ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ក្ដី​សង្ឃឹម​របស់​បក្ស​ប្រជាជន​កំពុង​ដើរ​ផ្ទុយ​ពី​ការពិត​ឬ?

សំឡេង ០៤:៣១
រូបភាពតំណាង៖​​សន្និបាត​គណៈ​កម្មាធិ​ការ​​កណ្តាល​លើក​ទី​៤០​នៅព្រឹកថ្ងៃទី១៧ខែធ្នូឆ្នាំ២០១៧
រូបភាពតំណាង៖​​សន្និបាត​គណៈ​កម្មាធិ​ការ​​កណ្តាល​លើក​ទី​៤០​នៅព្រឹកថ្ងៃទី១៧ខែធ្នូឆ្នាំ២០១៧

ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ គណបក្ស​ប្រជាជន​បាន​ជួបជុំ​សមាជិក​របស់​ខ្លួន​នៅ​ក្នុង​​សន្និបាត​គណៈកម្មាធិការ​កណ្ដាល​រយៈ​ពេល​២​ថ្ងៃ​ពេញ​។ នៅ​ក្នុង​សន្និបាត​នេះ ទាំង​ថ្នាក់​ដឹក​នាំ​និងសមាជិក​គណបក្ស​កាន់​អំណាច​បាន​បង្ហាញ​ពី​ក្ដី​សង្ឃឹម​ថា ខ្លួន​នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋនៅ​ក្នុង​ការ​បោះ​ឆ្នោត​ក្រោយ​ៗ ដើម្បី​ឈាន​ទៅ​ដឹក​នាំ​ប្រទេសបន្ត​ទៀត​​។ នេះ​គឺ​ជា​ក្ដី​សង្ឃឹម​របស់​គណបក្ស​កាន់​អំណាច​។ ប៉ុន្តែ​ក្នុង​ស្ថានភាព​ជាក់​ស្ដែង ប្រជាប្រិយភាព​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​វ័យ​៦៥​ឆ្នាំ​នេះ បាន​ធ្លាក់​ចុះ​បន្តិច​ហើយ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ចុង​ក្រោយ កាល​ពី​ឆ្នាំ​២០១៣​កន្លង​ទៅ​។ តើ​ក្ដី​សង្ឃឹម​របស់​បក្ស​ប្រជាជន កំពុង​ដើរ​ផ្ទុយ​ពី​ការ​ពិត​ឬ? តើ​គណបក្ស​ប្រជាជនត្រូវ​ធ្វើ​អ្វី​ដើម្បី​ទាក់ទាញ​ការ​គាំទ្រ​ត្រឡប់​មក​វិញ​?

ផ្សាយពាណិជ្ជកម្ម

៦៥​ឆ្នាំ​កន្លង​ទៅ​នេះ គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​ឈ្មោះ​ដើម​ថា គណបក្ស​ប្រជាជន​បដិវត្តន៍កម្ពុជា បាន​ចូល​ប្រឡូក​យ៉ាង​ខ្លាំង​ក្លា នៅ​ក្នុង​សកម្មភាព​រំដោះ​ប្រទេស ទាំង​ចេញ​ពី​នឹម​អាណានិគម​និយម​បារាំង និង​របប​អាវ​ខ្មៅ​ប៉ុលពត​។ នេះ​ជា​សច្ចភាព​ដែល​គ្មាន​នរណា​អាច​ប្រកែក​បាន​ឡើយ​។ បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩៥១ គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​គេ​ចាត់​ទុក ឬ​ចាត់​ទុក​ខ្លួន​ឯង​ថា ជា​គណបក្ស​ចំណាស់​ជាង​គេ​មួយ ដែល​មាន​បទ​ពិសោធន៍​រឹង​មាំ​ក្នុង​ការ​ដឹក​នាំ​ប្រទេស​។ គណបក្ស​នេះ មាន​បណ្ដាញ​បក្ស​ក៏​ដូច​ជា​បណ្ដាញ​ផ្នែក​រដ្ឋបាល​តាំង​ពី​ថ្នាក់​លើ​ដល់​ថ្នាក់​ក្រោម​។ បណ្ដាញ​រឹង​មាំ ថវិកា​សម្បូរ​បែប និងអំណាច​ពេញ​ដៃ គឺ​ជា​អំណោយផល​ដល់​ការ​យក​ប្រៀប​ទៅ​លើ​គូ​ប្រជែង​​។

បន្ទាប់​ពី​ឈ្នះ​ឆ្នោត​ភ្លូក​ទឹក​ភ្លូក​ដី​កាល​ពី​ឆ្នាំ​២០០៨​ទទួល​បាន​៩០​អាសនៈ ឥទ្ធិពល​និង​ប្រជាប្រិយភាពនៃ​​គណបក្ស​ប្រជាជន​បាន​ស្រុត​ចុះ​វិញ ដោយ​គណបក្ស​នេះ បាត់បង់​អាសនៈ​ចំនួន​២២​ទៅ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣​។ តាម​រយៈ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ចុង​ក្រោយ​នេះ រដ្ឋាភិបាល​​មក​ពី​គណបក្ស​ប្រជាជន​បាន​រុះ​រើ​គណៈរដ្ឋ​មន្ដ្រី​ទ្រង់​ទ្រាយ​ធំ និង​បាន​ដាក់​ចេញ​នូវ​ផែនការ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​លើ​គ្រប់​វិស័យ ដើម្បី​ស្ដារ​ប្រជាប្រិយភាព​ឡើង​វិញ​។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ រហូត​មក​ទល់​ពេល​នេះ កំណែ​ទម្រង់​ដែល​បាន​ដាក់​ចេញ​រួច​ហើយ មាន​តិច​ណាស់​ដែល​ធ្វើ​ដំណើរ​ទៅ​មុខ ខណៈ​កំណែ​ទម្រង់​ក្នុង​វិស័យ​ខ្លះ​ទៀត ​ហាក់​មាន​ល្បឿន​​យឺត​យ៉ាវ​។ មួយ​ចំនួន​ទៀត មិន​មាន​កំណែ​ទម្រង់​សោះ​តែ​ម្ដង។
មាន​ឧបសគ្គ​មួយ​ចំនួន ដែល​ធ្វើ​ឲ្យ​កំណែ​ទម្រង់​របស់​រដ្ឋាភិបាល​មក​ពី​គណបក្ស​ប្រជាជន មិន​អាច​ធ្វើ​ដំណើរ​ទៅ​មុខ​បាន​លឿន ឬ​មិន​មាន​កំណែ​ទម្រង់​សោះ​តែ​ម្ដង​៖

ដំបូង​៖ ​ដោយ​សារ​តែ​កំណែ​ទម្រង់​នោះ ដាក់​ចេញ​មិន​ចំ​ទិស​ដៅ។ ឬ​និយាយ​ឲ្យ​ស្រួល​ស្ដាប់​គឺ គណបក្ស​កាន់​អំណាច​ដែល​គ្រប់​គ្រង​រដ្ឋាភិបាល អេះ​មិន​ចំ​កន្លែង​រមាស់​។ សង្គម​កម្ពុជា​ជួប​បញ្ហា​ជា​ច្រើន ប៉ុន្តែ​គួរ​ឲ្យ​សោក​ស្ដាយ រដ្ឋាភិបាល​គណបក្ស​កាន់​អំណាច ពេល​ខ្លះ មិន​ទទួល​ស្គាល់​បញ្ហា​ទាំង​នោះ​ទេ​។ មិន​ទទួល​ស្គាល់​ព្រោះ​ទី​១ រដ្ឋ​មិន​យល់​ថា វា​ជា​បញ្ហា​។ និង​ទី​២ មិន​ទទួល​ស្គាល់​ព្រោះ​ខ្លាច​បាក់​មុខ​។ ការ​មិន​ទទួល​ស្គាល់​បញ្ហា ធ្វើ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​កំណែ​ទម្រង់​និង​ដោះ​ស្រាយ​មិន​ចំ​បញ្ហា ឬ​ដោះ​ស្រាយ​មិន​បាន​ស៊ី​ជម្រៅ​ដល់​ឫស​គល់​ពិត​ប្រាកដ​នៃ​បញ្ហា។

ក្រៅ​ពី​នេះ មន្ត្រី​មួយ​ចំនួន​នៃ​គណបក្ស​កាន់​អំណាច ​មាន​ទម្លាប់​គិតតែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន ​ធំ​ជាង​​ប្រយោជន៍​បក្ស​និង​ប្រយោជន៍​ជាតិ។ មាន​មន្ត្រី​ជាច្រើន​ប្រើប្រាស់​តួនាទី​របស់ខ្លួន​ដើម្បី​ស្វែង​រក​លាភសក្ការៈឲ្យ​​គ្រួសារ​របស់ខ្លួន​តាម​គ្រ​ប់​លទ្ធភាព​ដោយ ​មិន​ខ្វល់ខ្វាយ​ពី​រូបភាព​អវិជ្ជមាន​ដល់​គណបក្ស​និង​ដល់​ប្រទេសជាតិ​ឡើយ។ អ៊ីចឹង​ហើយ​បានជា​នៅ​កម្ពុជា មន្ត្រី​ដែល​ធ្វើការ​ចំ​កន្លែង​លុយ​តែង​បង្ហាញ​ទ្រព្យសម្បត្តិ​របស់ខ្លួន​ យ៉ាង​សម្ញែង​និង​យ៉ាង​ឆាប់រហ័ស​ដោយ​មិន​ខ្វល់​ពី​ភ្នែក​អ្នកជិតខាង​ឬ​កូនចៅ​ ក្រោមបង្គាប់​ឡើយ។ បញ្ហា​នេះ​ជះ​រូបភាព​អាក្រក់​ខ្លាំងណាស់​ចំពោះ​គណបក្ស​កាន់​អំណាច និយាយ​ដោយឡែក និងចំពោះ មុខ​មាត់​ប្រទេស​ទាំងមូល​និយាយ​ជារួម។

ដោយ​ឡែក អំពើ​ពុក​រលួយ​ ក៏​បាន​ពន្យឺត​ឬ​បង្អាក់​ដំណើរ​កំណែ​ទម្រង់​ផង​ដែរ​។ រដ្ឋាភិបាល​គណបក្ស​កាន់​អំណាច​បាន​ទទួល​ស្គាល់​ខ្លួន​​ឯង​ថា មាន​អំពើ​ពុក​រលួយ​ក្នុង​កម្រិត​មួយ និង​បាន​បង្ហាញ​ពី​ឆន្ទៈរបស់​ខ្លួនក្នុង​ការ​លុប​បំបាត់​អំពើ​ពុក​រលួយ​នេះ​។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ របាយការណ៍​នានា​ពី​អង្គការ​សង្គម​ស៊ីវិល ដែល​បង្ហាញ​ពី​អំពើ​ពុក​រលួយ​ស៊ីរូង​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល ជា​រឿយ​ៗ​ត្រូវ​បាន​បដិសេធ​ចោល​។ អំពើ​ពុក​រលួយ​បាន​បង្កើត​បញ្ហា​ចាក់​ស្រែះ​យ៉ាង​ច្រើន​នៅ​ក្នុង​សង្គម​។ អំពើ​ពុក​រលួយ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខក​ចិត្ត អស់​ជំនឿ ឬ​អាក្រក់​ជាង​នេះ គឺ​ស្អប់​រដ្ឋាភិបាល​តែ​ម្ដង​។ អំពើ​ពុក​រលួយ ក៏រួម​ចំណែក​​ធ្វើ​ឲ្យ​រដ្ឋ​ខាត​បង់​ថវិកា​ដែរ ដោយ​ពេល​ខ្លះ រដ្ឋ​ត្រូវ​ចំណាយ​ច្រើន ប៉ុន្តែ​បាន​ទទួល​ផល​មក​វិញ​តិច​ជា​ដើម​។ 

សម្រាប់​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា កំណែ​ទម្រង់​ គឺ​ជារឿង​ស្លាប់​រស់​ដែល​ត្រូវ​តែ​សម្រេច​ឲ្យ​បាន ប្រសិន​បើ​គណបក្ស​នេះ នៅ​តែ​ចង់​ទាញ​យក​ការ​គាំទ្រ​និង​ការ​ជឿ​ជាក់​ពី​ប្រជាពលរដ្ឋ​ត្រឡប់​មក​វិញ​។ ហើយ​ដើម្បី​ឲ្យ​កំណែ​ទម្រង់​ពិត​ប្រាកដ​អាច​សម្រេច​ទៅ​បាន វា​ត្រូវ​ការ​ឆន្ទៈ និង​ការ​លះ​បង់​ពី​សំណាក់​ថ្នាក់​ដឹក​នាំ និង​មន្ដ្រី​ថ្នាក់​ក្រោម​គ្រប់​លំដាប់​ថ្នាក់​ទាំង​អស់​។ ល្បែង​នយោបាយ​ណាមួយ​ដែល​មិន​ចាំ​បាច់ ជា​ពិសេស​ជាមួយ​គណបក្ស​ប្រឆាំង គណបក្ស​កាន់​អំណាច​​មិន​គួរ​បន្ត​ប្រថុយ​លេង​ត​ទៅ​ទៀត​ទេ​ ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI