគណបក្សប្រជាជនប្ដេជ្ញារក្សាជំហរស្មោះសរម៉ឺងម៉ាត់ក្នុងការអនុវត្តវប្បធម៌សន្ទនាជាមួយគណបក្សដែលមានអាសនៈក្នុងរដ្ឋសភា។ និងបានប្រកាសពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការសង្គមស៊ីវិលទៀតផង។
បន្ថែមពីលើការប្ដេជ្ញាចិត្តបន្តរក្សាអនុវត្តវប្បធម៌សន្ទនាជាមួយគណបក្សដែលមានអាសនៈនៅក្នុងរដ្ឋសភារួចហើយគណបក្សប្រជាជនកម្ពុជាអំពាវនាវដល់ប្រជាជនកម្ពុជាទាំងមូលរួមសាមគ្គីជាធ្លុងមួយនៅក្រោមដំបូលនៃរដ្ឋធម្មនុញ្ញ។ គណបក្សប្រជាជនកម្ពុជាក៏បានអះអាងថា នឹងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្ដាគណបក្ស អង្គការសង្គមស៊ីវិល និងគ្រប់មជ្ឈដ្ឋានផ្សេទៀត។
តាមរយៈសន្និបាតពេលពីរថ្ងៃមកនេះ គណបក្សប្រជាជនកម្ពុជាបានបង្ហាញពីសមិទ្ធផលដទៃទៀតដែលខ្លួនសម្រេចបាននាពេលកន្លងមកដូចជាៈ ជំរុញឲ្យដំណើរការចុះឈ្មោះបោះឆ្នោតសម្រេចបានលទ្ធផលយ៉ាងធំធេងនិងទទួលបានការគាំទ្រពីមតិជាតិនិងអន្តរជាតិ។
គណបក្សប្រជាជនក៏បានបង្ហាញពីមោទនភាពនៃកំណើនសេដ្ឋកិច្ចដែលខ្លួនរក្សាបានក្នុងរង្វង់៧ភាគរយក្នុងមួយឆ្នាំ។ គណបក្សប្រជាជនបានកត់សម្គាល់ថា តាមរយៈកំណើនសេដ្ឋកិច្ចបានចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជារួមមានៈមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ និយោជិត។
ជាដំណោះស្រាយនាពេលខាងមុខគណបក្សប្រជាជនអះអាងថា នឹងខិតខំរកទីផ្សារកសិផលជូនពលរដ្ឋ។ បន្តបែងចែកដីធ្លីតាមរយៈការអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ច។ លុបការបង់ភាស៊ីនិងការបង់ថ្លៃផ្សេងៗទៀតដល់ពលរដ្ឋលក់ដូរនៅទូទាំងប្រទេស។ បន្តអនុវត្តការតភ្ជាប់បណ្ដាញអគ្គិសនីនៅជនបទ និង បន្តគិតគូរជំរុញដំឡើងបៀវត្សជូនមន្ត្រីរាជការជាដើម។ សូមបញ្ជាក់ថា សន្និបាតគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាលើកទី៤០នេះមានសមាសភាពចូលរួមសរុបជាង១ពាន់នាក់។
តែយ៉ាងណាមិញនៅក្នុងសេចក្ដីថ្លែងចំនួន៤ទំព័រដែលបង្ហាញពីលទ្ធផលនៃសន្និបាតនេះគណបក្សប្រជាជនមិនបានលើកឡើងពីបញ្ហាប្រឈមដែលកំពុងតែកើតមាននោះទេរួមមានៈ ដំណោះស្រាយលើប្រព័ន្ធយុត្តិធម៌ ទំនាស់ដីធ្លី ឬ វិស័យសុខាភិបាលឡើយ។ ដែលបញ្ហាទាំងនេះសម្រាប់អ្នកតាមដានការអភិវឌ្ឍន៍សង្គមចង់ឲ្យគណបក្សប្រជាជនកម្ពុជាកំពុងដឹកនាំរដ្ឋាភិបាលដោះស្រាយឲ្យខាងតែបានដើម្បីស្ដារសន្លឹកឆ្នោតដែលបានបាត់បង់កាលពីឆ្នាំ២០១៣ត្រឡប់មកវិញ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ